អូ​បា​ម៉ា​៖ ចង់​មាន​ភាព​គួរសម​ក្នុង​នយោបាយ កុំ​បោះឆ្នោត​ឲ្យ​មនុស្ស​ដូច​ដូ​ណា​ល់ ត្រាំ​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-02-2016, 8:19 pm         3835

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 -092 299 377អូ​បា​ម៉ា​៖ ចង់​មាន​ភាព​គួរសម​ក្នុង​នយោបាយ កុំ​បោះឆ្នោត​ឲ្យ​មនុស្ស​ដូច​ដូ​ណា​ល់ ត្រាំ​​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ពន្យល់ថា​មូល​ហេតុដែល​បណ្តាល​ឲ្យ​បេក្ខជន​ប្រធានាធិបតី​បក្ស​សា​ធាណរ​ដ្ឋ ដូ​ណា​ល់ ត្រាំ កើនឡើង​ប្រជាប្រិយ​ភាពខ្លាំង​ពេល​ឃោសនាបោះឆ្នោត​នេះ​គឺ​មកពី​បញ្ហា​សេដ្ឋកិច្ច​។ ថ្វីបើ​លោក អូ​បា​ម៉ា ប្រឹងប្រែង​ច្រើន​កន្លងមក​ដើម្បី​ស្តារ​សេដ្ឋកិច្ច មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​បាន​ប្រយោជន៍​ឡើយ​។
ហើយ​អ្នកគាំទ្រ​សេដ្ឋី ដូ​ណា​ល់​ត្រាំ ភាគច្រើន​ជា​ប្រជាជន​វណ្ណៈ​កណ្តាល​និង​វណ្ណៈ​ទាប​ដែល​ពួកគេ​ជា​ជនរងគ្រោះ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ ២០០៨ មក​នោះ​។  លោក​ក៏​ឆ្លៀត​ទិតៀន ដូ​ណា​ល់ ត្រាំ ដែរ​ដោយ​លោក​ថ្លែងថា ប្រជាជន​អាមេរិក​គួរ​បោះឆ្នោត​ឲ្យ​អ្នកនយោបាយ​ដែលមាន​ភាព​គួរសម និយាម​សម​ហេតុផល​មាន​អំណះអំណាង​ត្រឹមត្រូវ មិនមែន​មនុស្ស​និយាយ​ឲ្យ​តែ​រួចពីមាត់​និង មាន​សម្តី​ឈ្លើយ​ទ្រគោះ​បក់បោក​ឡើយ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

«​ឈប់​ធ្វើ​ជំនួញ​ជាមួយ​ចិន​, បណ្តេញ​ជនអន្តោប្រវេសន៍​ចេញ និង​កសាង​ជញ្ជាំង​ព័ទ្ធជុំវិញ​អាមេរិក​ហើយ​ឲ្យ​មិច​ស៊ី​កូ​ចេញ​លុយ​» សុទ្ធតែជា​គោលនយោបាយ​លោក ដូ​ណា​ល់ ត្រាំ ដែល​ទាក់ទាញ​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​វណ្ណៈ​កណ្តាល​និង​វណ្ណៈ​ទាប​ខ្លាំង​កន្លងមក​ក្នុងការ​ឃោសនាបោះឆ្នោត​។ នេះ​ក៏ដោយ​សារ​ប្រជាជន​ទាំងនោះ​សុទ្ធតែជា​អ្នករងគ្រោះ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច ដែល​បង្កើត​ឲ្យ​មាន​អត្រា​គ្មាន​ការងារ​ធ្វើ​ខ្ពស់​និង​បញ្ហា​សង្គម​ផ្សេងទៀត​ច្រើន​ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ច​សកល​កើតឡើង​ឆ្នាំ ២០០៨ ។

១. បា​រ៉ា​ក់ អូ​បា​ម៉ា ៖  ដូ​ណា​ល់ ត្រាំ វាយ​ចំ​ចំណុចរសើប តែ​គ្មាន​នយោបាយ​ជាក់លាក់​
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​យល់​ស្រដៀង​គ្នា​ថា បញ្ហា​សេដ្ឋកិច្ច​ដែលជា​រឿង​ទូទៅ​នោះបាន​ជំរុញ​ឲ្យ​ប្រជាជន​ជាច្រើន​នាក់​ងាក​ទៅ​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ព្រោះ​ពួកគេ​រំពឹងថា ជីវភាព​រស់នៅ​របស់​ពួកគេ​នឹង​ផ្លាស់ប្តូរ ហើយ​នយោបាយ​សេដ្ឋកិច្ច​ថ្មី​នឹង​ជួយផ្តល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​។

