អាជីវករ​ផ្សារ​ស្ទឹងត្រែង​គ្រោង​ដាក់​ញត្តិ​ជូន​លោក ហ៊ុន សែន អំពី​ប្លង់​សាងសង់​ផ្សារ​ថ្មី

ក្រុម​អាជីវករ​ផ្សារ​ខេត្ត​ស្ទឹងត្រែង ត្រៀម​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រឆាំង​គម្រោង​សាងសង់​ផ្សារ​ស្ទឹងត្រែង​ថ្មី និង​ការ​សាងសង់​បង្គន់​អនាម័យ ៣០​បង្គន់​របស់​អាជ្ញាធរ​ខេត្ត​នៅ​បរិវេណ​តូប​របស់​ពួក​គេ​មុន​អគ្គីភ័យ​ឆេះ។

ក្រុម​អាជីវករ​ចាត់​ទុក​គម្រោង​សាងសង់​ផ្សារ​ថ្មី ថា​ផ្ទុយ​ពី​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​មាន​ការ​អន្តរាគមន៍​បន្ទាន់​មួយ​ពី​ក្រុម​ការងារ​របស់​រដ្ឋាភិបាល ដើម្បី​ធានា​ថា គម្រោង​សាងសង់​ផ្សារ​ថ្មី​នោះ​មាន​តម្លាភាព និង​ឆ្លើយ​តប​តម្រូវ​ការ​ចាំបាច់​របស់​អាជីវករ។

អាជីវករ​ផ្សារ​ស្ទឹងត្រែង បារម្ភ​ជា​ថ្មី​ទៀត ខណៈ​សំណូមពរ និង​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ។

ពួក​គេ​កំពុង​ខ្វាយខ្វល់​ពី​ដំណើរ​ការ​សាងសង់​ផ្សារ​ថ្មី​របស់​អាជ្ញាធរ ធ្វើ​ឲ្យ​ខុស​ស្ថានភាព​តូប​របស់​អាជីវករ។ អាជីវករ​អះអាង​ថា ការ​សាងសង់​ប្រព័ន្ធ​លូ​ដើម្បី​បង្ហូរ​កាក​សំណល់ និង​បង្គន់​អនាម័យ​យ៉ាង​ច្រើន​នៅ​ទីប្រជុំជន អាច​ប៉ះពាល់​សុខភាព​ប្រជាជន ហើយ​អាច​មាន​ក្លិន​ស្អុយ។

តំណាង​អាជីវករ លោកស្រី វ៉ា សុម៉េង កត់​សម្គាល់​ថា តូប​របស់​អាជីវករ​នីមួយៗ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​រាប់​ម៉ឺន​ដុល្លារ ដែល​រំពឹង​បាន​ប្រាក់​ចំណេញ​ពី​ការ​លក់​ដូរ។ ផ្ទុយ​ទៅ​វិញ មិន​ត្រឹម​តែ​ខាតបង់​ទ្រព្យ​សម្បត្តិ​ដោយ​អគ្គីភ័យ​នោះ​ទេ មុខ​របរ​លក់​ដូរ​របស់​ពួក​គេ ក៏​កំពុង​ប្រឈម​ហានិភ័យ​ដែរ ដោយសារ​តែ​អាជ្ញាធរ​បាន​កសាង​បង្គន់​អនាម័យ​នៅ​លើ​ទីតាំង​តូប​របស់​ពួក​គេ​កាល​ពី​មុន។

លោកស្រី​ថា បញ្ហា​នេះ​ហាក់​ដូចជា​ផ្ដាច់​ដង្ហើម​ចំណូល​សេដ្ឋកិច្ច​អាជីវករ​ដែល​ជំរុញ​ឲ្យ​ពួក​គេ​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដែល​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល ឬ​អាច​ត្រូវ​ធនាគារ​រឹប​អូស​ទ្រព្យ​សម្បត្តិ ដោយសារ​តែ​គ្មាន​តូប​លក់​ដូរ៖ «អាជីវករ​ខ្លះ​យក​លុយ​ពី​ធនាគារ​មក​ទិញ​តូប ដើម្បី​ចង់​បាន​ជួរ​មុខ។ ឥឡូវ​បែរ​ជា​រក​កន្លែង​ហ្នឹង​ដាក់​បន្ទប់​ទឹក តើ​ត្រឹមត្រូវ​ទេ? ហើយ​មាន​អាណិត​អាជីវករ​ផ្សារ​ស្ទឹងត្រែង​អត់? ភ្លើង​ឆេះ​អស់ លុយ​ក៏​អត់​មាន​បង់​ឲ្យ​ធនាគារ។ ចឹង​យក​តូប​គ្នា​ទៀត ចឹង​ឲ្យ​គ្នា​សង្ឃឹម​អី»

