លោកស្រី គ្លីនតុន គ្រោងវាយប្រហារលោក ត្រាំភ៍ រឿងចង់យកអាមេរិកទៅស្និទនឹងកូរ៉េខាងជើង ហើយផ្គើនដាក់មិត្តភក្តិអឺរ៉ុប

(វ៉ាស៊ីនតោន)៖ លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីនាំមុខនៅក្នុងគណបក្ស ប្រជាធិបតេយ្យ បានប្រកាសថាលោកស្រីនឹងប្រឆាំងចំពោះ នយោបាយរបស់លោក ដូណាល់ ត្រាំភ៍ មកពីគណបក្សសាធារណរដ្ឋ ចំពោះគំរោងដែលលោកចង់ នាំយកអាមេរិកឲ្យទៅជិតស្និទនឹងប្រទេស កូរ៉េខាងជើង ហើយបែរជាភាពព្រងើយកន្តើយដាក់សម្ព័ន្ធមិត្តអឺរ៉ុបទៅវិញ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៦។

លោកស្រី គ្លីនតុន គ្រោងវាយប្រហារលោក ត្រាំភ៍ រឿងចង់យកអាមេរិកទៅស្និទនឹងកូរ៉េខាងជើង ហើយផ្គើនដាក់មិត្តភក្តិអឺរ៉ុប

លោកស្រី គ្លីនតុន បានបញ្ជាក់នៅទីក្រុង San Diego រដ្ឋកាលីហ្វរញ៉ា កាលពីពេលថ្មីៗនេះថា រឿងលោកត្រាំភ៍ បាននាំឲ្យលោកស្រី កាន់តែមានភាពប្រយ័ត្នប្រយែងខ្ពស់ឡើង មុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខ។ ដោយឡែកបេក្ខជនក្នុងបក្ស ប្រជាធិបតេយ្យផ្សេងទៀតដូចជាលោក Bernie Sanders ក៏កំពុងតែព្យាយាមក្នុងរឿងនេះដែរ។

ការគ្រោងវាយប្រហារទៅលើលោកត្រាំភ៍ បានកើតឡើងបន្ទាប់ពីបេក្ខជនពូកែថ្មីមាត់របស់បក្ស សាធារណរដ្ឋរូបនេះ បានបង្ហាញពីចេតនាចង់អង្គុយតុចរចាគ្នាទល់មុខលោក គីម ជុងអ៊ុន មេដឹកនាំ កូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ ប្រសិនបើលោកឡើងជាប្រធានាធិបតីអាមេរិក។ លោកក៏បានលើកឡើងថែមទៀតថា សម្ព័ន្ធភាពរវាង អាមេរិកនិង NATO រាប់ទសវត្សរ៍មកនេះ ជាពិសេសជាមួយបណ្តាប្រទេសអឺរ៉ុប បាននាំឲ្យអាមេរិក ខាតបង់យ៉ាងច្រើនមកហើយ៕

ប្រភពៈ freshnewsasia