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ខណៈដែល​កំពុង​ស្ថិតនៅ​ទីក្រុង Elkhart នៃ​រដ្ឋ Indiana  បាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​ថា រាល់​ការលើកឡើង​របស់​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច សុទ្ធតែ​ដូចគ្នា​ទៅនឹង​អ្វីដែល​ប្រជាជន​អាមេរិក​ធ្លាប់​លើកឡើង​ពី​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​របស់​ពួកគេ​ដែរ​។​

​តាមពិតទៅ​ទីក្រុង Elkhart នេះ​ជាទី​កន្លែង​ដែល​ឆ្លុះ​បញ្ជាក់​ពី​មរតក​នៃ​នយោបាយ​សេដ្ឋកិច្ច​សំខាន់​មួយ​ក្នុងនាម​ជា​ប្រធានាធិបតី​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ នេះ​ក៏ដោយ​សារ​វា​ជាទី​កន្លង​ដែល​លោក​មក​ទស្សនកិច្ច​មុនគេ នៅពេល​លោក​ក្លាយជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០០៨ ពេលដែល​អាមេរិក​ធ្លាក់​យ៉ាងជ្រៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ហើយ​អាត្រា​គ្មាន​ការងារ​ធ្វើ​កើន​ដល់​១៧​ភាគរយ​។ បច្ចុប្បន្ននេះ​អត្រា​អ្នកគ្មានការងារ​ធ្វើ​នៅត្រឹម ៣.៨​ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ លោក អូ​បា​ម៉ា ផ្ទាល់​ទទួលស្គាល់ថា បើទោះជា​រដ្ឋបាល​លោក​ប្រឹងប្រែង​ខ្លាំង​រហូតដល់​សម្រេចបាន​ផ្លែផ្កា​ច្រើន​កន្លងមក​ក៏ដោយ មិនមែន​ពលរដ្ឋ​អាមេរិក​គ្រប់គ្នា​បាន​ប្រយោជន៍​ពី​កំណើនសេដ្ឋកិច្ច និង​ការថយចុះ​នៃ​អត្រា​អ្នកគ្មានការងារ​ធ្វើ​នេះ​ទេ​។​

​យោងតាម​សារព័ត៌មាន Huffington Post លោក អូ​បា​ម៉ា លើកឡើងថា​៖« ដូ​ណា​ល់ ត្រាំ ជា​តួអង្គ​ដែល​ទាក់ទាញ​ជាង​អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ​ផ្សេងទៀត​។ ប៉ុន្តែ​រឿងរ៉ាវ​ច្រើនយ៉ាង​ដែល​សេដ្ឋី​អចលនទ្រព្យ​លើក​មក​និយាយ​នោះ​វា​ស្របទៅនឹង​អ្វីដែល​ប្រជាជន​អាមេរិក​ជាច្រើន​និយាយ​ពី​ខ្ញុំ​ឡើយ​។ ឬក៏​និយាយ​ពី​រឿង​ទូទៅ​ស្តីពី​បញ្ហា​សេដ្ឋកិច្ច​ដែល​កើតមានឡើង​កាលពី​ជាង ៧​ឆ្នាំមុន​, ១០​ឆ្នាំមុន ,២០​ឆ្នាំមុន ឬ​៣០​ឆ្នាំមុន​ប៉ុណ្ណោះ​»​។

​វា​ប្រាកដ​ណាស់​ថា នៅពេល​ប្រជាជន​ជាច្រើន​ប្រឈម​ការលំបាក​ផ្នែក​សេដ្ឋកិច្ច ពួកគេ​តែងតែ​ចង់បាន​ដំណោះស្រាយ​មួយ​។​ហើយ​វា​ជា​រឿង​ចៀស​មិន​ផុត​ដែល​ពួកគេ​ត្រូវ​គាំទ្រ​ដូ​ណា​ល់ ត្រាំ ពេលដែល​អ្នកនយោបាយ​ម្នាក់​ផ្តល់​ដំណោះស្រាយ​ថា​ធ្វើ​ដូច្នេះ ធ្វើ​ដូច្នោះ ដូចជា​សង់​ជញ្ជាំង​ហ៊ុមព័ទ្ធ​អាមេរិក​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ដើម្បី​កុំ​ឲ្យ​គេ​ដណ្តើម​ការងារ​ប្រជាជន​អាមេរិក ឬ​ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដើម្បី​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​អាមេរិក​។

