សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជា

ជាស្នាដៃឯកតែមួយគត់គ្មានពីរ ឬវិសេសវិសាលចំពោះប្រពៃណីវប្បធម៌ អរិយធម៌ និងបំពេញគ្រប់លក្ខខណ្ឌជាច្រើនទៀត ទើបអាចជាប់ឈ្មោះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ ចំពោះកម្ពុជា សរុបមកទល់បច្ចុប្បន្នមានសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់៥ ដែលក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី២ និងសម្បត្តិវប្បធម៌អរូបី៣។

១. តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី)

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជា

តំបន់អង្គរលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០០គីឡូម៉ែត្រក្រឡា ដែលមានប្រាសាទបុរាណជាច្រើន រាប់បញ្ចូលទាំងព្រៃឈើចម្រុះនៅជុំវិញ។ តំបន់ប្រវត្តិសាស្ត្រនេះជាទីតាំងនៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបាយ័នដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវអង្គការ UNESCO ប្រកាសដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២។

២. របាំព្រះរាជទ្រព្យ (សម្បត្តិវប្បធម៌អរូបី)

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជា

របាំព្រះរាជទ្រព្យមានប្រវត្តិក្នុងព្រះរាជាណាចក្រកម្ពុជារាប់ពាន់ឆ្នាំមកហើយ និងបន្តវត្តមានរហូតមកដល់សព្វថ្ងៃ។ របាំដែលមានកាយវិការទន់ភ្លន់បង្ហាញពីលក្ខណៈខ្មែរនេះ ត្រូវអង្គការ UNESCO ប្រកាសដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ២០០៣។

៣. ល្ខោនស្បែកធំ (សម្បត្តិវប្បធម៌អរូបី)

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជា

ស្បែកធំ ឬល្ខោនស្រមោលស្បែក គឺជាសិល្បៈវប្បធម៌ខ្មែរ ដែលបង្ហាញវត្តមានតាំងពីបុរាណកាលមក។ សម្បត្តិវប្បធម៌អរូបីនេះ ត្រូវអង្គការ UNESCO ប្រកាសដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ២០០៥។

៤. ប្រាសាទព្រះវិហារ (សម្បត្តិវប្បធម៌រូបី)

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជា

ប្រាសាទព្រះវិហារ លាតសន្ធឹងលើខ្នងភ្នំដងរែកក្នុងរយៈបណ្ដោយប្រមាណ ៨០០ម៉ែត្រ ទទឹង ៤០០ម៉ែត្រ។ ប្រាសាទនេះត្រូវសាងសង់ឡើងដោយព្រះមហាក្សត្រច្រើនអង្គ អំឡុងពីសតវត្សទី០៩ ដល់១២ នៃគ្រិស្តសករាជ។ អង្គការ UNESCO បានប្រកាសដាក់ប្រាសាទចំណាស់នេះ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។

៥. ល្បែងទាញព្រ័ត្រ(សម្បត្តិវប្បធម៌អរូបី)

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៥ នៅ​កម្ពុជា

ល្បែងទាញព្រ័ត្របានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ តែកម្ពុជាជាសមាជិកមួយក្នុងចំណោមបួនប្រទេសដែលមានល្បែងស្រដៀងគ្នានេះ សមាជិកនោះរួមមាន៖ កម្ពុជា កូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន។

សម្បត្តិវប្បធម៌ អរិយធម៌មួយចំនួនទៀតរបស់កម្ពុជា ក៏កំពុងស្ថិតនៅក្នុងបញ្ជីបណ្ដោះអាសន្នដែរ។ ហើយឥឡូវនេះ កម្ពុជាកំពុងមានចំណាត់ការលើការដាក់បញ្ចូលល្ខោន ខូន (khon) របស់ថៃ ដែលខ្មែរហៅថា ល្ខោនខោល ព្រោះវាមានលក្ខណៈស្រដៀងគ្នា តែល្ខោនខោលរបស់កម្ពុជាមានអាយុកាលចំណាស់ជាង៕

ប្រភព៖ sabay