កម្ពុជា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ទេសចរណ៍​កាន់​តែ​ច្រើន​ ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​វេទិកា ​សេដ្ឋ​កិច្ច​ពិភពលោក​ឆ្នាំ ២០១៧

កម្ពុជា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ទេសចរណ៍​កាន់​តែ​ច្រើន​ ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​វេទិកា ​សេដ្ឋ​កិច្ច​ពិភពលោក​ឆ្នាំ ២០១៧



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន ប្រសាសន៍​ថា នៅ​ឆ្នាំ ២០១៧ ខាងមុខនេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក យើង​សង្ឃឹមថា​កម្ពុជា​នឹង​ទាក់ទាញ​វិនិយោគទុន និង ទេសចរ​ណ៍​អន្តរជាតិ​កាន់តែ​ច្រើនឡើង​ថែមទៀត ជាមិនខាន។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​នា​ល្ងាច​ថ្ងៃទី ២ ខែ មិថុនា​បន្ទាប់ពី​ចូលរួម​បិទ​ជា​ផ្លូវការ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តីពី​អាស៊ាន (World Economic Forum on ASEAN ) នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី។

នៅ​ក្នុង​ហ្វេ​ស​បុក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា ខ្ញុំ​ទើបបាន​ចូលរួម​បិទ​ជា​ផ្លូវការ​នៃ​វេទិកា​សេដ្ឋកិច្ច​ស្តី​ពី​អាស៊ាន (World Economic Forum on ASEAN) នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ម៉ោង ៤:០០ មុននេះ​បន្តិច។ តាមរយៈ​កិច្ចពិភាក្សា​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ​កន្លងមក​នេះ​ដែល​មាន​អ្នកចូលរួម​ជាច្រើន​មកពី​បណ្តា​ប្រទេស​នានា​គឺ​កម្ពុជា​បាន​បង្កើន​មិត្តភាព និង ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នា​នា ជាពិសេស​លើ​វិស័យ​សេដ្ឋកិច្ច​ដែល​ជា​សរសៃឈាម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។ នៅ​ក្នុង​សហស្សវត្ស​ថ្មី​នេះ​មិនថា​តែ​កម្ពុជា​ទេ​គឺ​ប្រទេស នីមួយៗ​ត្រូវការ​ចែករំលែក​ប​ទ​ពិសោធន៍ និង​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​ឆាប់​រីកចម្រើន​ទៅមុខ។

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ពេលនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​រីកចម្រើន​ជា​វិជ្ជមាន​ទៅមុខ។ ទន្ទឹម​នឹង​នេះ​កម្ពុជា​ត្រូវ​ថែរក្សា​ស្ថេរ​ភាព​នយោបាយ សន្តិសុខ​សង្គម និង សុខសន្តិភាព ដើម្បី​ទាក់ទាញ​វិនិយោគទុន​បរ​ទស​មក​វិនិយោគ​នៅក្នុង​ប្រទេស​យើង​អោយ​កាន់តែ​ច្រើន​ឡើង​ថែមទៀត។ ជា​មួយ​គ្នា​នេះ​ដែរ កម្ពុជា​ក៏​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ទាំង​ជំនាញ​បច្ចេកទេស ភាសា ស្រប​ជាមួយ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា ដែល​ជា​តម្រូវ​ការចាំបាច់​ក្នុងការ​អភិវឌ្ឍ​ប្រទេស។

នៅ​ក្នុង​កម្មវិធី​បិទ​វេទិកា​រសៀល​នេះ យើង​បាន​ផ្សព្វផ្សាយ​វីដេអូ​អំពី​កម្ពុជា និង សក្តានុពល​របស់​ប្រទេស​យើង​ជូន​ភ្ញៀវ​អន្តរជាតិ​ទស្សនា​ផង​ដែរ។ នៅ​ឆ្នាំ ២០១៧ ខាងមុខនេះ​កម្ពុជា​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋ​កិច្ច​ពិភពលោក ហើយ​យើង​សង្ឃឹមថា​កម្ពុជា​នឹង​ទាក់ទាញ​វិនិយោគទុន និង​ទេសចរ​ណ៌​អន្តរជាតិ​កាន់តែ​ច្រើនឡើង​ថែមទៀត​ជាមិនខាន។

