ថ្នាក់​ដឹក​នាំ​រំភើប នឹង​សមត្ថ​ភាព​យុវជន​ថ្នាលរបស់​កីឡា​​​តេក្វាន់​ដូ ITF

លោក ​កែវ រ៉េមី រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី និង​ជា​ប្រធាន​គណៈ​កម្មាធិការ​​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​ក៏​ជាប្រធាន​កិត្តិយក​របស់​សហព័ន្ធ​កីឡា​តេក្វាន់ដូ​អាយធីអេហ្វកម្ពុជា បាន​កើត​សរសើរ​មិន​ដាច់​ពី​មាត់ ទៅ​លើ​សមត្ថ​ភាព​ប្រកួត​របស់​កីឡាករ កីឡាការិនី​ជា​ថ្នាល ដែល​ទទួល​​ជយលាភី នៅ​ក្នុង​ការ​ប្រកួត​កីឡាតេក្វាន់-ដូ ITF កម្ពុជា​ជ្រើស​រើស​ជើង​ឯក​ថ្នាល ដណ្តើម​ពាន​រង្វាន់​ភេសជ្ជៈ Warrior ឆ្នាំ​២០១៦ ដែល​បាន​បញ្ចប់ នៅវិមាន​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ម្សិល​មិញ។

itf

itf1

លោក កែវ រ៉េមី បាន​ថ្លែង​នៅ​ចំពោះ​មុខ​លោក លោក ផៃ ស៊ីផែន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី ​លោក អ៊ុក សិទ្ធិជាតិ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កីឡា និង​​មន្រ្តី​កីឡា​សំខាន់ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បិទការ​ប្រកួត​ កាល​ពី​ម្សិល​មិញនោះ​ថា​៖​«ខ្ញុំ​ពិត​ជា​សប្បាយ​មែន​ទែន ពេល​ឃើញ​កូនៗ​ក្មួយៗមាន​ទេពកោសល្យ​ខ្ពស់បែ​ប​នេះ ហើយ​ខ្ញុំ​សូម​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់​មាតាបិតា ឪពុក​ម្តាយ​របស់​អត្ត​ពលិក​ជា​ថ្នាល​របស់​យើង ដែល​លោក​បាន​គាំ​ទ្រ និងបញ្ជូន​​ឲ្យ​កូនៗ​មក​​ប្រកួត និង​ហ្វឹក​ហាត់​នៅ​​តាម​សាលា ITF របស់​យើង ហើយ​ក៏​សូមលើក​ទឹក​ចិត្ត និង​អប់អរ​ដល់​អ្នក​ឈ្នះ​ទាំង​អស់​គ្នា។ រីឯ​អ្នក​ចាញ់​សូម​កុំ​ទាន់អស់​សង្ឃឹម និង​បាក់​ទឹក​ចិត្ត គឺ​​ត្រូវ​ខំ​ហ្វឹក​ហាត់​បន្ត​ទៀត ដើម្បី​ឈ្នះ​ការ​ប្រកួត​លើក​ក្រោយ»។ ​

លោក កែវ រ៉េមី ដែល​ជា​អ្នក​ហាត់​គុនតេក្វាន់ ITF និង​​​មាន​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅមក​ពី​សហរដ្ឋ​អាមរិក​នោះ ក៏​បាន​កោត​សរសើរ​ដល់​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​តេក្វាន់​ដូ ITF និងក្រុម​អាជ្ញា​កណ្តាល ដែល​បាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ការ​ប្រកួត​នេះ ហើយ​ក៏​បាន​ស្ងើច​សរសើរ​ដល់​ការ​សម្តែង​របស់​ក្រុម​ជម្រើស​ជាតិ ក្នុង​ពេល​នោះ​ផង​ដែរ។

itf2

itf3

ប៉ុន្តែ​លោក​បាន​ផ្តាំ​ផ្ញើ​សូម​ឲ្យ​រៀបចំ​ការ​ប្រកួត​លើក​ក្រោយៗ​ទៀត​បាន​ល្អ​ជាង​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា៖​«សូម​យក​បទ​ពិសោធ​​លើក​នេះ ទៅ​រៀបចំ​ការ​ប្រកួត​លើក​ក្រោយឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​នេះ ហើយ​សូម​អាជ្ញាកណ្តាល និងចៅ​ក្រុម ​ត្រូវ​ឈរ​លើ​ភាព​សុក្រឹត​ក្នុង​ការ​​​ផ្តល់​ពិន្ទុ​ដល់​ក្មួយៗ គឺមិន​ត្រូវ​​ប្រកាន់​បក្ខពួក​ក្នុង​ការ​កាត់​សេចក្តី​នោះ​ទេ យើង​ត្រូវ​ធ្វើ​ដោយ​តម្លាភាព​ដើម្បី​ជំរុញ​ឲ្យ​​យុវជន​​ថ្នាល​របស់​យើងកាន់​តែ​ល្អ មានគុណ​ភាព និង​សមត្ថ​ភាព​ពិត​ប្រាកដ»។

គួរ​បញ្ជាក់​ថា ការ​ប្រកួតនេះ មាន​អត្ត​ពលិក​វ័យ​ក្មេង​ចូល​រួម​ជាង​១០០​​នាក់ ហើយ​អ្នក​ទាំង​នោះ បាន​ប្រកួត​ប្រជែង​គ្នា​ទាំង​វិញ្ញាសា​សម្តែង និង​ប​ប្រយុទ្ធ​សរុប​ចំនួន​២០ ដោយ​គិត​​តាម​ប្រភេទ​​អាយុ​រួម​មាន​ពី​៩​ឆ្នាំ​ទៅ​១១​ឆ្នាំ ពី​១២​ឆ្នាំ​ដល់​១៤​ឆ្នាំ និង​ពី​១៥​ឆ្នាំ​ដល់​១៧​ឆ្នាំ។ ជា​លទ្ធផល​នេះ​ការ​ប្រកួត​នោះ ​អត្ត​ពលិក​​របស់​ក្លិប​យុវជន ដណ្តើម​បាន​មេដាយ​ច្រើន​ជាង​គេ​គឺ​បាន​មេដាយ​មាស​៨ ​ប្រាក់​៧ និង​សំរឹទ្ធ​​២០ បន្ទាប់​មកមាន​​ក្លិប​សេរី​ភាព ​ក្លិប​ក្តី​ចាស់ ក្លិបស.ស.យ.ក​ ខេត្តកណ្តាល ក្លិប​បាក់​ទូក ក្លិបស្ទែមហ្វត និង​ក្លិប​បាក់​ខែង៕

itf4

itf5

itf6

mm1

mm6

mm5

mm4

mm3

mm2