ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​ចរន្ត​អគ្គី​ស​នី ដែល​ឆ្លង​តាម​ស្នួ​ហាល​ខោអាវ ឆក់​ក្នុង​ខណៈ​ពេល​ដែល​គាត់ ទាញ​ស្នួ​នោះ​ចេញពី​មុខ​បន្ទប់ទឹក កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្រោយ​ផ្ទះ​របស់​គាត់​ស្ថិត​ក្នុងភូមិ​អក្សរ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ខុន សា​រិ​ន អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ទាញ​ស្នួ​ហាល​ខោអាវ ដែល​ធ្វើ​អំពី​ដែក​ចេញពី​ផ្លូវ​ចូល​បន្ទប់ទឹក ហើយដោយ​សារ​តែ​ស្នួ​នោះ​មាន​ខ្សែភ្លើង​ដាច់​រលាត់ ទើ​លើ​នោះ បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត ឆក់​ដួល​គងជើង​លើ​ដែក​ស្នួ ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​មិន​មាន​នរណា​ម្នាក់​បានដឹង​ទេ លុះ​ក្រោយ​ពេល​កើតហេតុ កូនស្រី​របស់​គាត់​ម្នាក់​បាន​ដើរទៅ​ក្រោយ​ផ្ទះ បានឃើញ​ម្ដាយ​ដេក​ដួល ក៏​បាន​ចាប់​លើក ហើយ​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ដែរ​ប៉ុន្តែ មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ឡើយ ។ ពេល​នេះ​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ ធ្វើការ​ពិនិត្យ​រួចរាល់ និង​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​មិន​មានការ​ប្ដឹងផ្ដល់​អ្វី​ឡើយ​៕