ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ​និង​ដកហូត​លុយ​កាក​យ៉ាង​ច្រើន

ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ​និង​ដកហូត​លុយ​កាក​យ៉ាង​ច្រើន



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែលជា​មុខសញ្ញា​ដ៏​សំខាន់​ក្នុង​ករណី​ចែកចាយ​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ចុះ​ក្រសោប​បាន​ទាំង​សំបុក​ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុ​តាង​ជាច្រើន​ផង​ដែរ ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជាក់​ស្តែង​នៅ​ក្នុង​មូលដ្ឋាន។

យោង​តាម​របាយការណ៍​ក្នុង​កិច្ចប្រតិបត្តិការ ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង សំ វិ​ឡុង បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង ៥ និង​៣០ នាទី ល្ងាច​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង គឺ​កម្លាំង​បាន​ចុះ​ធ្វើការ​ឡោមព័ទ្ធ មុខសញ្ញា​សង្ស័យ​ចំនួន​៣​នាក់ បន្ទាប់​ពី​លោក​មេបញ្ជាការ​ទទួល​បាន​នូវ​សេចក្តី​រាយការណ៍​រួចមក។

នៅ​ពេល​កម្លាំង​ចុះទៅ​ដល់​ត្រង់​ចំណុច​ខាងលើ ក៏បាន​ប្រទះឃើញ​ជន​ទាំងនេះ កំពុង​ប្រព្រឹត្ត​នូវ​បទល្មើស​ជាក់ស្តែង ទើប​កម្លាំង​ធ្វើការ​ឃាត់ខ្លួន និង​នាំ​យក​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សាកសួរ ដោយ​ពួកគេ​មានឈ្មោះ​១ ថាប់ សា​វីត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ២-​ឈ្មោះ សេង វណ្ណា​រ៉ា ហៅទូ ភេទ​ប្រុស អាយុ​២៧ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និង​៣-​ឈ្មោះ មាស សា​វន ភេទ​ស្រី អាយុ៣១ឆ្នាំ រស់នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង។

នៅ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​បាន​ធ្វើការ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ០២ កញ្ចប់ ស្មើនឹង​ទម្ងន់ ៣,០៤ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន ០១​លុយ​ខ្មែរ ២៣៥០០០០រៀល លុយដុល្លារ​១៩៥ ដុល្លារ លុយ​បាត​៤៤៥០​បាត កាបូប​លុយ តូច​១​កាបូប​លុយ​ធំ​១ ទូរស័ព្ទ​១ គ្រឿង ព្រមទាំង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួនទៀត។

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ និង​រក្សាទុក​ដើម្បី​បញ្ជូន​ទៅកាន់​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