ក្រសួង​មហាផ្ទៃ​បង្កើតគណៈ​កម្មការ​ពិនិត្យ​ភាព​ត្រឹមត្រូវនៃ​ស្នាមដៃ​ដាក់ថ្វាយព្រះមហាក្សត្រ​

ក្រសួងមហាផ្ទៃបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវនិងធ្វើកោសល្យវិច្ច័យមួយ ដើម្បីពិនិត្យស្នាមមេដៃរបស់ប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ក្រោយពីរដ្ឋាភិបាលបានបញ្ជាឲ្យពិនិត្យភាពត្រឹមត្រូវនៃស្នាមមេដៃទាំងនេះ។

ក្រសួង​មហាផ្ទៃ​បង្កើតគណៈ​កម្មការ​ពិនិត្យ​ភាព​ត្រឹមត្រូវនៃ​ស្នាមដៃ​ដាក់ថ្វាយព្រះមហាក្សត្រ​ញត្តិរបស់គណបក្សសង្រ្គោះជាតិ ពេលដង្ហែទៅថ្វាយព្រះមហាក្សត្រ

កាលពីដើមសប្តាហ៍នេះតំណាងរាស្ត្រគណបក្សប្រឆាំង បានហែញត្តិដោយថាមានស្នាមមេដៃពលរដ្ឋជាង១៧ម៉ឺននាក់ ដើម្បីស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ មន្រ្តី គ.ជ.ប ម្នាក់ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២រួប និងសកម្មជននយោបាយជាង១០នាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែរដ្ឋាភិបាលបានឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដោយថាជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទៅលើរាស្ត្រ ក៏ដូចជាព្រះមហាក្សត្រ។

នៅក្នុងសេចក្តីសម្រេចមួយរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០២ ខែមិថុនា គណៈកម្មការស៊ើបអង្កេតនេះមាន នាយឧត្តមសេនីយ៍ លោក នេត សារឿន ជាប្រធាននិងសមាជិកចំនួន៥រូប ព្រមទាំងស្នងការខេត្តមួយចំនួនទៀត។ បើតាមសេចក្តីសម្រេច គណៈកម្មការស្រាវជ្រាវនិងធ្វើកោសល្យវិច័្ចយនេះ មានតួនាទីធ្វើកោសល្យវិច្ច័យស្នាមមេដៃនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ចុះស្រាវជ្រាវផ្ទាល់ពីប្រជាពលរដ្ឋខ្មែរដែលបានផ្តិតមេដៃ ចាត់វិធានការជំនាញផ្សេងទៀតតាមនីតិវិធី ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃស្នាមមេដៃនិងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃដើម្បីពិនិត្យសម្រេច។

កាលពីថ្ងៃពុធ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថាខ្លួនអាចអញ្ជើញប្រជាពលរដ្ឋពីបណ្តារាជធានី-ខេត្តនានា ដែលបានផ្តិតមេដៃគាំទ្រញត្តិសុំព្រះរាជ្យអន្តរាគមន៍ពីព្រះមហាក្សត្រលើករណីនយោបាយនោះ ឡើងមកភ្នំពេញបាន បើសិនជាចាំបាច់។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ធ្លាប់បានបញ្ជាក់ប្រាប់វីអូឌីថាស្នាមមេដៃជាង១៧ម៉ឺននាក់នោះជាស្នាមមេដៃរបស់ប្រជាពលរដ្ឋតាមរយៈតំណាងរាស្ត្ររបស់ខ្លួន។ លោកថាបើរដ្ឋាភិបាលមិនទុកចិត្ត គួរតែអនុញ្ញាតឲ្យពលរដ្ឋទាំងនោះឡើងមកជួបជុំគ្នាបង្ហាញខ្លួនដោយផ្ទាល់នៅភ្នំពេញដើម្បីបញ្ជាក់ការពិត៕

ប្រភពៈ VOD