អាជីវករ​ម្នាក់​ទៀត លោក កាំង ធារ៉ា ចាត់​ទុក​ការ​សាងសង់​ផ្សារ​ថ្មី​របស់​អាជ្ញាធរ គឺ​ផ្ទុយ​ពី​ប្រសាសន៍​លោក ហ៊ុន សែន ដែល​ថ្លែង​ថា គម្រោង​សាងសង់​ផ្សារ​ថ្មី​ជូន​អាជីវករ​ដូច​ទីតាំង​ចាស់​ដដែល។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល​មិន​អនុវត្ត​តាម​គម្រោង​សាងសង់​ផ្សារ ផ្អែក​តាម​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល​ទេ មាន​ន័យ​ថា ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​ការ​សន្យា​ខ្យល់៖ «អត់​មាន​អី ត្រូវ​តវ៉ា​ហ្នឹង​ទៀត​ទេ មាន​តែ​ទៅ​សុំ​សម្ដេច ឲ្យ​សម្ដេច​ហ្នឹង​ជួយ​ដោះស្រាយ​ឲ្យ​អាជីវករ​ដែល​រងគ្រោះ​ការ​ខូចខាត​ហ្នឹង»

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ សន្យា​ថា​នឹង​សាងសង់​ផ្សារ​ថ្មី​ខេត្ត​ស្ទឹងត្រែង ជា​បន្ទាន់ ជូន​អាជីវករ​ខេត្ត​ស្ទឹងត្រែង។ ការ​សម្រេច​ការ​សាងសង់​ផ្សារ​នោះ គឺ​មាន​ស្ថានភាព​ដូច​ទីតាំង​ចាស់៖ «ជាមួយ​ខេត្ត​គេ​ធ្វើ​ការ​ហើយ យើង​ធ្វើ​ឲ្យ​តែ​អា​ខាង​លើ​ឲ្យ​ទេ។ អា​ខាង​ក្រោម គាត់​ធ្លាប់​លក់​កន្លែង​ណា គាត់​ធ្វើ​តូប​លក់​ខ្លួន​ឯង​កន្លែង​ហ្នឹង​ទៅ»

ពលរដ្ឋ​រស់នៅ​ខាង​ជើង​ផ្សារ​ថ្ម​ខេត្ត​ស្ទឹងត្រែង លោកស្រី អែម យ៉េត សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សាងសង់​បង្គន់​អនាម័យ​របស់​អាជ្ញាធរ ដែល​ឋិត​នៅ​ខាង​មុខ​ផ្ទះ​របស់​លោកស្រី។ លោកស្រី​មើល​ឃើញ​ថា ពន្លឺ​យុត្តិធម៌​នៃ​ការ​ទាមទារ​របស់​អាជីវករ ដែល​ចង់​ឲ្យ​មាន​ការ​លក់​ដូរ​ដូច​ទីតាំង​ចាស់​នោះ ហាក់​នៅ​ឆ្ងាយ ខណៈ​ដំណើរ​ការ​សាងសង់​បង្គន់​អនាម័យ និង​ផ្សារ​កំពុង​ឆ្ពោះ​ទៅ​មុខ៖ «បើ​អស់​លោក​ធ្វើ​ចឹង អស់​លោក​ធ្វើ​បង្គន់​ដាក់​មុខ​ផ្ទះ​ដែរ​ទៅ។ ទោះ​បី​ថា វី.អាយ.ភី (VIP) ក៏​ទប់​វា​មិន​ឈ្នះ​ដែរ ធ្វើ​ហ្នឹង​ដូច​ថា​មាន​អយុត្តិធម៌​ណាស់។ អាជីវករ​គ្នា​ក្រ​អស់​មួយ​ខេត្ត​ហើយ មិន​លំបាក​អី​ទាំង​ខ្ញុំ តែ​ខ្ញុំ​និយាយ​មិន​កើត»

កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា មេ​បញ្ជាការ​កង​កម្លាំង​វិស្វកម្ម លោក ខ្វាន់ សៀម ទទួល​បន្ទុក​សាងសង់​ផ្សារ​ស្ទឹងត្រែង​ថ្មី បាន​ជួប​ផ្ទាល់​មាត់​ជាមួយ​ក្រុម​អាជីវករ​ប្រហែល​ជាង ៣​ម៉ោង។ ក្នុង​ជំនួប​នោះ ក្រុម​អាជីវករ​អះអាង​ថា លោក ខ្វាន់ សៀម បង្ហាញ​ប្លង់​ផ្សារ​ថ្មី​មាន​តូប​ចំនួន ១.៣២០​តូប កើន​ឡើង ១០០​តូប ក្នុង​តូប​នីមួយៗ​ទំហំ ២​ម៉ែត្រ​ស្មើៗ​គ្នា។ លោក ខ្វាន់ សៀម បញ្ជាក់​ថា គម្រោង​សាងសង់​ផ្សារ​ស្ទឹងត្រែង​ថ្មី ត្រូវ​ប្ដូរ​ឈ្មោះ​ថា ផ្សារ​មរតក​តេជោ រ៉ានី ស្ទឹងត្រែង កំពុង​សាងសង់​ជា​បទដ្ឋាន​ស្តង់ដារ​ខ្ពស់ ដើម្បី​ធានា​សុខភាព​អាជីវករ។ បន្ទាប់​ពី​ជំនួប​នោះ​រួច ក្រុម​អាជីវករ​មួយ​ចំនួន សម្ដែង​ក្តី​អស់​សង្ឃឹម បន្ទាប់​ពី​ប្លង់​តូប​របស់​ពួក​គេ​ត្រូវ​ប្រែប្រួល​មក​តូច​ជាង​មុន ហើយ​ទីតាំង​លក់​ដូរ​ថ្មី​អាច​នឹង​ត្រូវ​ចាប់​ឆ្នោត។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង មិន​ធ្វើ​អធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ នៅ​ថ្ងៃ​ទី​៣១ ឧសភា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។ តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត បាន​សម្រេច​អនុវត្ត​គម្រោង​សាងសង់​តាម​គំរូ​ប្លង់ ដើម្បី​ធានា​នូវ​សោភណភាព និង​អនាម័យ ហើយ​តូប​របស់​ពលរដ្ឋ គឺ​មិន​ឲ្យ​នៅ​ជាប់​ផ្លូវ​ដូច​ទីតាំង​ចាស់​នោះ​ឡើយ ដើម្បី​ទុក​កន្លែង​ចត​ម៉ូតូ។ លោក​ថា តូប​របស់​ពលរដ្ឋ គឺ​ឋិត​ក្នុង​បរិវេណ​ផ្សារ​ទាំងអស់។ ដូច្នេះ អាជ្ញាធរ​សម្រេច​សាងសង់​បង្គន់ ៣០ ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​សាធារណជន៖ «និយាយ​ជា​រួម គឺ​តូប​ផ្សារ​របស់​បង​ប្អូន​អាជីវករ គឺ​ចូល​ខាង​ក្នុង​វិញ​ហើយ។ នៅ​ជុំវិញ​ផ្សារ គឺ​ត្រូវ​តែ​មាន​ផ្លូវ​ដើរ ហើយ​កន្លែង​ចត​ម៉ូតូ​កៀន​ផ្សារ គឺ​យើង​អត់​ឲ្យ​តូប​ជាប់​មក​ដល់​ផ្លូវ​ទៀត​ទេ»

