អ្នក​វិនិយោគ​ម៉ា​កាវ ពិនិត្យ​លទ្ធភាព​បោះទុន​នៅ​សៀមរាប

ខេត្តសៀមរាប ៖ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​នៃ​ក្រុង​ម៉ា​កាវ សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក ជី មែន​ជឹ​ង ប្រធាន​ប្រតិភូ​វិនិយោគ ចូល​ជួប​សម្តែង​ការ​គួរសម ពិភាក្សា​ការងារ​មួយ​ចំនួន​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​វិនិយោគ  កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​រដ្ឋបាល សាលាខេត្ត​សៀមរាប ។

មាន​ប្រសាសន៍​ស្វាគមន៍​នោះ​ដែរ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ក្រុង​ម៉ា​កាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​តែង​គាំទ្រ និង​ផ្គត់ផ្គង់​ដល់​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា សំខាន់​នៅ​ខេត្តសៀមរាប ដែល​បាន​ផ្តល់​ជំនួយ និង​វិស្វករ​បុរាណវិទ្យា​ធ្វើការ​ជួសជុល​ប្រាង្គ​ប្រាសាទ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​កសិកម្ម​។

ក្នុង​នោះ​ដែរ​លោក​បណ្ឌិត ក៏​បាន​លើក​ពី ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​តាំងពី​សម័យកាល​រហូត​ដល់​បច្ចុប្បន្ន​នេះ ហើយ​ត្រូវ​បាន​ពង្រីក ពង្រឹង ឲ្យ​កាន់តែ​ជិត​សិ្ន​ទ្ធ​ក្រោម​ព្រះរាជកិច្ច​របស់​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រដ្ឋ​ន​កោដ្ឋ ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី​នៃ​ប្រទេស​ទាំង​ពីរ ទទួល​បាន​នូវ​ភាព​រីក​ចម្រើន ដែល​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច រវាង​ថ្នាក់ដឹកនាំ ប្រជាជន និង​ប្រជាជន ព្រមទាំង​បាន​ជម្រុញ​ដល់​អ្នក​វិនិយោគឯកជន​ចិន មក​វិនិយោគ​នៅ​កម្ពុជា​។ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង អំពី​សក្តានុពល​របស់​ខេត្ត​លើ​វី​ស័​យ​កសិកម្ម និង​ទេសចរណ៍  ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​លើ​សេវាកម្ម​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ផង​ដែរ ។

លោក បណ្ឌិត​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ សម្រាប់​ខេត្តសៀមរាប មាន​ក្រុមហ៊ុន​ចិន​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​សរុប​១០៦ ក្នុង​នោះ​មាន​ក្រុមហ៊ុន ៥៥ និង​សហគ្រាស​ឯកជន​៥១ ។ ម្យ៉ាងទៀត​ខេត្តសៀមរាប បាន​បង្កើត​នូវ​សម្ព័ន្ធមេត្រីភាព ជាមួយ​ខេត្ត ក្រុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ចំនួន​១៣ ព្រមទាំង​បាន​លើក​ផង​ដែរ​អំពី​កំណើន​នៃ ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​ខេត្តសៀមរាប​។

ក្នុង​នោះ​លោក​ក៏​បាន​លើក​នូវ​សំណូមពរ​មួយ​ចំនួន ដល់ ប្រតិភូ​ក្រុង​ម៉ា​កាវ ក្នុង​ការ​ជម្រុញ​អ្នក​វិនិយោគ​ចិន ចូល​មក​ខេត្តសៀមរាប និង​បន្ត​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ព្រមទាំង​មាន​សង្ឃឹម​ជឿជាក់​ចំពោះ​ប្រតិភូ​នឹង​ពិនិត្យ​លទ្ធភាព ក្នុង​ការ​ដាក់​ទុន​វិនិយោគ ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​នៃ​ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍន៍ និង​បន្ត​រឹតចំណង​កិច្ច​សហប្រតិបត្តិការ វិស័យ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ ហើយ​កម្ពុជា​សូម​គាំទ្រ​នយោបាយ​ចិន​មាន​តែ​មួយ ។

