ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ បន្ត​ជួយ​ជ្រោមជ្រែង​លើកកម្ពស់​វិស័យ​កីឡា ​និង​អប់រំ

ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ បន្ត​ជួយ​ជ្រោមជ្រែង​លើកកម្ពស់​វិស័យ​កីឡា ​និង​អប់រំ



កណ្តាល ​៖​ ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ ដែលជា​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល សហការ​ជាមួយ​ក្លឹប​បាល់ទាត់ NagaWorld FC កាលពី​ចុងខែ​នេះ បាន​ផ្តល់​ការ​បណ្តុះបណ្តាល​បាល់ទាត់​ដល់​សិស្សានុសិស្ស​ចំនួន ១២០ នាក់​ព្រមទាំង​បាន​ឧបត្ថម្ភ​សម្ភារៈ​សិក្សា និង​សម្ភារៈ​កីឡា​ដល់​សាលារៀន​ចំនួន ១០ នៅ​អនុវិទ្យាល័យ​ជ័យ​ធំ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​ផង។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណាហ្គា​វើ​ល បាន​មានប្រសាសន៍​នៅក្នុង​ពិធី​នោះ​ថា “​ក្រុមហ៊ុន​ណាហ្គា​វើ​ល​មាន​មោទនភាព​ក្នុង​ការជួយ​អភិវឌ្ឍ​វិស័យ​កីឡា និង​វិស័យ​អប់រំ​ជា​បន្ត​ទៀត។ យើង​បាន​ឧបត្ថម្ភ​សៀវភៅ ៦.៦០០ (​ប្រាំមួយ​ពាន់​ប្រាំមួយរយ​) ក្បាល បាល់ទាត់ ២០០ និង​អាវ​កីឡាបាល់ទាត់ ១២០ សម្រាប់ ​ដល់​សាលារៀន​ចំនួន ១០ មកពី​ខេត្តកណ្តាល កំពង់ចាម និង​ព្រៃវែង​នៅ​អនុវិទ្យាល័យ​ជ័យ​ធំ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​។ យើង​សង្ឃឹមថា សម្ភារៈ​ដែល​យើង​បាន​ឧបត្ថម្ភ​ នឹង​​​ជួយ​​​ផ្ដល់​ឲ្យ​សិស្សានុសិស្ស​មាន​ចំណេះដឹង​ជាង​មុន​ ពីព្រោះ​ការអប់រំ​ដែល​មាន​ភាពរឹងមាំ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​អនាគត​របស់​ពួកគេ​ក៏ដូចជា​អនាគត​របស់​ប្រទេស​កម្ពុជា​ទាំងមូល។ យុវជន​-​យុវនារី​ទាំងអស់ គឺជា​សសរទ្រូង​ដ៏​រឹងមាំ​សម្រាប់​ប្រទេស​កម្ពុជា​”។

សៀវភៅ​សិក្សា​ ដែល​បណ្ណាល័យ​របស់​សាលារៀន​នីមួយៗ​បានទទួល រួមមាន​សៀវភៅ​អក្សរសាស្ត្រ​ខ្មែរ វចនានុក្រម សៀវភៅ​ប្រលោមលោក និង​សម្ភារៈ​សិក្សា​ជាច្រើន​ទៀត។ បាល់ទាត់ និង​អាវ​បាល់ទាត់ ក៏ត្រូវ​បាន​ចែកជូន​ដោយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ផងដែរ​ ប្រយោជន៍​ដើម្បី​ជួយ​លើកទឹកចិត្ត​ឲ្យ​យុវជន​-​យុវនារី​យើង​បន្ត​លេង​កីឡា​ដើម្បី​សុខភាព និង​អភិវឌ្ឍ​ខ្លួន។

លោក James Ma បាន​បន្តថា “​កីឡាបាល់ទាត់ គឺជា​កីឡា​ដែល​យើង​លេង​ជា​ក្រុម ហើយ​វា​បង្ហាត់ ​ឲ្យ​យើង​ចេះ​ធ្វើការ​ជា​ក្រុម និង​ចេះ​សាមគ្គី​គ្នា។ គុណសម្បត្តិ​ទាំងអស់​នេះ​ហើយ​ ដែល​ជួយ​កសាង​អនាគត​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង ”។

