កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឫស្សី​កែវ​ បាញ់​យុវជន​ម្នាក់​របួសធ្ងន់ ​បន្ទាប់ពី​ហៅ​ឲ្យ​ឈប់ ​មិនព្រម​ឈប់

កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឫស្សី​កែវ​ បាញ់​យុវជន​ម្នាក់​របួសធ្ងន់ ​បន្ទាប់ពី​ហៅ​ឲ្យ​ឈប់ ​មិនព្រម​ឈប់



ភ្នំពេញ ៖ យុវជន​២​នាក់​ មានម្នាក់​បាន​ត្រូវរបួស​ជើង​ជា​ទម្ងន់ ដោយសារ​សមត្ថកិច្ច​បាញ់​ខណៈ​ពួកគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​អត់​មាន​ស្លាក​លេខ​និង​ដាក់​កញ្ចក់​ហើយ​ជិះ​ជួប​និង​កម្លាំង​សមត្ថកិច្ច​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ក៏បាន​បើក​ម៉ូតូ​រត់។

ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហ្គាស​ទាន់សម័យ​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ភូមិ​ស្វាយប៉ាក ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សី​កែវ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា យុវជន​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ អ៊ុត សំនៀង ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​រង​របួស​មួយ​គ្រាប់​ចំ​កជើង​ខាងស្តាំ​ ចំណែកឯ​អ្នក​ជិះ​ពីក្រោយ​មានឈ្មោះ អឿន សុធា​រ៉ា ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​អ្នក​ទាំង​២​នាក់ ​មានមុខ​ចាក់​នំ​ពង​ទា​ល​ក់ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រែព្រីង​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង ​ខេត្តកំពង់ឆ្នាំង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វេវ ពណ៌​ខ្មៅ អត់​ស្លាក​លេខ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរ​ជើង​គោក នៅ​ត្រង់​ចំណុច​មុខ​សួន​ឃ្លាំង​សាំង​សូ​គី​មិច ផ្លូវជាតិ​លេខ​៥​ភូមិ​ឃ្លាំង​សាំង​សង្កាត់​ឫស្សី​កែវ ស្រាប់តែ​បាន​ប្រទះឃើញ​យុវជន ២​នាក់​បាន​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​គ្មាន​ដាក់​កញ្ចក់ បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ សមត្ថកិច្ច​បាន​ហៅ​អោយ​ឈប់ តែ​យុវជន​ទាំង ២​នាក់​ពុំបាន​ឈប់​ទេ តែ​បែប​ជា​ជិះ​រត់គេច​ពី​កម្លាំង​សមត្ថកិច្ច​ទៅវិញ។ ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​ក៏​មាន​ការសង្ស័យ​លើ​យុវជន​ទាំង ២​នាក់​នោះ ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូតដល់​ចំណុច​មុខ​កា​រ៉ា​សាំង​ហ្គាស​ទាន់សម័យ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្វាយប៉ាក តែ​នៅ​មិន​ព្រម​ឈប់ ពេលនោះ កម្លាំង​សមត្ថកិច្ច​ក៏បាន​ដក​កាំភ្លើង​បាញ់ មួយ​គ្រាប់​ទៅលើ​យុវជន​ម្នាក់​ដែល​ជា​អ្នក​ឌុប បណ្តាល​ឲ្យ​ត្រូវ​ចំ​ជើង​ខាងស្តាំ​រង​របួស​ធ្ងន់ ក៏ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង។

ក្រោយពី​សមត្ថកិច្ច​សាកសួរ​រួច​យុវជន​ទាំង​២​នាក់​ បាន​សារ​ភាព​ថា ​ខ្លួន​បាន​ត្រឡប់​មកពី​លេង​ផ្ទះ​បងប្អូន​នៅ​ភូមិ​ដំបូក​ខ្ពស់ ​សង្កាត់​បឹងទំពន់​ ខណ្ឌមានជ័យ ​លុះ​ជិះ​មក​ចំណុ​ច​ខាងលើ​ត្រូវ​ជួប​និង​កម្លាំង​សមត្ថកិច្ច​កំពុង​ត្រួត​ពិ​ត្យ​ច្បាប់​ចរាចរណ៍​ខណៈ​ពេល​សមត្ថកិច្ច​ហៅ​ឲ្យ​ឈប់​ក៏ប៉ុន្តែ​រូបគេ​មិន​ហាន​ឈប់​ដោយសារ​ពួកគេ​គ្មាន​លុយ​ឲ្យ​សមត្ថកិច្ច​ទើប​ពួក​ជិះ​គេច​បែបនេះ ហើយក៏​ត្រូវ​សមត្ថកិច្ច​បាញ់​ត្រូវរបួស​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ឫស្សី​កែវ។ មហាជន​បាន​រិះគន់​សមត្ថកិច្ច​ខណ្ឌ​ឫស្សី​កែវ​ថា គ្រាន់តែ​រឿង​ចឹ​ង​ក៏បាន​ប្រើ​កាំភ្លើង​បាញ់សម្លាប់​ជនរងគ្រោះ​ដូច​សត្វ​ធាតុ នេះ​បាញ់​ត្រូវ​ចំ​ជើង​មិន​ចំ​កន្លែង​សំខាន់​បើ​ត្រូវ​ចំ​កន្លែង​សំខាន់​វិញ​ស្លាប់​ឥតប្រយោជន៍​តើ​អ្នកណា​ទទួលខុសត្រូវ៕

កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឫស្សី​កែវ​ បាញ់​យុវជន​ម្នាក់​របួសធ្ងន់ ​បន្ទាប់ពី​ហៅ​ឲ្យ​ឈប់ ​មិនព្រម​ឈប់ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឫស្សី​កែវ​ បាញ់​យុវជន​ម្នាក់​របួសធ្ងន់ ​បន្ទាប់ពី​ហៅ​ឲ្យ​ឈប់ ​មិនព្រម​ឈប់