អាជ្ញាធរ​ប្រកាស​ហាម​មិន​ឲ្យ​ពលរដ្ឋ​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​ និពន្ធដោយ : ថ្មីៗ       June-02-2016, 9:19 pm         3335

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 -092 299 377អាជ្ញាធរ​ប្រកាស​ហាម​មិន​ឲ្យ​ពលរដ្ឋ​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំនេះ រដ្ឋបាល​ជលផល ប្រកាស​ហាម​ប្រើ​ឧបករណ៍​នេសាទ​ចំនួន​៧ និង​បាន​កម្រិត​ការប្រើ​ឧបករណ៍​មួយចំនួន​ផ្សេងទៀត​។ តែ​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ រដ្ឋបាល​ជលផល អនុញ្ញាត​ឲ្យ​នេសាទ​ជាធម្មតា​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ AKP​។​

​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹងថា ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំនេះ សម្រាប់​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅតែ​អាច​ប្រព្រឹត្តិ​ទៅជា​ធម្មតា ព្រោះ​ការនេសាទ​ប្រភេទ​នេះ​ប្រើប្រាស់​ឧបករណ៍​ទ្រង់ទ្រាយ​តូច​មិន​បង្ករ​មហន្តរាយ​ដល់​ធនធាន​មច្ឆជាតិ​។

​ប៉ុន្តែ​សម្រាប់​ការនេសាទ​ទ្រង់ទ្រាយ​ធំ ក្នុង​រដូវ​បិទ​នេសាទ​នេះ មិនត្រូវ​បានអនុញ្ញាត​ឡើយ ព្រោះថា វា​ជា​រដូវ​ត្រី​ពង និង​ធ្វើ​បំលាស់​ទី​ទៅកាន់​ព្រៃ​លិច​ទឹក​។  នេះ​ជាការ​បញ្ជាក់​របស់លោក អេង ជា​សាន​។​

​ប្រធាន​រដ្ឋបាល​ជលផល​រូបនេះ អះអាងថា ឧបករណ៍​នេសាទ លប និង​សៃយ៉ឺន អាច​អនុញ្ញាត​ឱ្យប្រើ​របាំង​ព្រួល​រួមផ្សំ​មិន​លើសពី​១០​ម៉ែត្រ ឬ​មិន​លើសពី​១​ភាគ​២​នៃ​ទទឹង​មុខទឹក រីឯ​ឧបករណ៍​នេសាទ​មង​បណ្តែត និង​មង​ពាក់​ត្រូវមាន​ប្រវែង​មិន​លើសពី​៥០​ម៉ែត្រ​ឡើយ​។ ចំណែក​ឧបករណ៍​នេសាទ​ចំនួន ៧ រួមមាន​៖ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម និង​ឈ្នក់ ត្រូវ​ហាមឃាត់​ក្នុង​រដូវ​បិទ​នេសាទ​នេះ​។

​លោក អេង ជា​សាន បន្ថែមថា មន្ត្រីរដ្ឋបាល​ជលផល​បានដាក់​កម្លាំង​យាមកាម​ឃ្លាំមើល​នៅតាម​តំបន់​អភិរក្ស​ជម្រក​ត្រី​មេ​ពូជ​នានា​នៅ​ទូទាំងប្រទេស ដោយ​មន្ត្រីជលផល ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​។​

​សូមបញ្ជាក់ថា រដូវ​បិទ​នេសាទ​នៅក្នុង​ដែនទឹក​សាប គឺមាន​ពីរ​ដំណាក់កាល​។ ដំណាក់​ទី​១ ចាប់ពី​ថ្ងៃទី​១​ខែមិថុនា ដល់​ថ្ងៃទី​៣ ខែកញ្ញា នៅលើ​ដែន​ទឹកសាប ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុមុខ​។ រីឯ​ដំណាក់​ទី​២ គឺ​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ដល់​ថ្ងៃទី​៣១ ខែតុលា ចំពោះ​ដែនទឹក​សាប​ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ​៕