ផ្ទះ​វេរ​លុយ​វី​ង​ទៀត​ហើយ ! លើក​នេះ​កណ្ដាល​ក្រុងភ្នំពេញ​តែ​ម្តង

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយ​ក្រុម​មាន​៣​នាក់ ប្រដាប់​ដោយ​អាវុធ​ខ្លី​គ្រប់​ដៃ បាន​ជិះ​ម៉ូតូ​២​គ្រឿង​មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​មួយ​កន្លែង​ប្រមូល​យក​ប្រាក់​អស់​១​ម៉ឺន​២​ពាន់​ដុល្លារ​រួច​នាំ​គ្នា​គេចខ្លួន​ទៅ​បាត់​ដោយ​សុ​វត្តិភាព​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ខណ្ឌដូនពេញ​ឡើយ ។ ករណី​ប្លន់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​វេរ​លុយ​វី​ង យីហោ ប៊ុ​ន ហួរ ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ​១៤០ ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌ​ដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​តែ​បើក​ទ្វារផ្ទះ​ប្រកប​មុខរបរ​ដូច​សព្វមួយដង ក៏​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ដើរ​ចូល​មក​សួរ​រក​ទិញ​កាត​ទូរស័ព្ទ​តម្លៃ​២​ដុល្លារ​មួយ​សន្លឹក ភ្លាម​ៗ​នោះ​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់​ទៀត​ជិះ​ម៉ូតូ​២​គ្រឿង​មក​ឈប់​ខាង​មុខ ហើយ​បាន​ដក​អាវុធ​ខ្លី​ពី​ចង្កេះ​មក​ភ្ជង់ និង​ធ្វើ​សកម្មភាព​ប្លន់​យក​លុយ​អស់​មួយ​ចំនួន​រួច​នាំ​គ្នា​ឡើង​ជិះ​ម៉​តូ​រត់គេច​ខ្លួន​បាត់​អស់​ដោយ​សុវត្ថិភាព​ដោយ​មិន​បាន​រំខាន​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​បន្តិច​ណា​សោះឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ក​ម្លាំ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ផ្ទះ​វេរ​លុយ​ខាងលើ​ដែរ តែ​ត្រូវ​ម្ចាស់ផ្ទះ​ប្រាប់​ថា រូប​គាត់​មិន​ដាក់​ពាក្យបណ្តឹង​ទេ ដោយ​ប្រាក់​ដែល​បាន​បាត់បង់​ទៅ​នោះ​មាន​ចំនួន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ លុះ​មក​ដល់​រសៀល​ក្នុង​ថ្ងៃ​ដដែល​នោះ ក្រុម​ជន​រង​គ្រោះ​ក៏​បាន​កែប្រែ​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្តាល​អំពី​ករណី​មាន​ក្រុម​ជនប្រដាប់អាវុធ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ធ្វើ​សកម្មភាព​ភ្ជង់​ម្ចាស់ផ្ទះ​ប្លន់​យក​លុយ​នេះ​អស់ប្រាក់​ចំនួន​១២.០០០​ដុល្លារ ។

ក្រោយ​ពេល​ដែល​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​នាំ​គ្នា​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ទាំងនោះ​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ឲ្យ​ខាង​តែ​បាន ៕