កូនស្រី​ច្បង អូបាម៉ា នឹង​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​«Harvard»

សកលវិទ្យាល័យ «Harvard» ដ៏ល្បីឈ្មោះរបស់អាមេរិក នឹងទទួលកូនស្រីច្បង​របស់​ប្រធានាធិបតី​ក្នុង​តំណែង លោក បារ៉ាក់ អូបាម៉ា ឲ្យចូល​មក​សិក្សា​រៀនសូត្រ ពី​គ្រឹះស្ថាន​របស់​ខ្លួន ចាប់ពីរដូវស្លឹកឈើជ្រុះ ឆ្នាំ២០១៧ខាងមុខ​នេះតទៅ។
កូនស្រី​ច្បង អូបាម៉ា នឹង​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​«Harvard»

ពីឆ្វេងមកស្ដាំ៖ កុមារី សាស្សា - លោក បារ៉ាក់ - កញ្ញា ម៉ាលីយ៉ា និងអ្នកស្រី មីឆែល នៃគ្រួសារអូបាម៉ា នៅក្នុងការអបអរសាទរ នៃការជាប់ឆ្នោតជាថ្មី របស់លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១២។

កូនស្រីច្បងរបស់ប្រធានាធិបតីអាមេរិក កំពុងដើរតាមផ្លូវចាស់ របស់ឪពុកម្ដាយរបស់នាង ជាបន្តទៅទៀត។ កញ្ញា ម៉ាលីយ៉ា អូបាម៉ា (Malia Obama) ដែលជាកូនស្រីច្បង ទើបពេញវ័យ របស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) នឹងចូលទៅរៀន ចាប់ពីរដូវស្លឹកឈើជ្រុះ ឆ្នាំ២០១៧ខាងមុខតទៅ នៅ​ក្នុង​សកល​​វិទ្យាល័យ ហាវាដ (Harvard) ដ៏ល្បី ស្ថិតក្នុងរដ្ឋម៉ាសាឈូតសេត (Massachusetts ភាគឦសាននៃសហរដ្ឋ​អាមេរិក)។ នេះ​បើ​តាមការការប្រកាស ឲ្យដឹងដោយផ្ទាល់ ពីសំណាក់ម្ដាយរបស់នាង គឺអ្នកស្រី មីឆែល អូបាម៉ា (Michelle Obama) កាលពីដើមខែឧសភា។

លោក និងអ្នកស្រី អូបាម៉ា អ្នកទាំងពីរសុទ្ធតែជាអតីតនិស្សិត និងទទួលបានសញ្ញាប័ត្រ ចេញពី​គ្រឹះស្ថាន​ដ៏​ធំ​មួយនេះ ដែលល្បីល្បាញ​ខាងការបណ្ដុះបណ្ដាល មេដឹកនាំ ឬជនល្បីៗក្នុងលោកជាច្រើននាក់។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ពីការិយាល័យស្ត្រីទីមួយអាមេរិក បានឲ្យដឹងថា៖ «លោកប្រធានាធិបតី និង​អ្នកស្រី អូបាម៉ា បានប្រកាសនៅថ្ងៃនេះ ថាកូនស្រីរបស់ពួកលោក គឺកញ្ញា ម៉ាលីយ៉ា នឹងចូលទៅរៀន​នៅ​សកល​វិទ្យាល័យ ហាវាដ នៅក្នុងរដូវសឹកឈើជ្រុះ ឆ្នាំ២០១៧ខាងមុខ សម្រាប់ជំនាន់និស្សិតទី២០២១។ កញ្ញា ម៉ាលីយ៉ា នឹងសម្រាកពីការសិក្សា ក្នុងរយៈពេលមួយឆ្នាំសិន មុននឹងចាប់ផ្ដើមចូលរៀន នៅក្នុង​សកល​វិទ្យាល័យ​ខាង​លើ។»

លោក បារ៉ាក់ អូបាម៉ា តែងមានការរំជួលចិត្ត នៅពេលដែលលោកនិយាយដល់ ការចាកចេញរបស់​កូន​ស្រី​លោក ចេញពីរង្វង់គ្រួសារ។ ជាពិសេស ការតៀមបញ្ជូនកូនស្រីលោក ទៅរៀននៅសកលវិទ្យាល័យ ឆ្ងាយ​ពី​គ្រួសារនេះ បានធ្វើឲ្យលោកស្រក់ទឹកភ្នែកសឹងតែរាល់ដង។ នេះបើតាមការលើកឡើង របស់​លោក​ប្រធានាធិបតី​ផ្ទាល់ កាលពីមួយឆ្នាំមុន។

នៅក្នុងឱកាសទទួលទានប្រចាំឆ្នាំ ជាមួយក្រុមអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ លោកបានបញ្ជាក់​ពី​អនាគត​របស់លោក បន្ទាប់ពីចាកចេញពីតំណែង​ជាប្រធានាធិបតីអាមេរិក នៅក្នុងខែមករាខាងមុខ ថា លោក​និង​គ្រួសារ នឹងរស់នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ប៉ុន្មានឆ្នាំទៅមុខទៀត ដើម្បីអនុញ្ញាតឲ្យនាងតូច សាស្សា អូបាម៉ា (Sasha Obama) កូនស្រីពៅរបស់លោក អាចបញ្ចប់ការសិក្សា​នៅថ្នាក់វិទ្យាល័យបានសព្វគ្រប់។

សូមបញ្ជាក់ដែរថា កូនស្រីទាំងទ្វេរ របស់ប្រធានាធិបតីអាមេរិក ម្នាក់អាយុ១៧ និងម្នាក់ទៀតអាយុ១៤ឆ្នាំ កំពុង​រៀន​នៅ​វិទ្យាល័យ «Sidwell Friends School» ដែលជាគ្រឹស្ថានសិក្សាឯកជនមួយ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