មាន​ប្រសាសន៍​ក្នុង​ពេល​នោះ​លោក ជី មែន​ជឹ​ង ក៏​បាន​បញ្ជាក់​ពី​គោលបំណង​របស់​គណៈប្រតិភូ ដើម្បី​ត្រួតពិនិត្យ អំពី​លទ្ធភាព​ក្នុង​ការ​ចូល​មក​ធ្វើ​វិនិយោគ​នៅ​ខេត្តសៀមរាប ។ ម្យ៉ាងទៀត​ដំណើរ​ទស្សនៈកិច្ច​នៅ​កម្ពុជា តាម​ការ​អញ្ជើញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​សមាគម​ពាណិជ្ជកម្ម​ខ្មែរ ចិន ដើម្បី​ស្វែង​យល់​ពី​ការ​វិនិយោគ​ទៅ​លើ វិស័យ​អ្វីខ្លះ​។

លោក​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា គណៈប្រតិភូ​បាន​ធ្វើការ​ជួប​ពិភាក្សា ស្វែង​យល់​អំពី​ការ​វិនិយោគ ជាមួយ​បងប្អូន​ពាណិជ្ជករ​កម្ពុជា​ផង​ដែរ​។ លោក ជី មែន​ជឹ​ង បាន​លើក​ពី​សក្តានុពល​របស់​ខេត្តសៀមរាប ដែល​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌ ប្រាង្គ​ប្រាសាទបុរាណ ដែល​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​តំបន់​បៃតង​ទៀត​ផង​។​លោក​បាន​បន្ត​ទៀត​ថា គម្រោង​បៃតង គឺជា​តំបន់​ទេ​ចរណ៍​មួយ​ដ៏​សំខាន់ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ មាន​គោលដៅ​ក្នុង កិច្ចសហការ​គ្នា ក្នុង​ការ​ថែរក្សា អភិរក្ស និង​អភិវឌ្ឍន៍​នូវ​តំបន់​បៃតង​នៅ​កម្ពុជា សំខាន់​លើ​ទឹកដី​ខេត្តសៀមរាប ដោយ​តំបន់​បៃតង​គឺជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់ ។

ម្យ៉ាងទៀត​កម្ពុជា​សម្បូរ​ទៅ​ដោយ​ដី​កសិកម្ម និង​អាច​ផលិត​នូវ ស្រូវ​អង្ករ ដើម្បី​នាំ​ចេញ​ទៅ​ក្រុង​ម៉ា​កាវ​បាន​ទៀត​ផង ។ លោក​ក៏​បាន​លើក​ឡើង​ពី​ប្រវត្តិសាស្ត្រ នៃ​កិច្ច​ទំនាក់ទំនង ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ តាំងពី​សម័យ​បូរាណ​កាល​មក​ម្លេះ​។ លោក ជី មែន​ជឹ​ង ក៏​ឲ្យ​ដឹងផង​ដែរ​អំពី​វិស័យ​ចំណូល​របស់​ក្រុង​ម៉ា​កាវ ទៅ​លើ​វិស័យ​ទេ​ចរណ៍ និង​កាស៊ីណូ ។ ចំពោះ​វិស័យ​ទេសចរណ៍ ក្រុង​ម៉ា​កាវ មាន​បំណង​ចងស្ពានមេត្រី​ភាព​នឹង​ខេត្តសៀមរាប ដោយ​ធ្វើ​កិច្ច​រួម​សហការ​គ្នា ក្នុង​គោលដៅ​អនុវត្ត នយោបាយ​ផ្លូវ​តែ​មួយ​របស់​ចិន ហើយនឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នឹង​គ្នា រវាង​ក្រុង​ម៉ា​កាវ ខេត្តសៀមរាប ក្នុង​គោលដៅ​អភិវឌ្ឍន៍​តំបន់​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​ទៅ​ពេល​អនាគត ៕