រដ្ឋាភិបាល​ថា​ករណី​កោះ​ហៅ​លោក កឹម សុខា និង​ករណី​មន្ត្រី​បក្ស​ប្រជាជន​៦​រូប​មិន​ដូច​គ្នា​ទេ

រដ្ឋាភិបាល​ថា​ការ​ប្រៀបធៀប​ករណី​កោះ​ហៅ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ការ​កោះ​ហៅ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ៦​រូប​ដោយ​សាលា​ក្តី​ខ្មែរ​ក្រហម គឺ​ជា​ការ​ប៉ុនប៉ង​របស់​ក្រុម​មនុស្ស​មួយ​ចំនួន ដើម្បី​ឲ្យ​មាន​ការ​យល់​ច្រលំ។

កាល​ពី​ឆ្នាំ​២០០៩ សាលា​ក្តី​ខ្មែរ​ក្រោម បាន​កោះ​ហៅ​មនុស្ស​ចំនួន ៦​រូប​ដែល​ជា​មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា រួម​មាន​លោក ជា ស៊ីម លោក ហេង សំរិន លោក ហោ ណាំហុង លោក គាត ឈន់ លោក អ៊ុក ប៊ុនឈឿន និង​លោក ស៊ីម កា ដើម្បី​ចូល​ធ្វើ​ជា​សាក្សី​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​០០២ ប្រឆាំង​នឹង​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ៤​រូប គឺ នួន ជា ខៀវ សំផន អៀង សារី និង អៀង ធីរិទ្ធ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦​រូប​នោះ មិន​បាន​ចូល​ធ្វើ​ជា​សាក្សី​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ឡើយ។

សេចក្តី​បំភ្លឺ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ មិថុនា លើក​ឡើង​ថា នីតិវិធី​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម គឺ​មិន​ដូច​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ មាន​ន័យ​ថា ការ​សម្រេច​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម គឺ​ត្រូវ​ធ្វើ​ឡើង​តាម​គោលការណ៍​កុងសង់ស៊ីស ឬ​ការ​សម្រេច​រួម​គ្នា មុន​នឹង​អាច​កោះ​ហៅ​សាក្សី​ណា​មួយ​មក​បំភ្លឺ​នៅ​តុលាការ​បាន។ ប៉ុន្តែ​នៅ​ពេល​នោះ ការ​កោះ​ហៅ​មន្ត្រី​ទាំង ៦​នាក់​នោះ គឺ​ចេញ​តែ​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ម្នាក់​ឯង ដោយ​គ្មាន​ការ​ចូលរួម​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​នោះ​ឡើយ។ ករណី​នេះ គឺ​ខុស​ពី​នីតិវិធី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កោះ​ហៅ​លោក កឹម សុខា។

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​យល់​ថា ការ​ប្រៀបធៀប​រវាង​ករណី​កោះ​ហៅ​លោក កឹម សុខា ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦​រូប​ដោយ​សាលា​ក្តី​ខ្មែរ​ក្រហម គឺ​ជា​ការ​បំផ្លើស​ដើម្បី​បំភ័ន្ត​សាធារណមតិ​ឲ្យ​យល់​ច្រលំ និង​ជា​ការ​មិន​បាន​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​លើ​ដំណើរ​ការ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។