ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​ចោទ​ក្រុមហ៊ុន​ខេ​ភីស​ថា​ឈូស​បំផ្លាញ​ដំណាំ

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ៧​គ្រួសារ​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​ឈ្មោះ ខេ​ភីស (K Phis) ជីក​រណ្ដៅ​កាយ​ប្រឡាយ​ទៅ​លើ​ដំណាំ​ស្រូវ និង​ដំឡូង បង្ក​ផល​ប៉ះពាល់​ទ្រព្យ​សម្បត្តិ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ។

អាជ្ញាធរ​ស្រុក​ពេជ្រាដា បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា បន្ទាប់​ពី​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន ខេ​ភីស ពី​បទ​បំផ្លាញ​ផល​ដំណាំ​ពលរដ្ឋ ក៏ប៉ុន្តែ​ក្រោយ​ពី​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​កើត​ហេតុ អាជ្ញាធរ​មិន​អធិប្បាយ​ពី​ចំណាត់​ការ​បែប​ណា​នៅ​ឡើយ។

អភិបាល​រង​ស្រុក​ពេជ្រាដា លោក វណ្ណា ម៉ាប់ ដែល​ដឹក​នាំ​មន្ត្រី​ឃុំ ប្រជាពលរដ្ឋ​ម្ចាស់​ដី និង​តំណាង​ក្រុមហ៊ុន ចុះ​ពិនិត្យ​ដល់​កន្លែង​បញ្ជាក់​ថា នេះ​ជា​ការ​ចុះ​ស្រង់​ទិន្នន័យ​ដំបូង។ ហេតុ​នេះ អាជ្ញាធរ​មិន​ទាន់​វាយ​តម្លៃ​ករណី​នេះ​បែប​ណា​បាន​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​ជាក់ស្តែង​តាម​បណ្ដឹង​របស់​ពលរដ្ឋ៖ «ដោយសារ​ខ្ញុំ​កំពុង​ចុះ​មក​ធ្វើ​ការ ទើប​ចុះ​បាន​មួយ​ព្រឹក អត់​ទាន់​ដឹង​លទ្ធផល​យ៉ាង​ម៉េច​ទេ»

ប្រជាពលរដ្ឋ​ឃុំ​ប៊ូស្រា ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ក្រុមហ៊ុន ខេ​ភីស បាន​ប្រើប្រាស់​កម្មករ​ជាង ១០​នាក់ និង​គ្រឿងចក្រ​មក​ជីក​រណ្តៅ​បំណង​ដាំ​កាហ្វេ និង​កាយ​ប្រឡាយ​នៅ​លើ​ដី​ដែល​ប្រជាពលរដ្ឋ​ដាំ​ស្រូវ ដំឡូង និង​ចម្ការ​ស្វាយ​ចន្ទី បណ្ដាល​ឲ្យ​ខូចខាត​ស្រូវ​ដែល​កំពុង​ដុះ​លូតលាស់ ដោយ​សំអាង​ថា ដី​នោះ​ជា​ដី​សម្បទាន​របស់​ក្រុមហ៊ុន។

