សាលាឧទ្ធរណ៍ ជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំ​ របស់មន្រ្តីសិទ្ធិមនុស្សអាដហុក និង អគ្គលេខាធិការរង គ.ជ.ប នៅថ្ងៃ១៣ មិថុនា

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះ លើបណ្តឹងសុំនៅក្រៅឃុំ របស់មន្រ្តីសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើតាមការបញ្ជាក់របស់លោក សំ សុគង់ មេធាវីការពារក្តីឲ្យ នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។

សាលាឧទ្ធរណ៍ ជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំ​ របស់មន្រ្តីសិទ្ធិមនុស្សអាដហុក និង អគ្គលេខាធិការរង គ.ជ.ប នៅថ្ងៃ១៣ មិថុនា

លោក សំ សុគង់ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះថា សវនាការនឹងធ្វើឡើងនៅម៉ោងប្រមាណ៨ព្រឹក នៅបន្ទប់សវនាការលេខ៣។ បើតាមលោក សំ សុគង់ សវនាការនេះធ្វើឡើងជាអសាធារណៈ ពោលសវនាការមានតែជនជាប់ចោទ និងមេធាវីការពារក្តីប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យសាធារណជន ចូលរួមស្តាប់សវនាការនោះឡើយ។

លោក សំ សុគង់ បានសំណូមពរសាលាឧទ្ធរណ៍អនុញ្ញាតឲ្យកូនក្តីរបស់ខ្លួន គឺលោក នី ចរិយា ក៏ដូចជាមន្រ្តីសិទ្ធិមនុស្សដទៃទៀត បាននៅក្រៅឃុំ។ លោក បានបញ្ជាក់ថា ទាំងលោក នី ចរិយា និងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤នាក់ផ្សេងទៀត សុទ្ធតែលំនៅឋានអចិន្រ្តៃយ៍ ក្នុងរាជធានីភ្នំពេញ ដូច្នេះពួកគកាត់នឹងមិនគេចវេស នាំឲ្យប៉ះពាល់ដល់ការជម្រះក្តី របស់សាលាដំបូងរាជធានីភ្នំពេញនោះឡើយ។

សូមបញ្ជាក់ថា មន្រ្តីការពារសិទ្ធិមនុស្សអាដហុក ៤រូបរួមមាន៖ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុកនិងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបានចៅក្រមសាលាដំបូង សម្រេចឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ពីបទ សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។

ការនាំខ្លួនទៅសាកសួរ និងការឃុំខ្លួននេះ បានធ្វើឡើងក្រោយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថាមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំងមិនឆ្លើយការពិតប្រាប់ សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ កញ្ញាអះអាងថា ជនជាប់ចោទទាំង ៥រូប និងមនុស្សមួយចំនួនទៀត ជាអ្នកបង្គាប់ឱ្យនាងកុំនិយាយការពិតប្រាប់សមត្ថកិច្ច។

លោក សំ សុគង់ បានបញ្ជាក់ថា បច្ចុប្បន្នលោក នី ចរិយា ត្រូវបានឃុំខ្លួននៅពន្ធនាគារ PJ ហើយមានសុខភាពល្អធម្មតា តែមានការប៉ះពាល់ដល់ស្មារតីខ្លាំង ពាក់ព័ន្ធនិងស្ថានភាពរបស់ក្រុមគ្រួសារ៕

សាលាឧទ្ធរណ៍ ជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំ​ របស់មន្រ្តីសិទ្ធិមនុស្សអាដហុក និង អគ្គលេខាធិការរង គ.ជ.ប នៅថ្ងៃ១៣ មិថុនា

ប្រភពៈ freshnewsasia