លួចអី​ ក៏​​​ស្រួលម្ល៉េះ?

ខេត្ត​កំពង់ស្ពឺ ៖ ​អាវ​​​​ច្រក​​រួចរាល់​​ចំនួន​៨៨​​កា​តុង ​ត្រូវ​ក្រុម​​ចោរ​លួច​គាស់​​ជញ្ជាំង​រោងចក្រ​យក​ទៅ​ដោយសុវត្ថិភាព​ ​មិន​​រំខានដល់​​សមត្ថ​​កិច្ច​ស្រុក​សំរោង​ទង​បន្តិច​សោះឡើយ​ ។ ហើយ​ក្រោយ​ក្រុម​ចោរ​ទៅ​បាត់​អស់ លោក​សមត្ថកិច្ច​បាន​ត្រឹមតែ​ចុះ​ធ្វើ​កំណត់ហេ​តុ​ប៉ុណ្ណោះ ថែម​ទាំង​ចង់​បិទ​បាំង​ព័ត៌​មាន​ទៀត​ផង​ ។

ករណី​គាស់​​ជញ្ជាំង​លួច​អាវ​រោងចក្រ​នេះ​ បើ​តាម​សន្តិសុខ​ប្រាប់​ថា​ ប្រហែលជា​កើតឡើង​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ ​មិថុនា​ ២០១៦​
ស្ថិតក្នុង​​រោងចក្រ​ អឹ​ភេ​រឹល ​ខេម​​បូ​ឌា ​​​​ក្នុងភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ ។

សមត្ថកិច្ច​​​ប្រាប់​ថា​ករណី​នេះ ​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​២ ​ទៅ​៣​ទៀប​ភ្លឺ​​ បន្ទាប់​ពី​សន្តិសុខ​រោងចក្រ​​បាន​ដើរ​មើល​ជុំវិញ​បរិវេណ​រោងចក្រ​ និង​ឃើញ​ស្នាម​គាស់​​ជញ្ជាំង​រួច​មក ​។ ​ជំហាន​ដំបូង​ មិន​ទាន់​មាន​របាយ​ការ​ណ៍​​អំពី​ការ​បាត់បង់​សម្ភារឡើយ​ រហូត​ដល់​ម៉ោង​៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃដដែល នៅ​ពេល​ដែល​រដ្ឋបាល​រោងចក្រ ​និង​កម្មករ​ចូល​ធ្វើការ​ទើប​ដឹង​ថា​ ក្រុម​​ចោរ​​បាន​លួច​យក​កា​តុង​ចំនួន​៨៨​កា​តុង ។​

ក្រោយមក​ ក៏​បាន​រាយ​ការ​ណ៍​ជូន​​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ ។​ ចំណែក​ខាង​រដ្ឋបាល​រោងចក្រ​បាន​ប្រាប់​អំពី​អាវ​ដែល​​បាត់​មាន​ចំនួន​២០១១​អាវ​ គឺ​សុ​ទ្ធតែ​ជា​អាវ​​ដែល​វេច​ខ្ចប់​ដាក់​ក្នុង​ការ​តុង​រួច​ជា​ស្រេច ​។

ក្រោយ​កើត​ករណី​គាស់​រោងចក្រ​លួច​អាវ​នេះ ​សមត្ថកិច្ច​ហាក់បីដូចជា​មានការ​លាក់លៀម​ មិន​ចង់ឱ្យ​​រឿង​នេះ ​ដឹង​ដល់​ថ្នាក់លើ​ឡើយ​ ។ ​ដែល​នេះ ​ស​​បញ្ជាក់ថា ​សមត្ថកិច្ច​ស្រុក​សំរោង​ទង ​បាន​បង្ហាញ​នូវ​ភាព​កំសោយ​របស់​ខ្លួន ​ក្នុង​ការ​ទប់ស្កាត់​នូវ​រាល់​បទ​ល្មើស​ក្នុង​មូលដ្ឋាន ខណៈ​ដែល​បទ​ល្មើស​កំពុង​កើត​មាន​ តែ​អស់លោក​បាន​ត្រឹម​ឆ្លើយ​ថា​ មិនដឹង​ទៅ​វិញ​ ។​

ក្នុង​នោះ​ផង​ដែរ​ អស់លោក​មួយ​ចំនួន​មិន​ត្រឹមតែ​មិន​សហការ​ជាមួយ​អ្នក​ព័​ត៌​មាន​ទេ​ ថែម​ទាំង​ចងកំហឹង​ជា​មួយ​អ្នក​ព័ត៌​មាន​ទៀត​ថា​ឆ្ងល់​ដែរ ​គេ​កំពុង​ធ្វើ​​ការ​ម៉េច ក៏​ចេះ​តែ​ចង់​ផ្សាយ​ខ្លាំងម្ល៉េះ ​។ ​ករណី​នេះ ​ក្រុម​កម្មករ​បាន​លើក​ឡើង​ថា​ រឿង​នេះ​មិនមែន​អ្នក​ខាងក្រៅ​ឯណា ​មក​គាស់​ចំ​កន្លែង​ឃ្លាំង​បែប​នេះ​ ហើយ​​ជញ្ចូន​​ទៅ​ដោយ​ស្រួល​បែប​នេះ​ឡើយ ​បើ​គ្មាន​ការ​សហការ​គ្នា​ គឺ​​ពិតជា​មិន​ងាយ​នឹង​ធ្វើ​សកម្មភាព​បាន​ងាយ​​ឡើយ ​៕