ចោលម្សៀត ! ធ្វើ​បែប​នេះ​លើ​ក្មួយបង្កើត​ខ្លួនឯង

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ថា​បាន​ប្រទូស​កេរ្តិ៍​ក្មួយ​ស្រី​បង្កើត​របស់​ខ្លួនឯង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កង ស៊ី​លាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះជា​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ហើយ​ត្រូវជា​ក្មួយ​ស្រី​បង្កើត​របស់​ជនសង្ស័យ​ទៀត​ផង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ប្រជាពលរដ្ឋ​អំពី​ហេតុការណ៍​ប្រទូស​កេរ្តិ៍​ខាងលើ​រួច​មក សមត្ថកិច្ច​ក៏​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​នាំ​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ដេក​លង់លក់​នៅ​លើ​គ្រែ​ក្នុងផ្ទះ រហូត​ដល់​ម៉ោង​ប្រហែល​១០​យប់ ជនសង្ស័យ​ដែល​ត្រូវជា​អ៊ុំ​បង្កើត​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ក្នុង​អាកា​រៈ​ស្រវឹង​យ៉ាង​ខ្លាំង​ហើយ​ក៏​បាន​ឡើង​ដេក​លើ​គ្រែ​ជាមួយ​ក្មួយ​ស្រី​ខ្លួនឯង មិនតែប៉ុណ្ណោះ​បាន​យកដៃ​ទៅ​ស្ទាបអង្អែល​ប្រដាប់​ភេទ​ក្មួយ​ស្រី​ទៀត ធ្វើ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ភ្ញាក់​ដឹងខ្លួន​ឡើង​ស្រែក​ឆោឡោ​ហៅ​ម្តាយ​ឲ្យ​ជួយ ។

សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦​នេះ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