ចិន ស្វាគមន៍ ហ្វីលីពីន ថា «​ទ្វារ​សម្រាប់​ការចរចា​ទ្វេភាគី តែងតែ​បើកចំហរ​ជានិច្ច​» និពន្ធដោយ : ទេព អ៊ីវិសាល       June-02-2016, 5:03 pm         3982

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 -092 299 377ចិន ស្វាគមន៍ ហ្វីលីពីន ថា «​ទ្វារ​សម្រាប់​ការចរចា​ទ្វេភាគី តែងតែ​បើកចំហរ​ជានិច្ច​»​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី នៅ​ថ្ងៃទី​០១ ខែមិថុនា ម្សិលមិញ បានបញ្ជាក់​ថា​លោក ស្វាគមន៍​ចំពោះ​ទំនាក់ទំនង​ដ៏​កក់ក្តៅ​ជាមួយ​ហ្វីលីពីន ក្រោយ​មាន​ទំនោរ​វិជ្ជមាន​ពី​រដ្ឋបាល​ហ្វីលីពីន​ថ្មី​របស់​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទេ​តេ (Rodrigo Duterte)​។​



​ថ្លែង​ពី​សន្និសីទ​អំឡុងពេល​ទស្សនកិច្ច​ទៅកាន់​កាណាដា ប្រមុខ​ការទូត​ចិន លោក វ៉ាង យី បាន​ប្រាប់ ថា «​ទ្វារ​សម្រាប់​កិច្ចសន្ទនា​រវាង​ចិន និង​ហ្វីលីពីន តែងតែ​បើកចំហរ​ជានិច្ច​»​។ នេះ​បើ​យោងតាម​ភ្នា​ក់ ងារ​ព័ត៌មាន AFP ។

​លោក​រដ្ឋមន្ត្រី ក៏បាន​បន្ថែម​ដែរ​ថា ប្រសិន​ហ្វីលីពីន ពិតជា​ចង់​ត្រលប់​ទៅរក​កិច្ចសន្ទនា និង​ការចរចា​វិញ ចិន នឹង​ស្វាគមន៍ ហើយ មធ្យោបាយ​នេះ នឹងធ្វើ​ឲ្យ​ចិន និង​ហ្វីលីពីន អាច​បំបែក​ភាពជាប់គាំង​នៃ​ទំនាក់ ទំនង​ទ្វេភាគី​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។

​ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ចិន ធ្វើឡើង​បន្ទាប់ពី​មាន​សារ​ឆ្លើយឆ្លង​វិជ្ជមាន​រវាង​ប្រមុខរដ្ឋ​ទាំងពីរ គឺ​ចិន និង​ហ្វីលីពីន​។ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ផ្ញើ​សារ​សាទរ​ទៅកាន់​លោក អភិបាលក្រុង​ដា​វ៉ា​វ រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែល​ទទួល​ជ័យជម្នះ​លើ​ការបោះឆ្នោត និង​ការ​ក្លាយជា​ប្រ​ធានា ធិបតី​ទី​១៦​របស់​ហ្វីលីពីន​។ ពិសេស​នោះ លោក ឌើ​ទើ​តេ ថែមទាំង​ផ្ញើ​សារ​ត្រលប់​ទៅកាន់​លោក ស៊ី ជិន​ពីង ដោយ​ហៅ​ប្រធានាធិបតី​ចិន​រូបនោះ​ថា ជា​«​ប្រធានាធិបតី​ដ៏​អស្ចារ្យ​»​ទៀតផង​។

​អ្វី​គួរកត់សម្គាល់​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ត្រៀម​កាន់តំណែង​ថ្មី​ហ្វីលីពីន លោក Perfecto Yasay បាន​បង្ហើប​ថា កិច្ចសន្ទនា​ទ្វេភាគី រវាង​ហ្វីលីពីន និង​ចិន នឹង​អាចជួយ​បន្ធូរបន្ថយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ លោក ថែមទាំង​បញ្ជាក់ថា «​គ្មាន​មធ្យោបាយ​ណា​ដោះស្រាយ ប៉ុន្តែ ការចរចា​ទ្វេភាគី​»​។

​សូមបញ្ជាក់​ផងដែរ​ថា ទំនាក់ទំនង​ចិន និង​ហ្វីលីពីន មាន​ភាពល្អក់​កករ​នឹង​គ្នាច្រើន​ក្រោម​រដ្ឋបាល​របស់ លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ជាពិសេស​នោះ​រឿង​បញ្ហា​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​។ តែ​រដ្ឋបាល​របស់លោក ឌើ​ទើ​តេ គេ​រំពឹងថា ទំនាក់ទំនង​ហ្វីលីពីន និង​ចិន អាចមាន​លក្ខណៈ​ល្អប្រសើរ​ជាង​អាណត្តិ​របសលោក អា​ហ្គី​ណូ​៕