គ្រាន់តែបដិសេធ មិនព្រមរៀបការជាមួយ នារីវ័យក្មេងម្នាក់ ត្រូវគេចាប់ដុតទាំងរស់តែម្តង

ប៉ាគីស្ថាន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីអាយុ១៨ឆ្នាំម្នាក់ ដែលជាគ្រូបង្រៀន បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយសារតែ រងរបួសធ្ងន់ធ្ងរពេក បន្ទាប់ពីខ្លួនប្រាណនាង ស្ទើរតែទាំងមូល ត្រូវភ្លើងឆេះ ក្រោយពីនារីរងគ្រោះបដិសេធ មិនព្រមរៀបការជាមួយជនល្មើសរួចមក។

នារីដែលមានរូបសម្រស់ស្រស់ស្អាត ត្រូវស្លាប់ទាំងវ័យក្មេងនោះ មានឈ្មោះថា Maria Abbasi ត្រូវបានជនល្មើស (អ្នកសុំនាងរៀបការ) និងបក្សពួក វាយធ្វើបាប រួចចាក់ស្រោចសាំង ពីលើខ្លួនប្រាណនាង ហើយដុតនាងទាំងរស់តែម្តង។

លោក Rafaqat Abbasi ត្រូវជាពូបង្កើតនារីរងគ្រោះ បាននិយាយថា «នៅមុនពេលកើតហេតុ នាង Maria បាននៅផ្ទះ កំពុងតែមើលប្អូនស្រី អាយុ៥ឆ្នាំរបស់នាង ខណៈក្រុមគ្រួសារនាង បានទៅពិធីបុណ្យសពគេ នៅឯទីក្រុងក្បែរនោះ។ ក្រោយមក ក្រុមគ្រួសារនាង ក៏ទទួលបានដំណឹងថា នាងត្រូវភ្លើងឆេះ ពេញខ្លួនប្រាណ។ រំពេចនោះ ពួកគេបានគិតថា ប្រហែលជាមាន គ្រោះថ្នាក់អ្វីមួយ បានកើតឡើងហើយ»។

ភាពរន្ធត់ និងតក់ស្លុត ក៏បានកើតឡើង នៅយប់ថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ នៅពេលដែល ក្រុមគ្រួសារនារីរងគ្រោះ ត្រលប់ទៅដល់ផ្ទះវិញ ដែលមានទីតាំង ស្ថិតនៅក្នុងស្រុក Davel តំបន់ Murree ខេត្ត Punjab ប្រទេសប៉ាគីស្ថាន។

បើតាមសម្តីអធិការប៉ូលិសក្នុងតំបន់ Murree បានប្រាប់ឲ្យដឹងថា «មានជនសង្ស័យ ជាមនុស្សប្រុស ចំនួន៤នាក់ បានលួចចូលផ្ទះរបស់នារីរងគ្រោះ និងបានធ្វើទង្វើដ៏ព្រៃផ្សៃនេះតែម្តង»។

លោក Rafaqat ពូបង្កើតនារីរងគ្រោះ បានឲ្យដឹងទៀតថា «នាង Maria បានដេកនៅលើដីដោយខ្លួនប្រាណនាង ៨៥ភាគរយ ត្រូវបានភ្លើងឆេះ។ គ្មានផ្លូវធំណាមួយ ដែលអាចឆ្លងកាត់បាន តាមរយៈភូមិនេះឡើយ ដូច្នេះយើងបានដាក់នាង Maria នៅលើកៅអី រួចលើកនាង ទៅកាន់ផ្លូវដែលជិតបំផុត ដើម្បីដឹកនាងតាមរថយន្តសង្គ្រោះបន្ទាន់ជាបន្តទៀត»។

គួរបញ្ជាក់ផងដែរថា នារីរងគ្រោះត្រូវបានគេបញ្ជូនទៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល «Pakistan Institute of Medical Sciences» ក្នុងរាជធានីអ៊ីស្លាម៉ាបាត (Islamabad) ដែលមានចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រ ដើម្បីជួយសង្គ្រោះជីវិតនាង ប៉ុន្តែគួរឲ្យសោកស្តាយ ក្រោយមកនាងក៏បានស្លាប់បាត់បង់ជីវិត។

យ៉ាងណាមិញ អ្នកនាំពាក្យប៉ូលិសខេត្ត Punjab លោក Nabeela Ghazanfar បានប្រាប់ឲ្យដឹងថា «ជនសង្ស័យចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងរាជធានីអ៊ីស្លាម៉ាបាត ដោយសារមានពាក់ព័ន្ធ នឹងការសម្លាប់នារីរងគ្រោះ ខណៈដីកាឃាត់ខ្លួន ជនសង្ស័យទី៤ ក៏បានចេញរួចជាស្រេចផងដែរ»៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រាន់តែបដិសេធ មិនព្រមរៀបការជាមួយ នារីវ័យក្មេងម្នាក់ ត្រូវគេចាប់ដុតទាំងរស់តែម្តង
រូបភាព៖ នារីរងគ្រោះ វ័យ១៨ឆ្នាំ ឈ្មោះ Maria Abbasi

គ្រាន់តែបដិសេធ មិនព្រមរៀបការជាមួយ នារីវ័យក្មេងម្នាក់ ត្រូវគេចាប់ដុតទាំងរស់តែម្តង
រូបភាព៖ សាច់ញាត្តិនារីរងគ្រោះ ឈរក្បែររថយន្តសង្គ្រោះបន្ទាន់ ដែលដឹកសាកសពនាង នៅថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦

គ្រាន់តែបដិសេធ មិនព្រមរៀបការជាមួយ នារីវ័យក្មេងម្នាក់ ត្រូវគេចាប់ដុតទាំងរស់តែម្តង
រូបភាព៖ ជីដូននារីរងគ្រោះ កាន់ទុក្ខនាង នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ ក្រៅមន្ទីរពេទ្យ ក្នុងរាជធានីអ៊ីស្លាម៉ាបាត នៅថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