កីឡាករ​បាល់បោះ Gasol ពិចារណា​បោះបង់​ការ​ប្រកួត Olympic 2016 ដោយសារ​តែ​វីរុស Zika

កីឡាករ​បាល់បោះ​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Pau Gasol បាន​និយាយ​ថា រូប​លោក​កំពុង​ប្រមូល​ព័ត៌មាន​ជុំវិញ​បញ្ហា​វីរុស Zika នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល មុន​រូប​លោក​សម្រេចចិត្ត​ទៅ​ចូលរួម​ប្រកួត Olympic នៅ​ទីនោះ ។

ម្ចាស់​មេដាយ​ប្រាក់​វ័យ​៣៥​ឆ្នាំ​រូប​នេះ​ក៏​ពិភាក្សា​ជាមួយ​អត្ត​ព​លិ​ក​ផ្សេង​ទៀត​ផង​ដែរ​អំពី​បញ្ហា​នេះ​ដោយ​លើក​ឡើង​ថា ៖«​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​សម្រាប់​ខ្ញុំ​នោះ​ទេ ប្រសិនបើ​អត្តព​លិ​ក​ដទៃ​ទៀត​មិន​ចូលរួម​ការ​ប្រកួត ដោយសារ​តែ​ពួក​គេ​ខ្លាច​ឆ្លង​វីរុស ឬ​មិន​ចង់ឱ្យ​មាន​បញ្ហា​ចំពោះ​គ្រួសារ​ពួក​គេ ។ ចំណែក​ខ្ញុំ​កំពុង​តែ​គិត​ថា​គួរតែ​ទៅ ឬ​យ៉ាងណា​» ។

Gasol​បន្ថែម​ថា បើ​ទោះបីជា​អង្គការ​សុខភាព​ពិភពលោក​បាន​ច្រាន​ចោលការ​ផ្អាក ឬ​ពន្យារពេល​ប្រារព្ធ​ព្រឹត្តិ​កាណ៍​នេះ​ក្តី ក៏​រូប​លោក​នៅ​តែ​មិន​ទាន់​សម្រេចចិត្ត​ដែរ ព្រោះ​លោក​ចង់​គិត​ឱ្យ​បាន​ច្បាស់​ពី​ស្ថានភាព​ជុំវិញ​បញ្ហា​នេះ​ជា​មុន​សិន ។

សូម​បញ្ជាក់​ថា Gasol បាន​ឈ្នះ​ពាន​សមាគម​បាល់បោះ​ជាតិ (NBA) ២​លើក និង​ឈ្នះ​មេដាយ​ប្រាក់​ពី​ការ​ប្រកួត Olympic ឆ្នាំ​២០០៨​និង​២០១២ ៕