អូរ! ​លក់​ចាប់ហួយ លក់ដល់ថ្នាក់​នេះ​ផង!

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹងថា ស្ត្រី​ជា​អ្នកលក់ចាប់ហួយម្នាក់​​​ ​ដែល​​ជាប់​ពាក់ព័ន្ធករណី​ជួញដូរ​​ និង​រក្សា​ទុក​​គ្រឿង​ញៀន​ ​ត្រូវ​កម្លាំង​​ឆែកឆេររក​ឃើញ​​​​ថ្នាំញៀន​​គ្រាប់ ពណ៌​​ផ្កាឈូក​​សញ្ញា WY ចំនួន​៨៣គ្រាប់,​ បំពង់​សម្រាប់​ដាក់​ថ្នាំញៀន១, ថង់ប្លាស្ទិក​កិបមាត់​ ពណ៌ខៀវ១ និងកញ្ចប់​បារីខេមបូ សម្រាប់ដាក់គ្រឿងញៀន​ចំនួន​៥កញ្ចប់ ។

ស្ត្រីសង្ស័យខាងលើ​ឈ្មោះ​ហ៊ុន បឿន អាយុ​៥៥​​ឆ្នាំ មានទីលំនៅ​ភូមិទួល​ ឃុំ​បារាំងធ្លាក់ ស្រុកភ្នំព្រឹក ត្រូវ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ភ្នំព្រឹក ដឹកនាំដោយ​លោក​​វរ​សេនីយ៍​ទោ សុង សុភ័ក្ត្រ ជាអធិការ​នគរបាល​ស្រុក​ភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍​បារាំង​ធ្លាក់ឃាត់​ខ្លួន ។ បច្ចុប្បន្ន ស្ត្រីសង្ស័យខាងលើ ត្រូវ​កម្លាំង​កំពុង​កសាងសំណុំរឿង​ ដើម្បី​បញ្ជូន​ទៅតុលាការ ។

គួររំលឹកថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០២ ​មិថុនា ​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ​បឿន អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ ជា​អ្នកលក់​ចាប់ហួយ នៅ​ភូមិ​ទួល ឃុំ​បារាំង​ធ្លា​ត់ ស្រុក​ភ្នំព្រឹក ដែល​ការ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ គឺ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។

បើ​តាម​ប្រភព​បាន​បញ្ជាក់​ថា សមត្ថកិច្ច​ថែម​ទាំង បាន​ចុះ​ឆែកឆេរ​លំនៅ​ឋាន​ផង​ដែរ តែ​គេ​មិន​ទាន់​ដឹង​ថា តើ​លទ្ធផល​សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង និង​សម្ភារ​អ្វីខ្លះ​នោះ​ទេ ។ ព្រោះ​កិច្ច​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជិត​១​ម៉ោង ហើយ​ទីបំផុត ក៏​បាន​នាំ​ខ្លួន​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ​បឿន នោះ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ដើម្បី​សួរនាំ​។

បើ​តាម​សាក្សី​នៅ​ក្បែរ​នោះ​បាន​និយាយ​ថា ស្ត្រី​ឈ្មោះ​បឿន​នោះ ពិតជា​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ឆែកឆេរ​ផ្ទះ​ពាក់ព័ន្ធ​និង​ការ​រត់​ពន្ធ​ថ្នាំ​ញៀន​មែន ព្រោះ​ស្ត្រី​រូប​នេះ ជា​មុខសញ្ញា​របស់​សមត្ថកិច្ច​ជា​យូរ​មក​ហើយ ៕