ជំនឿ និងប្រការហាមឃាត់ អំពីជំនាងផ្ទះ

ប្រការហាមឃាត់ ក្នុងការដាក់ហ៊ឹងទីជូអៀ ឬជំនាងផ្ទះ ៖

-ហាមដាក់នៅក្នុងបន្ទប់ដាក់របស់របររញ៉េរញ៉ៃ។
-ហាមដាក់នៅក្រោមធ្នឹម។
-ហាមដាក់បែរមុខតម្រង់ទៅបន្ទប់ទឹក។
-ហាមដាក់បែរមុខទៅរកអាងទឹកគ្រប់ប្រភេទ។
-ហាមដាក់បែរមុខទៅរកទូចិញ្ចឹមត្រី។
-ហាមដាក់ទូចិញ្ចឹមត្រី នៅពីលើទីជូអៀ។
-ហាមដាក់រូបភាពអាសអាភាស ពីខាងមុខទីជូអៀ។
-ហាមដាក់ផ្អែកទីជូអៀ នឹងបង្គន់ឬបន្ទប់ទឹក។
-ហាមដាក់ហ៊ឹងជំនាងផ្ទះ ក្នុងទិសដែលឆុងនឹងឆ្នាំកំណើតម្ចាស់ផ្ទះ។

ជំនឿ និងប្រការហាមឃាត់ អំពីជំនាងផ្ទះ

ទិសហាមដាក់ផ្អែកហ៊ឹងជំនាងផ្ទះ តាមឆ្នាំកំណើតម្ចាស់ផ្ទះ ៖

-ឆ្នាំជូត ហាមដាក់ផ្អែកទិសខាងត្បូង។
-ឆ្នាំឆ្លូវ ហាមដាក់ផ្អែកទិសនិរតី។
-ឆ្នាំខាល ហាមដាក់ផ្អែកទិសនិរតី។
-ឆ្នាំថោះ ហាមដាក់ផ្អែកទិសខាងលិច។

-ឆ្នាំរោង ហាមដាក់ផ្អែកទិសពាយ័ព្យ។
-ឆ្នាំម្សាញ់ ហាមដាក់ផ្អែកទិសពាយ័ព្យ។
-ឆ្នាំមមី ហាមដាក់ផ្អែកទិសខាងជើង។
-ឆ្នាំមមែ ហាមដាក់ផ្អែកទិសឦសាន។
-ឆ្នាំវក ហាមដាក់ផ្អែកទិសឦសាន។
-ឆ្នាំរកា ហាមដាក់ផ្អែកទិសខាងកើត។
-ឆ្នាំច ហាមដាក់ផ្អែកទិសអាគ្នេយ៍។
-ឆ្នាំកុរ ហាមដាក់ផ្អែកទិសអាគ្នេយ៍។

ជំនឿ និងប្រការហាមឃាត់ អំពីជំនាងផ្ទះ

លក្ខខណ្ឌជ្រើសទិញហ៊ឹងជំនាងផ្ទះ ៖

-ជ្រើសឱ្យសមស្របនឹងផ្ទះ ដែលរស់នៅបច្ចុប្បន្ន ទាំងថ្មកែវ និងឈើ។
-ជ្រើសទំហំដែលមានតុល្យភាពនឹងទំហំផ្ទះ ដូចជា ផ្ទះធំ ប្រើហ៊ឹងជំនាងផ្ទះ ឬទីជូអៀ តូចពេក ក៏គ្មានតុល្យភាពដែរ៘
-ជ្រើសរបស់ដែលមានភាពរឹងមាំ ធន់បានយូរ និងមានភាពស្រស់ស្អាត។

ហេតុអ្វីចាំបាច់ត្រូវតែមានទីជូអៀ ឬជំនាងផ្ទះ ៖
ដោយសារទីជូអៀ ឬជំនាងផ្ទះ គឺជាម្ចាស់ដី ជាអាទិទេពដែលចាំជួយថែរក្សា ការពារឃុំគ្រង មើលថែរក្សាអ្នករស់នៅក្នុងផ្ទះ។ ដូចនេះ ការដែលម្ចាស់ផ្ទះ រៀបចំទីកន្លែងរស់នៅឱ្យទេវតាដែលឃុំគ្រងរក្សាយើង ជាការរៀបចំទីកន្លែង ដើម្បីឱ្យជំនាងផ្ទះសណ្ឋិតនៅក្នុងផ្ទះជាផ្លូវការ ដែលនឹងនាំមកនូវសេចក្តីសុខក្សេមក្សាន្តដល់អ្នករស់នៅក្នុងផ្ទះ។

