ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន ផ្តើម​ទស្សនកិច្ច​ផ្លូវការ​នៅ​ម៉ា​ឡេ​ស៊ី

រាជធានី​ភ្នំពេញ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិ​តិ្ត​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​អមដំណើរ​នឹង​ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​០៣មិថុនា​២០១៦នេះ បន្ទាប់​ពី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន បាន​បិទ​បញ្ចប់​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០២​មិថុនា​នេះ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​សរសេរ​បង្ហោះ​​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ។

បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន វេទិកា​សេដ្ឋកិច្ច​ពិភពលោក តាម​រយៈ​កិច្ច​ពិភាក្សា​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មកនេះ គឺ​កម្ពុជា​បាន​បង្កើន​មិត្តភាព​និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នានា ជា​ពិសេស​លើ​វិស័យសេដ្ឋកិច្ច​ដែល​ជា​សរសៃឈាម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ។

សម្តេច​បាន​សរសេរ​បន្ត​ថា​ នៅ​ក្នុង​សហសវត្ស​ថ្មី​នេះ មិន​ថា​តែ​កម្ពុជា​ទេ គឺ​ប្រទេស​នីមួយ​ៗ​ត្រូវការ​ចែករំលែក​បទ​ពិសោធន៍ និង​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​អោយ​ឆាប់​រីក​ចម្រើន​ទៅ​មុខ​។ កំណើនសេដ្ឋកិច្ច​កម្ពុជា​ពេល​នេះ​បាន​បង្ហាញ​អោយ​ឃើញ​អំពី​ការ​រីក​ចម្រើន​ជា​វិជ្ជមាន​ទៅ​មុខ​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ត្រូវ​ថែរក្សា​ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ​សង្គម និង​សុខ​សន្តិភាព ដើម្បី​ទាក់ទាញ​វិនិយោគទុន​បរ​ទស​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​យើង​អោយ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ​កម្ពុជា​ក៏​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​ទាំង​ជំនាញ​បច្ចេកទេស ភាសា ស្រប​ជាមួយ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ដែល​ជា​តម្រូវការ​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​ន៌​ប្រទេស​ ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ កម្ពុជា​យើង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​វេទិការ​សេដ្ឋ​កិ​ច្ចេ​ពិភពលោក ហើយ​សង្ឃឹមថា កម្ពុជា​នឹង​ទាក់ទាញ​វិនិយោគទុន និង​ទេសចរ​ណ៌​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ជា​មិន​ខាន ។

តាម​គម្រោង សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​គណៈប្រតិភូ​អមដំណើរ​នឹង​វិល​និវត្តន៍​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៤ មិថុនា​ចុង​ស​ប្តា​ហ៍​នេះ ៕