សាលារៀន​ទាំង ១០ ដែល​បាន​ចូលរួម បានទទួល​ផលប្រយោជន៍​ពី​កម្មវិធី​បណ្ដុះបណ្ដាល​បាល់ទាត់​ពិសេស​ ដែល​បង្ហាត់​ដោយ​គ្រូបង្វឹក និង​កីឡាករ​អាជីព​មកពី​ក្លឹប​បាល់ទាត់ NagaWorld FC។ ការបណ្តុះបណ្តាល​នេះ​រួមមាន ការ​កម្តៅ​សាច់ដុំ ជំនាញ​លេង​បាល​មូលដ្ឋាន បច្ចេកទេស ការ​ទប់​បាល់ ការ​ទាត់បាល់ ជំនាញ​ប្រយុទ្ធ និង​ជំនាញ​ការពារ​ជាដើម។ បន្ទាប់មក យើង​មានការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្លឹប​បាល់ទាត់ NagaWorld FC និង​សិស្សានុសិស្ស​នៅ​អនុវិទ្យាល័យ​ហ៊ុន សែន​ជ័យ​ធំ។

បន្ទាប់ពី​ការប្រកួត​បាល់ទាត់ និង​សុន្ទរកថា សម្ភារៈ​សិក្សា និង​សម្ភារៈ​កីឡា​ត្រូវបាន​ចែកជូន​ដោយ​ណាហ្គា​វើ​ល មន្ត្រី​អប់រំ និង​អាជ្ញាធរ​មូលដ្ឋាន។ បន្ទាប់មក ណាហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ចែក​អាហារ និង​ភេសជ្ជៈ​ជូន​ដល់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់។

មាន​ប្រជាជន​កម្ពុជា​ប្រមាណ ៨០.០០០ (​ប្រាំបី​ម៉ឺន​) នាក់ បានទទួល​ផលប្រយោជន៍​ពី​កម្មវិធី​ការងារ​សង្គម​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស។

ចាប់តាំងពី​ចាប់កំណើត​អស់​រយៈពេល​ជាង ២១ ឆ្នាំ​កន្លងមកនេះ ណាហ្គា​វើ​ល​បាន​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​តាមរយៈ​ការងារ​សង្គម និង​ការឧបត្ថម្ភ​ជាច្រើន។ ក្នុង​ខែមីនា ឆ្នាំ ២០១៤ ណាហ្គា​វើ​ល​បេះដូង​សប្បុរស ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយឧបត្ថម្ភ និង​តបស្នង​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ដល់​ប្រជាជន​ដែលមាន​ជីវភាព​ខ្វះខាត។

គំនិត​ផ្ដួចផ្ដើម​នេះ​ក្នុងចំណោម​សសរទ្រូង​ដទៃ​ទៀត បាន​សម្រួល​ការ​លំបាក​មួយ​កម្រិត​ដល់​សហគមន៍។ ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ជួយ​ធ្វើ​ឲ្យ​បរិស្ថាន និង​និរន្តរភាព​មាន​ភាព​ប្រសើរ​ជាង​មុន ជួយ​លើកកម្ពស់​វិស័យ​អប់រំ​តាមរយៈ​ការអប់រំ​ផ្នែក​សិល្បៈ និង​វិទ្យាសាស្ត្រ និង​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​ដោយ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​កុមារ សិស្ស និង​អត្តពលិក​កម្ពុជា​ជាច្រើន​នាក់។ គួរ​រំឭក​ថា មកដល់​បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុ​ជាជាង ៨០.០០០ (​ប្រាំបី​ម៉ឺន​)​នាក់ បាន​ទទួល​ផលប្រយោជន៍​ពី​ណាហ្គា​វើ​ល​បេះដូង​សប្បុរស៕

ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ បន្ត​ជួយ​ជ្រោមជ្រែង​លើកកម្ពស់​វិស័យ​កីឡា ​និង​អប់រំ

ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ បន្ត​ជួយ​ជ្រោមជ្រែង​លើកកម្ពស់​វិស័យ​កីឡា ​និង​អប់រំ