Microsoft ទើបនឹងបង្កើតបាន កញ្ចក់វេទមន្ត ដែលអាចផ្តល់ព័ត៌មាន ដល់យើងបានយ៉ាងច្រើន

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានបង្កើតបាននូវ ប្រភេទកញ្ចក់វៃឆ្លាតមួយប្រភេទ ដែលវាមានលក្ខណៈពិសេសច្រើនយ៉ាង និងបានកំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំង។

យោងតាមប្រភភព័ត៌មាន បានឲ្យដឹងថា កញ្ចក់វៃឆ្លាត ដែលក្រុមហ៊ុន Microsoft ទើបនឹងបង្កើតបាន ត្រូវបានគេឲ្យឈ្មោះមួយទៀតថា កញ្ចក់វេទមន្ត ក៏ដោយសារតែវា អាចផ្តល់នូវព័ត៌មានយ៉ាងច្រើនបែប ទៅតាមអ្វីដែលយើងចង់ដឹង នៅរាល់ពេលដែល យើងចូលបន្ទប់ទឹក ក្រោយពីក្រោកពីគេងជាដើម។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា កញ្ចក់វេទមន្ត បើមើលពីរូបរាងខាងក្រៅ គឺមិនខុសពីកញ្ចក់ធម្មតា ដែលដាក់នៅក្នុងបន្ទប់ទឹក របស់អ្នកឡើយ ក៏ប៉ុន្តែលក្ខណៈពិសេស របស់វាគឺច្រើន ធ្វើឲ្យភ្ញាក់ផ្អើលមែនទែន។ កញ្ចក់វេទមន្តនេះ អាចធ្វើការសំគាល់ ទឹកមុខរបស់អ្នកប្រើប្រាស់ និងអាចបង្ហាញនូវរូបភាព ដែលបញ្ជាក់អំពីអារម្មណ៍ របស់អ្នកដែលកំពុងតែមាន មកឲ្យឃើញទៀតផង។ ក្រៅពីនេះ វាក៏អាចផ្តល់នូវព័ត៌មានថ្មីបំផុតជាច្រើន ដូចជាទាក់ទងនឹង អាកាសធាតុ, ពេលវេលា និងព័ត៌មានសំខាន់ៗ ជុំវិញការងាររបស់អ្នក បានផងដែរ។

កញ្ចក់វេទមន្តនេះ ត្រូវបានផលិតឡើងដោយ កញ្ចក់ប្រភេទ LCD-lit ដែលមានទំហំ ២៣.៦អ៊ីញ និងមានការបង្ហាញនូវធាតុផ្សំ UI នៅលើផ្ទាំងពណ៌ខ្មៅ។ នៅពេលណា ដែលការបង្ហាញរូបភាព ត្រូវបានដំណើរការ នោះអ្នកប្រើប្រាស់នឹងអាចឃើញ រូបភាពឆ្លុះរបស់ពួកគេ ព្រមទាំងគ្រឿងផ្សំពណ៌ស នៅក្នុងកញ្ចក់បានផងដែរ។ 

កញ្ចក់វេទមន្ត ប្រភេទនេះ ប្រើប្រាស់បច្ចេកវិទ្យា Windows Hello ដើម្បីកត់សម្គាល់ ទឹកមុខរបស់មនុស្ស ជាមួយឧបករណ៍ Raspberry Pi សម្រាប់ដំណើរការបញ្ជា។

លោក Izzat Khair សមាជិកនៃក្រុមអ្នកអភិវឌ្ឍន៍មានបទពិសោធន៍ របស់ក្រុមហ៊ុន Microsoft ប្រចាំប្រទេសសិង្ហបុរី  និងជាក្រុមដែលបង្កើតកញ្ចក់វេទមន្តនេះឡើង បាននិយាយថា “ចូរស្រមៃនៅពេល អ្នកក្រោកពីដំណេកនាពេលព្រឹកឡើង អ្នកអាចប្រើប្រាស់កញ្ចក់ ដើម្បីសិតសក់ ផាត់មុខ ជាដើម ហើយខណៈពេលធ្វើការងារទាំងនោះ អ្នកក៏អាចអាននូវព័ត៌មានផ្សេងៗ  និងអាកាសធាតុ ជាដើមនោះ តើវាអស្ចារ្យ និងងាយស្រួលកម្រិតណា”។

គូសបញ្ជាក់ផងដែរថា កញ្ចក់ប្រភេទ Smart Mirror មួយប្រភេទនេះ គឺត្រូវបានគេដាក់បង្ហាញ នៅឯពិធីសន្និសីទបច្ចេកវិទ្យាឌីជីថល InnovFest Unbound 2016 ក្នុងប្រទេសសិង្ហបុរី ហើយចំពោះការដាក់លក់ អាចនឹងមានឆាប់ៗខាងមុខនេះ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Microsoft ទើបនឹងបង្កើតបាន កញ្ចក់វេទមន្ត ដែលអាចផ្តល់ព័ត៌មាន ដល់យើងបានយ៉ាងច្រើន
រូបរាងនៃកញ្ចក់ smart mirror ដែលត្រូវបានហៅថា កញ្ចក់វេទមន្ត

Microsoft ទើបនឹងបង្កើតបាន កញ្ចក់វេទមន្ត ដែលអាចផ្តល់ព័ត៌មាន ដល់យើងបានយ៉ាងច្រើន
ដំណើរការមួយចំនួនរបស់ កញ្ចក់វេទមន្ត