ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ជា​ក្រុម​ជួញដូរ​គ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ នៅ​ព្រលប់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦​នេះ នគរបាល​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន បាន​០២​នាក់ ។ ជនសង្ស័យ​ទី​១​ឈ្មោះ ស៊ិ​ន ភា​រិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​២​ឈ្មោះ ឈាង ម៉េ​ង​ហុ​ក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទាំង​០២​នាក់​រស់នៅ​ក្នុងភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជំហាន​ដំបូង ដកហូត​បាន​គ្រឿងញៀន​២៣​កញ្ចប់ និង​សម្ភារ​ចែកចាយ​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​០២ បាន​ឆ្លើយ​ថា គ្រឿងញៀន​ដែល​ពួក​គេ​យក​មក​ចែកចាយ​បន្ត​នោះ​គឺ​ទទួល​បាន​ពី​ឈ្មោះ កែវ ឧត្តម ហៅ​ណុ​ប អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​គ្រួ​ស ឃុំ​ផ្សារ​គ្រោះ ស្រុក​គងពិសី ។ លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក សុផល បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ អស់​រយៈពេល​យ៉ាង​យូរ​ទើប​ឈាន​ដល់​ការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ​បាន ។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​ខេត្ត ទៅ​តាម​នីតិវិធី ៕