នៅក្នុង​ឱកាស​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​ជា​ផ្លូវការ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តីពី​អាស៊ាន (World Economic Forum on ASEAN ) សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ទសវត្ស​កន្លងមក​កម្ពុជា​មាន​ការ​វិវត្តន៍​ប្រែប្រួល​គួរ​ជាទី​មោទនៈ​ទាំង ផ្នែក​នយោបាយ សន្តិសុខ និង​សណ្តាប់​សង្គម ក៏ដូចជា​ផ្នែក​សេដ្ឋកិច្ច និង សង្គម​ផងដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ កម្ពុជា​បាន​ឈាន​ចេញពី​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​ដែល​មាន​ចំណូល មធ្យម​កម្រិត​ទាប ហើយ​កម្ពុ​ជា​មាន​មហិច្ឆតា​ធ្វើ​ឲ្យ​ប្រទេស​ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ ២០៥០។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ទៅកាន់​វេទិកា​សេដ្ឋកិច្ច​ទាំងមូល​ថា យ៉ាងណាក៏ដោយ​សេដ្ឋកិច្ចកម្ពុជា​នៅមាន​សក្តានុពល​អភិវឌ្ឍ​ន៍​ខ្ពស់​ដែលជា​កាលានុវត្តនភាព​សម្រា​ប់​ការអភិវឌ្ឍ​វិស័យ​ជាច្រើន​។ បច្ចុប្បន្ន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្នែក​លើ​វិស័យ​មួយ​ចំនួន​ដូចជា កាត់ដេរ ទេសចរណ៍ សំណង់ និង វិស័យ​កសិកម្ម ។ ប្រការ​នេះ​បាន​បង្ហាញ​នូវ​ភាព​ចាំបាច់ និង ភាព​បន្ទាន់​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ទៅកាន់​វិស័យ​ថ្មីៗ ពិសេស​វិស័យ​ឧស្សាហកម្ម ក​សិ​-​ឧស្សាហកម្ម សិប្បកម្ម ដែល​ទាមទារ​នូវ​ការ​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា សម្រាប់​វិនិយោគិន​នេះ​គឺជា​ឱកាស​មាស​ដែល​មិន​អាច​មើល​រំលង​បាន មួយវិញទៀត នៅ​ក្នុង​បរិការណ៍​នៃ​ការ​ផ្លាស់ប្តូរ​និម្មាបនកម្ម​តំបន់ ពិសេស​គឺ​ការបង្កើតឡើង​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង ការរៀបចំ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ ក៏ដូចជា​ការរៀបចំ​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​និង​តំបន់​មួយ​ចំនួន​ផ្សេងទៀត កម្ពុជា​ប្រែ​ក្លាយ​ខ្លួន​ជា​បេក្ខភាព​ប្រកបដោយ​សក្ដានុពល សម្រាប់​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ដែល​ផ្សារភ្ជាប់​ទៅនឹង​អ្វីដែល​គេ​ហៅថា រោងចក្រ​ពិភពលោក​នៅ​តំបន់​អាស៊ី តាមរយៈ​ការខិតខំ​ជំរុញ​ការតភ្ជាប់ ទាំង​ផ្នែក​រូប​វ័ន្ន ឌីជីថល និង ស្ថាប័ន។

ក្នុងនេះ​វិនិយោគិន​ពិតជា​អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​ច្រើន​នៃ​ការចូលរួម​វិនិយោគ​លើ​វិស័យសេដ្ឋកិច្ច​ប្រើប្រាស់​សក្តានុពល​សំខាន់ៗ​របស់​កម្ពុជា ដែលជា​ប្រទេស​មាន​កម្លាំង​ពលកម្ម វ័យក្មេង ហើយ​មានការ​ស្រែក​ឃ្លាន​ចំណេះដឹង​ខ្ពស់ មាន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ពិសេស​ឡើង។

នៅ​ក្នុង​ពិធី​បិទ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី ២៥ នោះ លោក ហ្វី​លី​ព រ៉ូ​ស្លឺរ (Phillipp Rosler) សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​អញ្ជើញ​ប្រគល់​កណ្តឹង​ដែល​ជា​និមិត្តសញ្ញា​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ជូន​ដល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​ការ​ប្រគល់សិទ្ធិ​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៦ ស្តី​ពី អាស៊ាន នៅ​ឆ្នាំ ២០១៧ ខាងមុខ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​អះអាង​ជាថ្មី​អំពី​មោទនភាព និង ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ របស់​កម្ពុជា ក្នុង​ការ​បំពេញ​តួនាទី​ជា​ម្ចាស់ផ្ទះ​សម្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី អាស៊ាន នៅ​ឆ្នាំ ២០១៧ ខាងមុខនេះ កម្ពុជា​សូម​គោរព​អញ្ជើញ និង រង់ចាំ​ទទួល​ស្វាគមន៍​អស់លោក លោកស្រី ទាំងអស់ ដើម្បី​ចូលរួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ​នៅ​រាជធានី​ភ្នំពេញ៕

កម្ពុជា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ទេសចរណ៍​កាន់​តែ​ច្រើន​ ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​វេទិកា ​សេដ្ឋ​កិច្ច​ពិភពលោក​ឆ្នាំ ២០១៧ កម្ពុជា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ទេសចរណ៍​កាន់​តែ​ច្រើន​ ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​វេទិកា ​សេដ្ឋ​កិច្ច​ពិភពលោក​ឆ្នាំ ២០១៧