ថៃ​បញ្ជូន​សព​ពលករ​ម្នាក់ ​ដែល​ស្លាប់​ដោយ​ឆក់​ចរន្តអគ្គិសនី

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាល​វេលា​ម៉ោង​ជិត​៩យប់ ថ្ងៃ​ទី​០១ ខែមិថុនា បន្ទាប់​ពី​បាន​ស្លាប់​ដោយ​ឆក់​ចរន្ត​អគ្គី​ស​នី​ពេល​កំពុងធ្វើការ​ងារ​ជា​កម្មករ​សំណង់​លើ​ទឹកដី​ថៃ​ក្នុង​ខេត្ត​ប៉ា​ធុម​ថា​នី​។ ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម ផល្លា ឬ ជិន ផល្លា ភេទ​ប្រុស អាយុ​53​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ខ្លុង​ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

តាម​សាច់ញាតិ​សព​ប្រាប់​សមត្ថកិច្ច និង​មន្ត្រី​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថា ជន​រង​គ្រោះ​មុន​ស្លាប់​បាន​ទៅ​ប្រទេស​ថៃ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​ប៉ា​ធុម​ថា​នី ហើយ​បាន​ជួប​ឧប្បត្តិហេតុ​ចរន្ត​អគ្គី​ស​នី​ឆក់​ពេល​កំពុង​លាយ​ស៊ីម៉ង់ត៍​ដោយ​ម៉ាស៊ីន ស្លាប់​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣១​ចុងខែ​ឧសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ សព​ក្រោយ​ពី​មានការ​សម្របសម្រួល​ឯកសារ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ថៃ​តាម​រយៈ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ និង​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ពិសេស​មន្ត្រី​ស្ថាន​កុងស៊ុល​ប្រចាំ​ប្រទេស​ថៃ សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