ប្រធានគណៈមេធាវីកម្ពុជា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចុះហត្ថលេខាស្នើសុំកុំឲ្យឃុំខ្លួនមេធាវី ពេជ រតនា ដែលត្រូវ ACU ចាប់ខ្លួន

(ភ្នំពេញ)៖ បន្ទាប់ពីមេធាវី ពេជ រតនា ត្រូវបាន ACU បញ្ជូនទៅដល់តុលាការក្រុងភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីការពារក្តី៦នាក់ទៀត បានទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយបានចុះហត្ថលេខាស្នើសុំឲ្យស្ថាប័នតុលាការ កុំឃុំខ្លួនមេធាវី ពេជ រតនា ដែលត្រូវបានចាប់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងអំពើពុករលួយ។

ប្រធានគណៈមេធាវីកម្ពុជា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចុះហត្ថលេខាស្នើសុំកុំឲ្យឃុំខ្លួនមេធាវី ពេជ រតនា ដែលត្រូវ ACU ចាប់ខ្លួន

មេធាវីទាំង៦រូប ដែលជួយការពារក្ដីឱ្យមេធាវី ពេជ រតនា រួមមាន៖ លោក សាំង វណ្ណៈ លោក អ៊ីវ ប៉ូលី លោក ជូ ចាន់ធីរ៉ា លោក លីវ សុវណ្ណា, អ្នកស្រី សៅ កញ្ញា និងលោក ឈី សម្បត្តិ។ មេធាវីទាំង៦រូបសុទ្ធសឹងតែជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងករណីខាងលើនេះ Fresh News នឹងសុំការបំភ្លឺពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅបន្ទាប់ទៀត។

សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកមេធាវី ពេជ រតនា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ។

លោកមេធាវី ពេជ រតនា ជាមេធាវីម្នាក់ នៅក្នុងគណៈមេធាវីកម្ពុជា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំង អំពើពុករលួយនាំខ្លួន ពីចំណតពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីលោក ចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយដើរទៅកាន់រថយន្តរបស់លោក៕

ប្រភពៈ m.freshnewsasia