មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកំពង់ស្ពឺ បណ្តោយ​ឲ្យ​អាជីវកម្ម​បូម​ខ្សាច់​តាម​ស្ទឹង ធ្វើ​សកម្មភាព​យ៉ាង​អានា​ធិបតេយ្យ

មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកំពង់ស្ពឺ បណ្តោយ​ឲ្យ​អាជីវកម្ម​បូម​ខ្សាច់​តាម​ស្ទឹង ធ្វើ​សកម្មភាព​យ៉ាង​អានា​ធិបតេយ្យ



​កំពង់ស្ពឺ ៖ តាម​បណ្ដោយ​ស្ទឹង​ជាច្រើន​កន្លែង ក្នុង​ខេត្តកំពង់ស្ពឺ ប្រែក្លាយ​ទៅជា​ទីតាំង​ឈ្មួញ​ កំពុង​ដា​ក់​ម៉ាស៊ីន​បូម​ខ្សាច់ និង​បាន​បំផ្លាញ​បរិស្ថាន​ដី និង​ទឹក​ប្រែ​ទៅជា​កខ្វក់​បណ្ដាល​ឲ្យ​មាន​ការ​បាក់​ដី ហើ​យ​មិនឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​រ៉ែ និង​ថាមពល មាន​វិធានការណ៍​ណាមួយ ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ​។

​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ខ្យា ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា បច្ចុប្បន្ន​ដោយសារតែ​អាជីវកម្ម​ បូម​ខ្សាច់​គ្មាន​ច្បាប់​នេះ ធ្វើ​ឲ្យ​​ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​ទឹក​តាម​មាត់​ស្ទឹង ដែល​ពួកគាត់​តែងតែ​ប្រើប្រាស់​ ប្រែ​ក្លាយ​ជា​កខ្វក់ ហើយ​បាក់​ដី​តាម​មាត់​ស្ទឹង​ អាច​បង្ក​ឲ្យ​ខូចខាត​ដល់​ដីស្រែ​ចម្ការ​ ភូមិដ្ឋាន​របស់​ពួកគាត់​ទៀត​ផង​។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បន្ត​ទៀត​ថា មិន​គួរ​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ បណ្ដែតបណ្តោយ​ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​ឡើយ ឃើញ​តែ​បណ្តែតបណ្តោយ​ឲ្យ ​អាជីវកម្ម​បូម​ខ្សាច់​នេះ កើតឡើង​រីក​ដាល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​បូម​ខ្សាច់ តាម​មាត់​ស្ទឹង​យ៉ាង​រលូន​បែបនេះ សម្រាប់​ម៉ាស៊ីន​ខ្នាត​តូច ម្ចាស់​អាជីវកម្ម​ត្រូវ​បង់​ឲ្យ​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ចំនួន​១០០​ដុល្លារ សម្រាប់​១​កន្លែង​ក្នុង​១​ខែ ដោយឡែក​ម៉ាស៊ីន ខ្នាត​ធំ​វិញ​ត្រូវ​បង់​លើស​ពី​នេះ។

ខណៈ​ពេល​ដែល​ជួប​ជាមួយ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់ តាម​មាត់​ស្ទឹង​ផ្ទាល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួកគាត់​អាច​បូម​ខ្សាច់​បាន​១​ឡាន​បែន​កូ​រ៉ែ ប្រើ​រយៈពេល​តែ​២០​នាទី​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃៗ​ពួកគាត់ អាច​បូម​ល​ក់​បាន​រាប់​សិប​ឡាន។ ជុំវិញ​ករណីនេះ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦​នេះ អ្នកសារព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​បាន​នៅឡើយ​ទេ​។ នៅ​ពេល​ដែល​ទូរស័ព្ទ​ទៅ​ លោក ម៉ី ជឺ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកំពង់ស្ពឺ លោក​ឆ្លើយតប​ថា កំពុង​ជាប់រវល់​ប្រជុំ​ជាមួយ​អភិបាលខេត្ត​មិន​អា​ច​បំភ្លឺ​ពេលនេះ​បាន ព្រោះ​មាន​ឯកសារ​ពាក់ព័ន្ធ​ជាច្រើន​៕

មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកំពង់ស្ពឺ បណ្តោយ​ឲ្យ​អាជីវកម្ម​បូម​ខ្សាច់​តាម​ស្ទឹង ធ្វើ​សកម្មភាព​យ៉ាង​អានា​ធិបតេយ្យ