Man City ត្រៀមផ្ទេរខ្សែបម្រើកណ្តាលកំពុងមានរបួសម្នាក់ពី Dortmund

ក្លិបអង់គ្លេស Manchester City ត្រៀមចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាល Ilkay Gundogan ពីក្លិបអាល្លឺម៉ង់ Borussia Dortmund ខណៈការបំពេញការផ្ទេរកីឡាករនេះ នឹងក្លាយជាកីឡាករដំបូងគេ របស់គ្រូបង្វឹកថ្មីរបស់ Man City គឺលោក Pep Guardiola។
Ilkay-Gundogan-16

កាលពីពេលថ្មីៗនេះ កីឡាករអន្តរជាតិអាល្លឺម៉ង់ វ័យ ២៥ឆ្នាំរូបនេះ បានសម្រាកព្យាបាលពីការវះកាត់របួសជង្គង់ ប៉ុន្តែបញ្ហានេះ មិនប៉ះពាល់ដល់ការផ្ទេរនេះឡើយ។

City បានសម្រេចកិច្ចព្រមព្រៀងជាមួយ Dortmund ដោយមានតម្លៃខ្លួនផ្ទេរ ២០លានផោន។ នេះបើយោងតាមការរាយការណ៍ពីតំបន់។

កីឡាករ Gundogan នឹងអវត្តមានមិនបានចូលលេងក្នុងយុទ្ធនាការ Euro 2016 និងប្រកួតចាប់ផ្តើមរដូវកាលថ្មីរបស់ Premier League ផងដែរ បន្ទាប់ពីទទួលរងប៉ះទង្គិច គន្លាក់ជង្គង់ នៅក្នុងការហ្វឹកហាត់កាលពីដើមខែឧសភា។ ប៉ុន្តែក្លិប City មានទំនុកចិត្តថា រូបគេនឹងជាសះស្បើយឡើងវិញ និងលេងជាកីឡាករសំខាន់ម្នាក់ ក្រោមការដឹកនាំរបស់លោក Guardiola។

Ilkay Gundogan ផ្ទេរមកលេងនៅ Dortmund នេះពីក្លិប Nuremberg កាលពីឆ្នាំ ២០១១ និងបានជួយក្លិបនេះឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំ ២០១៣ មុនពេលចុះហត្ថលេខា បន្តកុងត្រាថ្មីកាលពីឆ្នាំ ២០១៥ ដែលនៅសល់មួយឆ្នាំទៀត ទើបអស់សុពលភាព៕