ហេតុ​អ្វី​រដ្ឋ​ត្រូវ​បង្កើន​ការ​គ្រប់គ្រង​អាហារ​អោយ​មាន​ប្រសិទ្ធភាព?

ទំនិញ​នាំ​ចូល​ខូចគុណភាព អាហារ​មាន​ជាតិ​គីមី អាហារ​កំប៉ុង​ហួស​កាលកំណត់​ជាដើម​បាន​ក្លាយជា​ក្តី​បារម្ភ​របស់​ប្រជាជន​កម្ពុជា​ទូទៅ​។ អ្នកខ្លះ​ថែម​ទាំង​លែង​ហ៊ាន​បរិភោគ​អាហារ​នៅ​ខាងក្រៅ​ផ្ទះ​ដោយ​ក្តី​បារម្ភ​ថា អាហារ​ទាំងនោះ​មិន​ស្អាត និង​មាន​ជាតិ​គីមី​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព និង​ជីវិត​មនុស្ស​។

មនុស្ស​យើង គឺជា​អ្វី​ដែល​យើង​បរិភោគ​។  បាន​ន័យ​ថា កាលបើ​យើង​បរិភោគ​អាហារ​មាន​អនាម័យ និង​បាន​ត្រឹមត្រូវ​សម្រាប់​សុខភាព​នោះ យើង​នឹង​មាន​សុខភាព​ល្អ ព្រមទាំង​មាន​អាយុ​វែង​។ ផ្ទុយ​មក​វិញ បើ​យើង​បរិភោគ​អាហារ​ដែល​មាន​ជាតិពុល ឬ​ជាតិ​គីមី​ច្រើន ឬ​ក៏​អាហារ​ដែល​គ្មាន​ជីវជាតិ​នោះ សុខភាព​របស់​មនុស្ស​នឹង​ទ្រុឌទ្រោម មាន​ជំងឺ និង​មិន​អាច​រស់នៅ​បាន​យូរ​ឡើយ​។

អាស្រ័យ​ដូច្នេះ ការ​គ្រប់គ្រង​អាហារ​បាន​ត្រឹមត្រូវ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ប្រជាជន ដើម្បី​ចៀសវាង​កុំអោយ​អាហារ​មាន​ជាតិ​គីមី ឬ​ជាតិពុល​ក្លាយ​ទៅ​ជា​ឃាតករ​យ៉ាង​ស្ងៀមស្ងាត់​ដែល​សម្លាប់​ជីវិត​មនុស្ស​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ប្រជាជន​ជា​ទូទៅ​មាន​អារម្មណ៍​ថា មិន​មានការ​គ្រប់គ្រង​អាហារ​បាន​យ៉ាង​ត្រឹមត្រូវ​ឡើយ​។ ឧទាហរណ៍ ការ​ត្រួតពិនិត្យ​អំពី​អនាម័យ​នៃ​ការ​ធ្វើ​ម្ហូបអាហារ ការ​ហាមឃាត់​ទំនិញ​ខូចគុណភាព និង​ការ​ត្រួតពិនិត្យ​ជាតិ​គីមី​នៅ​ក្នុង​អាហារ​ជាដើម ត្រូវ​បាន​គេ​យល់​ថា មាន​ភាព​ខ្វះចន្លោះ​ច្រើន​។ ដូច្នេះ​ប្រជាជន​ក៏​បាន​ត្រឹម​តែ​ភ័យ​ខ្លាច​ប៉ុណ្ណោះ​អំពី​អ្វី​ដែល​ពួក​គេ​បរិភោគ​។ អ្នកខ្លះ​ទៀត ក៏​ជ្រើសរើស​ការ​បរិភោគ​អាហារ​នៅ​តាម​ផ្ទះ ដើម្បី​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​នេះ​។ ប៉ុន្តែ​បើសិនជា បន្លែ និង​សាច់ ដែល​គេ​យក​ទៅ​ធ្វើ​ម្ហូបអាហារ​មិន​ត្រូវ​បាន​គេ​គ្រប់គ្រង​បាន​ត្រឹមត្រូវ​ទេ​នោះ ពួក​គេ​នៅ​តែ​មិន​អាច​រួច​ផុត​បាន​ពី​ការ​ប៉ះពាល់​សុខភាព​ឡើយ​។

ការ​គ្រប់គ្រង​អាហារ​បាន​ល្អ​មិន​ត្រឹមតែ​ជួយ​ដល់​សុខភាព​ប្រជាជន​ទេ​។ វា​ថែម​ទាំង​ធ្វើ​អោយ​សេដ្ឋកិច្ច​ខ្នាត​តូច​ក្នុង​រូបភាព​ជា​ការ​លក់ដូរ​ម្ហូបអាហារ​កាន់តែ​រស់​រវើក​។ មុខរបរ​ផ្នែក​ម្ហូបអាហារ​ជា​ច្រើន​នឹង​រីកសាយ បើសិនជា​ប្រជាជន​យល់​ថា ម្ហូបអាហារ​នៅ​ខាងក្រៅ​ផ្ទះ​មាន​សុវត្ថិភាព​នឹង​ទទួលទាន​។

ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​អាជ្ញាធរ​ត្រូវ​ជួយ​ដល់​ប្រជាជន​បំបាត់​ការ​ភ័យ​ខ្លាច​ផ្នែក​ម្ហូបអាហារ​នេះ​៕