មនុស្ស ៦ នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

មនុស្ស ៦ នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​



បាត់ដំបង ៖ បន្ទាប់ពី​បាន​ដាក់​ការសង្ស័យ និង​កំណត់​មុខសញ្ញា​កន្លងមក និង​បើក​ការស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​របស់​កម្លាំង​អាវុធហត្ថ​ក្រុង ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ទាំងស្រុង នូវ​ជនសង្ស័យ​ទាំង ៦ នាក់ បាន​នៅ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៦ កន្លង​ថ្មីៗ​នេះ ដែល​បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​ដោយ​លោក សំ វិ​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​បាត់ដំបង​។

លោក សំ វិ​ឡុង បាន​បញ្ជាក់ថា ការបង្ក្រាប និង​ឃាត់ខ្លួន​នេះ បាន​អនុវត្ត ២ ដំណាក់កាល ក្នុង​ថ្ងៃ​តែមួយ ដោយ​នៅវេលា​ម៉ោង ១២:៣០ នាទី កម្លាំង​បាន​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​បាន ២ នាក់ នៅលើ​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​/​ខេត្តបាត់ដំបង នៅ​ចំណុច​ក្បែ​សាលារៀន​សុវណ្ណ​ភូមិ រួម​និង​សារធាតុ​ញៀន​មួយចំនួន​។ ជនសង្ស័យ​ទាំងពីរ​នាក់​នោះ រួមមាន ឈ្មោះ​ទឹម រ៉ែ​ម ភេទ​ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ សង្កាត់​អូ​ចារ ក្រុង​និង​ខេត្តបាត់ដំបង ២ ឈ្មោះ សួន សំខាន់ ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​/​ខេត្តបាត់ដំបង​។​

​ក្រោយពី​ស្ដាប់​ចម្លើយ​សារភាពរ​បស់​ជន​សង្ស័យ​ទាំង ២ នាក់ ទើប​កម្លាំង​ជំនាញ​អាវុធហត្ថ​ក្រុង បាន​ចុះទៅ​ឃាត់​ជនសង្ស័យ ៤ នាក់​ថែមទៀត ដែល​ជា​បក្សពួក​របស់​ជនសង្ស័យ​ទាំង ២ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៤ នាក់​ទៀត​នេះ គឺធ្វើឡើង​នៅ​លើ​ភូមិសាស្ត្រ​ក្រុមទី៨ ភូមិ​អង់ សង្កាត់​អូ​ចារ ក្រុង​/​ខេត្ត​បាត់ដំបង ដែល​ក្នុងនោះ​រួមមាន ១ ឈ្មោះ ធួន ចំរើន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ២ ឈ្មោះ ធួន ដូ​សេត ហៅ​ឌូ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ៣ ឈ្មោះ លី ឡុង ភេទ​ប្រុស អាយុ ២១ ឆ្នាំ និង ៤ ឈ្មោះ ថង សារ៉ាក់ ហៅ​អា​ស្វិត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ អ្នក​ទាំង ៤​រស់នៅក្នុង​ស្រុក​ឯក​ភ្នំ ក្រុង​/​បាត់ដំបង ក្នុងនោះ​រឹបអូស​សារធាតុ​ញៀន​បាន​សរុប ៨ កញ្ចប់​ប្រភេទ​ម្សៅ​ពណ៌​ស​ទម្ងន់ ៦,៦៨ ក្រាម រួម​និង​សម្ភារ​:​មួយ​ចំនួនទៀត​។ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​របស់​អាវុធហត្ថ​ក្រុង កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕
មនុស្ស ៦ នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​