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា គម្រោង​សាងសង់​ផ្សារ​ថ្មី ត្រូវ​សាងសង់​អនុលោម​តាម​ទម្រង់​ដើម ដែល​ធានា​ទាំង​ទំហំ និង​ទីតាំង​ដូច​ដើម​ដល់​អាជីវករ ដើម្បី​កាត់​បន្ថយ​វិវាទ។ លោក​មើល​ឃើញ​ថា គម្រោង​សាងសង់​ផ្សារ​ថ្មី​របស់​អាជ្ញាធរ អាច​មាន​ភាព​មិន​ប្រក្រតី ដោយសារ​តែ​ប្លង់​គម្រោង​សាងសង់​មាន​ទម្រង់​ថ្មី ហើយ​ទម្រង់​ថ្មី​នោះ​អាច​នាំ​មក​នូវ​ផល​ប៉ះពាល់​ថ្មី ដូចជា​ការ​ប្រែប្រួល​ទំហំ​តូប និង​ទីតាំង​ជាដើម។ លោក សន ជ័យ យល់​ថា កង​កម្លាំង​វិស្វកម្ម​របស់​លោក ខ្វាន់ សៀម មិន​មាន​សិទ្ធិ​សម្រេច​រៀបចំ​ប្លង់​តូប​របស់​អាជីវករ​ទេ ឬ​ក៏​កែប្រែ​ស្ថានភាព​តូប​របស់​ពួក​គេ​ឡើយ ដរាប​ណា​មិន​ទាន់​មាន​ការ​ឯកភាព​ទាំង​ស្រុង​ពី​ក្រុម​អាជីវករ៖ «ចំណុច​ដែល​ក្តៅ​ដែល​ឋិត​ក្នុង​ការ​ទាមទារ​របស់​អាជីវករ​ហ្នឹង គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដល់​ថ្នាក់​ជាតិ ពី​ចំណុច​មួយ​ចំនួន​ដែល​ហៅ​ថា​ជា​ចំណុច​មិន​ប្រក្រតី ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខឹងសម្បា​ហ្នឹង។ ជួនកាល​វា​អាច​ជា​រឿង​ទំនាស់​ផល​ប្រយោជន៍​រវាង​អាជ្ញាធរ​ហ្នឹង​ដែរ។ ខ្មែរ​យើង​ហៅ​ថា​កន្ទេល​បន្លំ​ដេក»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មើល​ឃើញ​ថា គម្រោង​សាងសង់​បង្គន់​ចំនួន ៣០ របស់​អាជ្ញាធរ​នៅ​លើ​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ។ លោក​ថា អាជ្ញាធរ​ពុំ​មាន​សិទ្ធិ​សម្រេច​អភិវឌ្ឍ​លើ​ដី​សាធារណៈ​នោះ​ទេ ដរាប​ណា​អាជ្ញាធរ​មិន​ទាន់​បាន​ធ្វើ​អនុប្រយោគ​ដី​នោះ​ឲ្យ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ​ជា​មុន​សិន៖ «ស្ថាប័ន​ណា​ចង់​ធ្វើ​ការ​អភិវឌ្ឍ ត្រូវ​អនុប្រយោគ​មក​ជា​ដី​ឯកជន​របស់​រដ្ឋ​សិន»

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង គ្រោង​សាងសង់​តូប​ថ្មី​មាន​ទំហំ ២​ម៉ែត្រ​បួន​ជ្រុង​ស្មើៗ​គ្នា​ប្រមាណ ១.៣២០​តូប គឺ​កើន​ឡើង ១០០​តូប និង​មាន​ទីតាំង​ផ្ញើ​ម៉ូតូ។ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ភ្លើង​ឆេះ​ផ្សារ​ថ្ម​ស្ទឹងត្រែង អស់ ១.២២០​តូប ដែល​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​អាជីវករ​រាប់​លាន​ដុល្លារ។

មន្ត្រី​សង្គម​ស៊ីវិល សង្ស័យ​ថា គោល​បំណង​នៃ​ការ​សាងសង់​បង្គន់ និង​ផ្សារ​ស្ទឹងត្រែង​ថ្មី​របស់​អាជ្ញាធរ អាច​ជា​រូបមន្ត​ត្រី​ងៀត​ឆ្លៀត​ពង បន្ទាប់​ពី​ប្លង់​តូប​កើន​ឡើង​ចំនួន ១០០​តូប​នោះ។ ទំហំ​ផ្សារ​ស្ទឹងត្រែង ទាំង​មូល គឺ​សាងសង់​លើ​ផ្ទៃដី​ជិត ១​ហិកតារ (.០៦៥,១​ម៉ែត្រ​ការ៉េ)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។