​ប៉ុន្តែ ទោះជា ដូ​ណា​ល់ ត្រាំ និយាយ​ចំៗ​ពី​បញ្ហា​សេដ្ឋកិច្ច ដែលជា​រឿង​រសើប​ក្នុងសង្គម​អាមេរិក​ក៏ដោយ លោក អូ​បា​ម៉ា នៅតែ​មើលឃើញថា អ្នក​សាធារណរដ្ឋ​ម្នាក់នេះ​ផ្តល់​ដំណោះស្រាយ​និង​គោលនយោបាយ​ដែល​ខ្វះ​ភាពជាក់លាក់ និង​ផ្អែកលើ​ការ​ស្រមៃ​ច្រើនជាង​ការពិត​។ 

២.​លោក អូ​បា​ម៉ា​៖ ចង់​ឲ្យ​មាន​ភាព​គួរសម​ក្នុង​នយោបាយ​កុំ​បោះឆ្នោត​ឲ្យ​ដូ​ណា​ល់ ត្រាំ​
​ក្រៅពី​ពន្យល់​មូល​ហេតុដែល​បណ្តាល​ឲ្យ​អ្នកនយោបាយ​ដូច ដូ​ណា​ល់ ត្រាំ កើនឡើង​ប្រជាប្រិយភាព​រហ័ស លោក​អូ​បា​ម៉ា ក៏បាន​បញ្ជាក់​ផងដែរ​ថា បើសិន​គ្រប់គ្នា​ចង់​ឲ្យ​មាន​ភាព​គួរសម​ក្នុង​នយោបាយ គេ​មិនគួរ​បោះឆ្នោត​ឲ្យ​អ្នកនយោបាយ​និយាយ​ឲ្យ​តែ​បាន​និយាយ​ឡើយ​។  គេ​ដឹង​ច្បាស់​ថា លោក អូ​បា​ម៉ា លើកឡើង​នេះ​សំដៅ​ដល់ លោក ដូ​ណា​ល់ ត្រាំ ថ្វីបើ​លោក អូ​បា​ម៉ា​រក្សា​ជំហរ​មួយ​ដោយ​មិន​និយាយ​ចំៗ​ក៏ដោយ​។

​លោក​ថា​៖« អ្នកបោះឆ្នោត​មាន​ទំនួល​ខុសត្រូវ​មួយ​ក្នុងការ​លើកកម្ពស់​ភាព​គួរសម​ក្នុង​នយោបាយ ដោយ​មិន​បោះឆ្នោត​ឲ្យ​អ្នកណា​ដែល​និយាយស្តី​គ្មាន​អំណះអំណាង និយាយ​ឲ្យ​រួចពីមាត់​។ តែ​គេ​គួរ​បោះឆ្នោត​ឲ្យ​អ្នកណា​ដែល​និយាយ​មាន​ហេតុផល មាន​អំ​ណា​ង​អំ​ណា​ង​ត្រឹមត្រូវ​និង​សមរម្យ​»​។​

​កន្លងមក​លោក​ក៏បាន​បន្ទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ ដែល​ផ្តល់​ការចាប់អារម្មណ៍​ចំពោះ​លោក ដូ​ណា​ល់ ត្រាំ ខ្លាំងពេក​។ លោក​ពន្យល់​បន្ថែមថា គ្រប់យ៉ាង​ដែល​បានកើត​ឡើង​គឺ​អ្នកនយោបាយ​ទទួលបាន​ការចាប់អារម្មណ៍​កាន់តែច្រើន​នៅពេលដែល​អ្នកនោះ​ព្យាយាម​និយាយស្តី​ដោយមាន​កំហឹង​និង​ភាព​គ្រោតគ្រាត​។ ហើយ​ប្រសិនជា​អ្នក​និ​យោ​បាយ​នោះ​សុភាពរាបសារ និង​មិនសូវ​និយាយស្តី​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ឬ​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​យកទៅ​សរសេរ​ឡើយ​៕