តុលាការបង្គាប់ឲ្យ លោក កឹម សុខា ចូលខ្លួនដើម្បីសាកសួរ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចូលខ្លួនដើម្បីសាកសួរពីបទបដិសេធក្នុងការចូលខ្លួន ក្រោយមិនបានចូលខ្លួនធ្វើជាសាក្សីចំនួនពីរដងតាមការកោះហៅរបស់ព្រះរាជអាជ្ញា។

តុលាការបង្គាប់ឲ្យ លោក កឹម សុខា ចូលខ្លួនដើម្បីសាកសួរប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា

បើតាមដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩:០០នាទីព្រឹក។ ដីកាបង្គាប់បញ្ជាក់ថា ការបង្គាប់ឲ្យចូលខ្លួនគឺដើម្បីសាកសួរពីដំណើររឿង «បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។
មាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌចែងថា រាល់បុគ្គលណាដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការឬចៅក្រមស៊ើបសួរឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀលទៅ១លានរៀល។

គួរបញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនអាជ្ញាធរបានប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្រោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ៕

ប្រភពៈ VOD