តម្រាខ្លះបាននិយាយថា ទីជូអៀ ឬជំនាងផ្ទះ គឺជាវិញ្ញាណមកពីបុព្វបុរស ជីដូនជីតារបស់យើង ដែលចាំបាច់ត្រូវរកកន្លែងស្នាក់អាស្រ័យជាផ្លូវការ ដើម្បីចាំថែរក្សាការពារកូនចៅ។

លក្ខណៈរបស់ហ៊ឹងជំនាងផ្ទះ ឬទីជូអៀ ៖
បែបបទ និងទំហំរបស់ទីជូអៀ ស្ថិតនៅលើតុល្យភាពរបស់ផ្ទះ ដែល រស់នៅ នឹងទីកន្លែងដាក់តាំងទីជូអៀ ថា មានបរិវេណបណ្តោយ និងទទឹង ប៉ុន្មាន? ស្ថិតនៅក្នុងទីតាំងណារបស់ផ្ទះ? សំខាន់បំផុត គឺត្រូវស័ក្តិសមនឹង ឋានៈ និងការនិយមរបស់ម្ចាស់ផ្ទះ។

ហ៊ឹងជំនាងផ្ទះ ឬទីជូអៀ ជាទូទៅមានពណ៌ក្រហម ព្រោះពណ៌ក្រហម ជាធាតុភ្លើង បន្ថែមធាតុដី តែមិនចាំបាច់ត្រូវមានពណ៌ក្រហមជានិច្ចនោះទេ។ ដោយសារទីជូអៀ ជាធាតុដី ដូចនេះពណ៌ដែលស័ក្តិសមនឹងទីជូអៀ គឺពណ៌ក្រហម (ធាតុភ្លើង), ពណ៌ក្រែម, ពណ៌លឿង, ពណ៌ឥដ្ឋ, ពណ៌ពងមាន់ (ធាតុដី)។ ចំពោះពណ៌ក្រហម ដែលគេនិយមនោះ ដោយសារតែប្រពៃណី និងជំនឿ ដែលចាត់ទុកថា ពណ៌ក្រហម ជាពណ៌មង្គល ហើយបិទបាំងពណ៌ របស់ធាតុឈើ ដោយការលាបពណ៌ក្រហម។

ហ៊ឹងជំនាងផ្ទះ ឬទីជូអៀ ជាថ្មកែវបានឬទេ? ដោយសារតែទីជូអៀ ឬជំនាងផ្ទះ ជាទេវៈដែលនៅជិតនឹងដីបំផុត ហើយជា ធាតុដីផងនោះ តាមគោលការណ៍ធម្មជាតិ ដីនៅពេលរួមជាមួយគ្នាយូរទៅៗ នឹងចាប់គ្នាយ៉ាងស្អិត ក្លាយជាធាតុរ៉ែថ្មផ្សេងៗ។ ចំពោះថ្មកែវ ជាសមាសធាតុ រួមផ្សំពីដី ធ្វើឱ្យមានភាពរឹងមាំជាដីជាច្រើនដង ដូចនេះ ការដែលយកថ្មកែវ មកធ្វើជាហ៊ឹងទីជូអៀ ក្រៅពីធ្វើឱ្យមានភាពរឹងមាំ ជាប់បានយូរហើយនោះ ក៏ត្រូវតាមគោលការណ៍របស់ធាតុទាំង៥ផងដែរ។ នៅពេលដែលទីជូអៀ រស់នៅត្រជាក់សុខសប្បាយហើយនោះ ក៏ធ្វើឱ្យម្ចាស់ផ្ទះមានសេចក្តីសុខ ជាមួយគ្នាដែរ៕

ដកស្រង់ពីៈ svengyul