ជិះ​ឌុប​គ្នា​លឿន​មិន​ប្រយ័ត្ន ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស ៤៧០ របួសធ្ងន់ ០៣ នាក់​

ជិះ​ឌុប​គ្នា​លឿន​មិន​ប្រយ័ត្ន ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស ៤៧០ របួសធ្ងន់ ០៣ នាក់​



ភ្នំពេញ ៖ យុវជន ៣នាក់ បាន​រង​របួស​ធ្ងន់ ដោយសារតែ​ពួកគាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​លឿន មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស 470 ខណៈ​កំពុង​បត់​ឆ្លង​ផ្លូវ​ខាងមុខ​ពេញទំហឹង បណ្ដោយ​ឱ្យ​ផ្លោង​ទាំង​មនុស្ស និង​ម៉ូតូ កាល​ពី​វេលា​ម៉ោង ០៣ទៀប​ភ្លឺថ្ងៃទី ០២ខែមិថុនា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​លេខ​៨៨ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស 470 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2P 4589 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​ទិសដៅ ពី​ត្បូង ទៅ​ជើង ហើយ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ក្នុង​គោលបំណង​ចូល ទៅ​ផ្លូវ​លេខ ៨៨ ស្រាប់​តែមាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FF 9123 ជិះ​ដោយ​យុវជន ៣ នាក់​យ៉ាង​លឿន ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា បុក​ចំក្បាល​រថយន្ត​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្ដាល​ឱ្យ​ម៉ូតូ និង​មនុស្ស​ផ្លោង និង​អូស​ជាង ១០ ម៉ែត្រ​រង​របួស​ធ្ងន់​ទាំង ៣ នាក់​។

ប្រភព​បាន​បន្ត​ថា ក្រោយពី​កើតហេតុ ម្ចាស់​រថយន្ត បាន​ឈប់​នៅ​កន្លែង​កើតហេតុ ដោយ​មិនបាន​រត់គេច​នោះ​ទេ ចំណែក​អ្នក​រង​របួស ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​ម៉ូតូ និង​រថយន្ត សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង យក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ នៅ​ពេល​ក្រោយ​បន្ត​ទៀត​៕