ក្រសួងសុខាភិបាល ​ដាក់បញ្ចូល​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ខួរក្បាល​ជេ​អ៊ី ក្នុងការ​ផ្ត​ល់​ថ្នាំ​បង្ការ​ជាប្រចាំ​

ក្រសួងសុខាភិបាល ​ដាក់បញ្ចូល​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ខួរក្បាល​ជេ​អ៊ី ក្នុងការ​ផ្ត​ល់​ថ្នាំ​បង្ការ​ជាប្រចាំ​



ភ្នំពេញ ​៖ យោង​តាម​សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រសួងសុខាភិបាល និង​អង្គការ​ការ​សុខភាព​ពិភព​លោក​ចេញផ្សាយ កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ បាន​ប្រកាស​ដាក់បញ្ចូល​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ខួរក្បាល​ជេ​អ៊ី នៅក្នុង​សកម្មភាព​ផ្តល់​ថ្នាំ​បង្ការ ជាប្រចាំ​នៅតាម​មូលដ្ឋាន សុខាភិបាល​ទូទាំង​ប្រទេស​។​

ការប្រកាស​ដាក់បញ្ចូល​វ៉ាក់សាំង ការពារ​ជំងឺ​រលាក​ខួរក្បាល​ជេ​អ៊ី នៅក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃនេះ គឺ​ដើម្បី​ការពារ​កុមារ​ទាំងអស់​មិន​ឲ្យ​រងគ្រោះ​ដោយសារ​ជំងឺ​នេះ និង​ដើម្បី​ផ្តល់​ឱកាស​កសាង​គ្រួសារ សង្គមជាតិ នា​ពេល​អនាគត​ជាដើម​។

ការប្រកាស​នេះ បាន​ធ្វើឡើង​ក្រោយពី​យុទ្ធនា​ការ​ផ្តល់ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក ខួរក្បាល​ជេ​អ៊ី នៅ​តាម​ប៉ុស្តិ៍​ផ្តល់​ថ្នាំ​បង្ការ ក្នុងភូមិ​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព និង​សាលា​រៀន​កាលពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ បាន​បញ្ចប់​ជា​ស្ថាពរ​។​

ជំងឺ​រលាក​ខួរក្បាល​ជេ​អ៊ី​នេះ អាច​កើតមាន​គ្រប់​រដូវ​ពេញ​មួយឆ្នាំ និង​បង្ក​ដោយ​វីរុស ដែល​ចម្លង​មក​មនុស្ស​តាមរយៈ​សត្វ​មូស ហើយ​ច្រើន​កើតមានឡើង​លើ​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ​។ តាមរយៈ​គ្លីនិក​ជំងឺ​នេះ មាន​ប្រមាណ​ជា ៦,៧៩០០​ករណី ក្នុង​មួយឆ្នាំៗ នៅក្នុង​ប្រទេស​ទាំង​២៤​នៅ​ទ្វីបអាស៊ី​។

ក្នុង​ចំណោម​ករណី ដែល​មាន​សញ្ញា​គ្លីនិក​ទាំងអស់​ខាងលើ ប្រមាណ ពី​២០% ទៅ​៣០% បាន​ស្លាប់ និង​ភាគច្រើន​មាន​ពិការភាព ហើយ​អត្រា​ស្លាប់ ភាគច្រើន​មាន​លើ​កុមារ​ក្រោម អាយុ​១០​ឆ្នាំ​។​

គួរ​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ កម្មវិធី​ជាតិ​បាន​ផ្តល់​វ៉ាក់សាំង ការពារ​ជំងឺ​ចំនួន​៩​មុខ រួមមាន ​៖ ជំងឺរបេង​, ជំងឺ​រលាក​ថ្លើម ប្រភេទ​បេ​, ជំងឺ​ខាន់ស្លាក់​, ក្អកមាន់​, តេតាណូស​,​ស្វិតដៃជើង​, រលាក​សួត​, រលាក​ស្រោមខួរ និង​ជំងឺ​កញ្ជ្រិល​។ ចំណែក​វ៉ាក់សាំង ​ដែល​ត្រូវ​ផ្តល់​មាន​វ៉ាក់សាំង​របេង​, ស្វិតដៃជើង​, រលាក​សួត​, រលាក​ថ្លើម​ប្រភេទ​បេ​, វ៉ាក់សាំង​ប៉ែ​នតា​វ៉ា​ឡង់ ដែល​រួមបញ្ចូល​គ្នា​ជំងឺ​៥​មុខ​, វ៉ាក់សាំង​ក​ញ្ជ្រិ​ល​, វ៉ាក់សាំង​​ស្អូច​បូក​កញ្ជ្រិល​, វ៉ាក់សាំង តេតាណូស សម្រាប់​ស្ត្រី​ និង​វ៉ាក់សាំង​រលាក​ខួរក្បាល​ជេ​អ៊ី​៕