រយៈពេល​៥​ខែ​រដ្ឋ​ប្រមូលបាន​ថវិកា​ពី​ការលក់​សំបុត្រ​ចូល​អង្គរ​បាន​ជិត​២៨​លានដុល្លារ​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-02-2016, 7:39 pm         1531

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 -092 299 377រយៈពេល​៥​ខែ​រដ្ឋ​ប្រមូលបាន​ថវិកា​ពី​ការលក់​សំបុត្រ​ចូល​អង្គរ​បាន​ជិត​២៨​លានដុល្លារ​​សៀមរាប​៖ គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​ចំណូល​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៦ ។ យោងតាម​របាយការណ៍​សង្ខេប​បាន​បង្ហាញថា មាន​ទឹកប្រាក់​ជិត​២៨​លាន​ដុល្លារ ដែល​រដ្ឋ​ប្រមូលបាន តាមរយៈ​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។​

​ចំណូល​សរុប​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល​៥​ខែ មាន​ចំនួន ២៧,៩៧៣,៨៨០​ដុល្លារ​សហរដ្ឋអាមេរិក​។ ចំនួន​ទឹកប្រាក់​នេះ មានការ​កើនឡើង​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​២០១៥ គឺ​កើន ១.២៧%​។ ប៉ុន្តែ​របាយការណ៍​បង្ហា​ញ​ថា ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុងអំឡុងពេល​ដូចគ្នានេះ បែរជា​ថយចុះ ០.២៥%​ទៅវិញ គឺ​ស្មើនឹង​៩៧២,៧៥៣​នាក់ គឺ​ថយចុះ​ជាង​ឆ្នាំមុន​។​

​តាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១ មិថុនា ក៏បាន​បង្ហាញ​តួលេខ​ចំនួន​ទេសចរ និង​ចំណូល​ពី​ការលក់​សំបុត្រ​ក្នុង​ខែឧសភា​កន្លងទៅ​ផងដែរ​។ ក្នុងនោះ មាន​ទេសចរ​បរទេស​ចំនួន ១២៥,១៩៩​នាក់ ថយចុះ ១.៩១% ចំណែក​ចំណូល​រកបាន ៣,៤៧៣,៧២០​ដុល្លារ កើនឡើង​០.១១% ៕