Tyson Fury ឈប់​បរិភោគ​សាច់​ដើម្បី​ត្រៀមកម្លាំង​ប្រកួត​ជាមួយ​Wladimir Klitschko

ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ពិភពលោក Tyson Fury បាន​ដាក់​កំហិត​ទទួលទាន​របប​អាហារ​ប្រចាំ​ថ្ងៃ​ដោយ​ខ្លួនឯង​យ៉ាង​តឹងរ៉ឹង ពោល​គឺ​មិន​បរិភោគ​សាច់​ជា​អាហារ​ដើម្បី​ហ្វឹក​ហាត់​​កាយសម្បទា​ត្រៀម​ប្រកួត​ម្តងទៀត​ជាមួយ​ស្ដេច​ប្រដាល់​អ៊ុយ​ក្រែ​ន Wladimir Klitschko នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ខាង​មុខ ។

អ្នក​ប្រដាល់​សញ្ជាតិ​អង់គ្លេស​រូប​នេះ នឹង​ការពារ​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​លំដាប់​ពិភពលោក WBO, WBA Super និង​IBO​របស់​ខ្លួន​នៅ​ថ្ងៃ​ប្រកួត​ខាង​មុខ​ក្នុង​ទីក្រុង Manchester ចក្រភព​អង់គ្លេស ក្រោយ​ពី​ព្រម​ទទួល​សំណើសុំ​ប្រកួត​ម្តងទៀត​របស់​កីឡាករ​សញ្ជាតិ​អ៊ុយ​ក្រែ​ន Klitschko ។

កីឡាករ​វ័យ​៤០​ឆ្នាំ Klitschko បាន​និយាយ​ថា រូប​លោក​នៅ​តែ​មាន​កម្លាំង​ខ្លាំង​ដូច​ក្មេង​អ​ញ្ចឹ​ង​ដើម្បី​ត្រៀម​ប៉ះ​គូប្រកួត​របស់​ខ្លួន​សា​ជា​ថ្មី​នៅ​ខែកក្កដា ខាង​មុខ ។ ចំណែកឯ​ម្ចាស់​ជើងឯក​ពិភពលោក​វ័យ​២៧​ឆ្នាំ Fury វិញ​បាន​និយាយ​ទាំង​មាន​ទំនុកចិត្ត​ថា រូប​លោក​នឹង​ខិតខំ​ហ្វឹក​ហ្វា​ត់​សម្រក​ទម្ងន់ និង​បំប៉ន​រាង​កាយ​ឱ្យ​មាំមួន​ឡើង​វិញ ដើម្បី​ការពារ​ពាន​ជើងឯក​របស់​ខ្លួន ។

សូម​រំលឹក​ថា Wladimir Klitschko បាន​ចាញ់ Fury ម្តង​រួច​មក​ហើយ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ៕