​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យមើល​ករណី​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

ភ្នំពេញ:
សម្តេច​ក្រឡាហោម ស ខេង បាន​បង្កើត​គណៈកម្មកា​រ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ជាបន្ទាន់​កាលពី​ថ្ងៃទី​០២​ខែមិថុនា​ឆ្នាំ​២០១៦ ដើម្បី​ពិនិត្យមើល​ស្នាម​មេដៃ​ជាង​១៧​ម៉ឺន​នាក់ របស់​ប្រជាពលរដ្ឋ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្វាយ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​។

​ទាក់ទង​ករណីនេះ សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​គណៈ​កម្ម​ការស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១៧​ម៉ឺន​ស្នាម​មេដៃ លើ​ញ្ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ព្រះរាជអន្តរាគមន៍ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​។
​ការបង្កើត​គណៈកម្មាកា​រ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ គឺ​បន្ទាប់ពី​រាជរដ្ឋាភិបាល បានសម្រេច​ជូន​សម្តេច​ក្រឡាហោម ស ខេង រៀបចំ​ឲ្យ​មានការ​ស្រាវជ្រាវ នូវ​ស្នាម​មេដៃ​ទាំងនោះ កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​។​

​សូមបញ្ជាក់ថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជ​សារលិខិត កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ពិនិត្យមើល​ស្នាម​មេដៃ​ជាង​១៧​ម៉ឺន​នាក់ របស់​ប្រជាពលរដ្ឋ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្វាយ​ព្រះអង្គ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​។

​បន្ទាប់ពី​បានទទួល​ព្រះរាជ​សារលិខិត​របស់​ព្រះមហាក្សត្រ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ចារ​លើ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ជូន​សម្តេច​ក្រឡាហោម ស ខេង រៀបចំ​ឲ្យ​មានការ​ស្រាវជ្រាវ នូវ​ស្នាម​មេដៃ​ទាំងនោះ តាមរយៈ​ការធ្វើ​កោសល្យវិច័យ ការស្រាវជ្រាវ​ពី​ប្រជាជន​ដោយផ្ទាល់​ឬ​.​មធ្យោបាយ​ផ្សេងទៀត ដែល​អាច​រកឃើញ​នូវ​ភាពត្រឹមត្រូវ​។ អាស្រ័យ​ដោយ​ស្នាម​មេដៃ​នេះ ទាក់ទង​ដល់​ប្រជាជន​ផង និង​ព្រះមហាក្សត្រ​ផង សុំ​សម្តេច​ក្រឡាហោម រៀបចំ​ឲ្យ​មានការ​ស្រាវជ្រាវ​ឲ្យ​បាន​ហ្មត់ចត់​បំផុត ដើម្បី​ជៀសវាង​ការប្រើប្រាស់​ស្នាម​មេដៃ​បោកប្រាស់​ទាំង​ប្រជាជន និង​ជាពិសេស​បោក​ទាំង​ព្រះមហាក្សត្រ​។​

​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា  បានទទួល​ញ្ញត្តិ​ពី​ប្រជា​ពលរ​រដ្ឋ​មកពី​បណ្តា​រាជធានី ខេត្ត ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល បាន​បញ្ជូន​ញ្ញត្តិ​ទាំងនោះ​ថ្វាយ​ព្រះ​ម​មហាក្សត្រ ដែលជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ទូល​សុំ​ព្រះរាជអន្តរាគមន៍​។​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ អាច​អញ្ជើញ​ប្រជាពលរដ្ឋ​ពី​បណ្តា​រាជធានី ខេត្ត​នានា ដែល​បាន​ផ្តិតមេដៃ​សុំ​ព្រះរាជអន្តរាគមន៍​មកជួបជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ ខ្លឹមសារ​នៃ​ញ្ញត្តិ​នេះ ដោយផ្ទាល់​ប្រសិន​ន​បើ​មានការ​ចាំបាច់​៕s