ម្ចាស់​ដី​ម្នាក់​ក្នុង​ចំណោម ៧​នាក់ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន គឺ​លោក ចាញ់ ច្រែង បញ្ជាក់​ថា ក្រុមហ៊ុន​ចូល​មក​ជីក​រណ្ដៅ​កាយ​ប្រឡាយ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ជាង ២​ហិកតារ។ ដី​នោះ គឺ​ប្រជាពលរដ្ឋ ៧​គ្រួសារ បាន​ដាំ​ដំណាំ​ហូប​ផ្លែ និង​ធ្វើ​ចម្ការ​ដាំ​ស្រូវ​ប្រមាណ ៣​ឆ្នាំ​កន្លង​ទៅ​នេះ ក្នុង​នោះ​ដែរ ដី​ជាង ១៥​ហិកតារ​ទៀត ក៏​ឋិត​ក្នុង​ការ​ប្រទាញប្រទង់​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​មិន​បាន​ជូន​ដំណឹង ឬ​ពិភាក្សា​អ្វី​ជាមួយ​ប្រជាពលរដ្ឋ មុន​នឹង​ជីក​រណ្ដៅ​ទៅ​លើ​ដំណាំ​ស្រូវ​អ្នក​ភូមិ​នោះ​ឡើយ។ លោក​ថា នេះ​ជា​ការ​បំផ្លាញ​ផល​ដំណាំ​ប្រជាពលរដ្ឋ​ដោយ​ចេតនា និង​រំលោភ​សិទ្ធិ​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​ធ្ងន់ធ្ងរ​ទៀត​ផង៖ «ជីក​រណ្ដៅ​កាហ្វេ ហើយ​គាត់​កាយ​ស្រូវ​ពួក​ខ្ញុំ ដាំ​ស្រូវ​ដាំ​ដំឡូង គាត់​កាយ​អ៊ីចឹង​វា​ខុស​ប្រពៃណី​ពួក​ខ្ញុំ។ គេ​អត់​ទទួល​ស្គាល់​ថា​ខុស​ផង គេ​ដី​គេ​កម្មសិទ្ធិ​របស់​គេ»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ប្រជាពលរដ្ឋ ៧​គ្រួសារ​ដាក់​ពាក្យ​ប្ដឹង​តំណាង​ក្រុមហ៊ុន​ឈ្មោះ វ៉ាន់ ស៊ុនហេង ទៅ​អាជ្ញាធរ​ស្រុក បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ការ​បំផ្លាញ​ផល​ដំណាំ​ពួក​គាត់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន លោក វ៉ាន់ ស៊ុនហេង សុំ​បញ្ជាក់​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា។ ចំណែក​ប្រជាពលរដ្ឋ​ម្ចាស់​ដំណាំ​បញ្ជាក់​ថា តំណាង​ក្រុមហ៊ុន​មិន​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ជីក​រណ្ដៅ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ តំណាង​ក្រុមហ៊ុន ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​ការ​ដាំ​ដុះ ទើប​ក្រុមហ៊ុន​ផ្អាក​ជីក​រណ្ដៅ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ករណី​នេះ​ថា​ជា​ចេតនា​បំផ្លាញ​ផល​ដំណាំ​ប្រជាពលរដ្ឋ ដែល​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ ពីព្រោះ​ក្រុមហ៊ុន​គ្មាន​សិទ្ធិ​បំពាន​ជីក​រណ្ដៅ​លើ​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​កំពុង​ដាំ​ដុះ បើ​ទោះ​បី​ជា​ដី​តំបន់​នោះ​ឋិត​ក្នុង​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ក្តី៖ «បើ​សិន​ក្រុមហ៊ុន​គាត់​ដឹង ហើយ​ថែម​ទាំង​ឃើញ​ដំណាំ​ប្រជាពលរដ្ឋ ហើយ​គាត់​ទៅ​ឈូស​ឆាយ​ដី​ហ្នឹង ហើយ​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​របស់​គាត់ គឺ​ជា​ចេតនា​របស់​គាត់​ហើយ។ ជា​រឿង​ខុស​ច្បាប់​ធ្ងន់ធ្ងរ ហើយ​ជា​រឿង​រំលោភ​សិទ្ធិ​រស់នៅ​របស់​ប្រជាជន»

ក្រុមហ៊ុន ខេ​ភីស ទទួល​បាន​ដី​សម្បទាន ៥០០​ហិកតារ​នៅ​ឃុំ​ប៊ូស្រា។ ហេតុ​នេះ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ហៅ​ឈ្មោះ​ក្រុមហ៊ុន​នេះ​ថា ក្រុមហ៊ុន ៥០០​ហិកតារ។ កាល​ពី​ចុង​ឆ្នាំ​២០១៥ អ្នក​ភូមិ​បាន​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន ដោយសារ​ក្រុមហ៊ុន​បាន​ដាក់​របាំង និង​បុគ្គលិក​សន្តិសុខ​បិទ​ផ្លូវ​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។