លោកស្រី កែ សុវណ្ណ​រតន៍ បញ្ជាក់ថា​មណ្ឌល​ព្រៃ​ស្ពឺ​គឺជា​កន្លែង​យក​មនុស្ស​ទៅ​ទុកចោល​

លោកស្រី កែ សុវណ្ណរតន៍ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា  បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃម្សិលមិញថា មណ្ឌលសង្គមកិច្ចព្រៃស្ពឺ មិនបានបំពេញការងាររបស់ខ្លួនឲ្យត្រឹមត្រូវក្នុងការស្តារនីតិសម្បទារបស់ជនអនាថា ឬប្រជាពលរដ្ឋក្រីក្រនោះទេ តែផ្ទុយទៅវិញវាគ្រាន់តែជាកន្លែងដែលគេយកមនុស្សទៅទុកចោលដោយគ្មានការទទួលខុសត្រូវ ហើយក៏គ្មានដំណោះស្រាយប្រកបដោយនិរន្តរភាពផងដែរ។

លោកស្រី កែ សុវណ្ណ​រតន៍ បញ្ជាក់ថា​មណ្ឌល​ព្រៃ​ស្ពឺ​គឺជា​កន្លែង​យក​មនុស្ស​ទៅ​ទុកចោល​

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី កែ សុវណ្ណរត៍ បានលើកឡើងថា មណ្ឌលសង្គមកិច្ចព្រៃស្ពឺមិនបានធ្វើឲ្យជនអនាថា ឬប្រជាពលរដ្ឋក្រីក្រមានលក្ខខណ្ឌរស់នៅប្រសើរឡើងនោះទេ ព្រោះវាមានភាពខ្វះខាតទាំងធនធានមនុស្ស សម្ភារៈបច្ចេកទេស និងហិរញ្ញវត្ថុជាដើម។ លោកស្រី កែ សុវណ្ណរតន៍ បានពន្យល់ថា មនុស្សដែលគេយកពីភ្នំពេញ និងទីកន្លែងផ្សេងៗទៅដាក់នៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ មិនបានទួលការថែទាំសុខភាព ការផ្តល់អាហារ និងការបណ្តុះបណ្តាលនូវមុខជំនាញផ្សេងៗជាដើម ដែលបញ្ហាទាំងនេះហើយដែលធ្វើឲ្យជនអនាថា ឬប្រជាពលរដ្ឋក្រីក្រមិនអាចរស់នៅក្នុងមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ហើយរត់មករស់នៅយ៉ាងអនាធិបតេយ្យនៅខាងក្រៅ ពិសេសតាមដងផ្លូវ និងតំបន់អនាធិបតេយ្យនានា។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត រួមទាំងមន្ត្រីក្រសួងសុខាភិបាល ជាច្រើនរូបទៀត នៅថ្ងៃនេះ នឹងចុះទៅពិនិត្យស្ថានភាព និងដំណើរការការងារ នៅមជ្ឈមណ្ឌលព្រៃស្ពឺ ។ សកម្មភាពចុះទៅត្រួតពិនិត្យរបស់មន្ត្រីរដ្ឋាភិបាលខាងលើនេះ កើតឡើងក្រោយពីលោក ហ៊ុន សែន បានព្រមានឲ្យបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ព្រោះលោកយល់ឃើញថាមណ្ឌលសង្គមកិច្ចព្រៃស្ពឺមិនបានបំពេញការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវ និងបានបង្កបញ្ហាផ្សេងៗជាច្រើនទៀតផង។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពោធិ៍សែនជ័យ ហៅថា មណ្ឌលព្រៃស្ពឺ ដែលជាកន្លែងសម្រាប់អប់រំជនអនាថា អ្នកសុំទាន ឬអ្នករកស៊ីផ្លូវភេទតាមទីសាធារណៈត្រូវបានរងការរិះគន់ ពីគ្រប់មជ្ឈដ្ឋាន ជាបន្តបន្ទាប់លើការគ្រប់គ្រង។ កន្លងមក គេសង្កេតឃើញថា មណ្ឌលមួយនេះ គ្មានពេទ្យ គ្មានអ្នកការពារប្រចាំការក្នុងមណ្ឌល គ្មានអាហារទទួលទាន និងមិនបានធ្វើឲ្យអ្នករស់នៅមានភាពប្រសើរឡើងនោះទេ  គឺធ្វើឲ្យកាន់តែលំបាកទៅវិញ៕

លោកស្រី កែ សុវណ្ណ​រតន៍ បញ្ជាក់ថា​មណ្ឌល​ព្រៃ​ស្ពឺ​គឺជា​កន្លែង​យក​មនុស្ស​ទៅ​ទុកចោល​

ប្រភពៈ  moneaksekar