កម្ពុជា រំពឹងរកបានពិន្ទុពេលជួបក្រុមឆាយនីសតៃប៉ិ នៅក្រៅទឹកដី

ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរដោយយន្តហោះទៅកាន់ដែនកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីប្រកួតជម្រុះជាបឋមពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ជើងទី១ជាមួយក្រុមឆាយនីសតៃប៉ិ នៅទីលាន Kaohsiung National Stadium នាល្ងាចម៉ោង៦ ថ្ងៃព្រហស្បតិ៍ ខាងមុខនេះ មុនពេលក្រុមតំណាងឲ្យកម្ពុជាមួយនេះ ត្រូវស្វាគមន៍ក្រុមឆាយនីសតៃប៉ិ វិញនៅថ្ងៃទី៧ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។
khmer..

បើទោះបីជាការប្រកួតផ្លូវការខាងមុខនេះ នឹងត្រូវប្រឈមនៅការលំបាក ខណៈក្រុមម្ចាស់ផ្ទះ ឆាយនីសតៃប៉ិ កំពុងមានការរីកចម្រើន ប៉ុន្តែទាំងគ្រូបង្វឹក និងកីឡាករនៃក្រុមជម្រើសជាតិកម្ពុជា នៅតែមានការជឿជាក់ ក្នុងការរកបានពិន្ទុ សម្រាប់ការប្រកួតក្រៅទឹកដីនេះ ព្រោះជម្រើសជាតិកម្ពុជា ធ្លាប់បានយកឈ្នះក្រុមឆាយនីសតៃប៉ិ ២-០ ក្នុងការប្រកួតមិត្តភាព កាលពីឆ្នាំ២០១៤ម្តងហើយ។

khmer.16

លោក Lee Tae Hoon គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមុនពេលឡើងយន្តហោះ កាលពីថ្ងៃអង្គារ ម្សិលមិញថា៖«ពិតណាស់យើងធ្លាប់ឈ្នះក្រុមឆាយនីសតៃប៉ិ ២-០ នៅតៃប៉ិ កាលពីឆ្នាំ២០១៤ តែនោះគ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ រីឯការប្រកួតផ្លូវការលើកនេះ យើងអាចនឹងជួបការលំបាក ព្រោះក្រុមតៃប៉ិ នៅពេលនេះមានការរីកចម្រើនជាង២ឆ្នាំមុន ហើយម្យ៉ាងទៀតយើងត្រូវលេងនៅលើទឹកដីរបស់គេទៀត ហេតុនេះពួកគេត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះយើងលើកនេះ»។

ប៉ុន្តែលោកបានបញ្ជាក់ថា៖«យ៉ាងណាក៏ដោយ យើងសង្ឃឹមថា យើងនឹងរកបានពិន្ទុក្នុងការប្រកួតលើកនេះ។ យើងនឹងពង្រឹងនៅតំបន់ការពារ ហើយបើយើងការពារបានល្អហើយគឺយើងនឹងវាយបកឲ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីរកគ្រាប់បាល់។ ខ្ញុំជឿជាក់ថា កូនក្រុមរបស់ខ្ញុំអាចធ្វើបាន បើសិនជាពួកគេប្រមូលអារម្មណ៍បានល្អ មានស្មារតីក្នុងការប្រកួត ព្រោះតាមការសង្កេតរបស់ខ្ញុំ គឺរយៈពេល២ឆ្នាំកន្លងមកនេះ ក្រុមជម្រើសជាតិកម្ពុជា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ មិនចាញ់ក្រុមឆាយនីសតៃប៉ិ នោះដែរ»។

កីឡាករចំនួន២៣នាក់ ត្រូវបានលោក Lee ជ្រើសរើសសម្រាប់ចេញទៅប្រកួតជាមួយក្រុមឆាយនីសតៃប៉ិ លើកនេះ ប៉ុន្តែ ប៉ុន្តែកីឡាករ លី វ៉ាហេទ របស់បឹងកេតអង្គរ ឆេង ម៉េង របស់ណាហ្គាវើល និង ឡេង មករា របស់ក្លិបភ្នំពេញក្រោន ត្រូវបានជម្រុះចោលវិញ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ២-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យ កន្លងមកនេះ៕