សិស្ស​ស្រី​អនុ​វិទ្យាល័យ​2​នាក់ បាត់​ខ្លួន​ព្រម​គ្នា​មិនដឹង​ទៅ​ណា​មេបា​តាម​រក

សិស្ស​ស្រី​អនុ​វិទ្យាល័យ​2​នាក់ បាត់​ខ្លួន​ព្រម​គ្នា​មិនដឹង​ទៅ​ណា​មេបា​តាម​រក



ខេត្ដបន្ទាយមានជ័យ ៖ ស្ថិត​ក្នុង​ទឹកមុខ​ស្លេកស្លាំង ប្តី​ប្រពន្ធ​២​គ្រួសារ​មាន​គ្នា​៤​នាក់​មក​ពី​ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បាន​ស្កាត់​តាម​រក​កូនស្រី​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​១ មិថុនា បន្ទាប់​ពី​កូន​របស់​ពួក​គាត់​ទៅ​រៀនហើយ​មិនឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ។ ការ​ស្រូត​ដំណើរ​មក​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ ព្រោះតែ​បារម្ភ​ពី​សុវត្ថិភាព​របស់​កូន​ខ្លាច​ចាញ់បោក​គេ​នាំ​ចេញ​ទៅ​ ក្រៅប្រទេស​នឹង​ត្រូវ​ប្រឈម​ហានិភ័យ​ច្រើន ។

គ្រួសារ​ដែល​កំពុង​ តាម​រក​កូនស្រី​ខាងលើ​គ្រួសារ​ទី​១ ប្តី​ឈ្មោះ គង់ ផា​ន់​ដា​រ៉ា អាយុ​៤៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឈ​ន វ​ណ្ណា អាយុ​៣៣​ឆ្នាំ ដោយ​គ្រួសារ​មួយ​នេះ​បាត់​កូនស្រី​ឈ្មោះ គង់ ម៉ា​និ​ត អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៩​នៃ​អនុ​វិទ្យាល័យ​មោងឫស្សី ។ មួយ​គ្រួសារ​ទៀត​ប្តី​ឈ្មោះ រ៉ឹង អាយុ​៤៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហែ​ន សា​វឿ​ន អាយុ​៤៥ ឆ្នាំ បាត់​កូនស្រី​ឈ្មោះ រ៉ឹង គឹ​ម​ឡា​ង អាយុ​១៦​ឆ្នាំ រៀន​នៅ​អនុ​វិទ្យាល័យ​មោងឫស្សី​ដូច​គ្នា និង​ត្រូវជា​មិត្តភក្ដិ​នឹង​គ្នា​ផង​ដែរ ។ ទាំង​២​គ្រួសារ​នេះ​ជា​អ្នក​រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា​គឺ​ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

តាម​សម្តី​ស្ត្រី​ជា​ម្តាយ​ ក្មេង​ស្រី​ឈ្មោះ គង់ ម៉ា​និ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កូន​របស់​គាត់​និង​ក្មេង​ស្រី​ឈ្មោះ រ៉ឹង គឹ​ម​ឡា​ង បាន​បាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ឧសភា ខណៈ​ពួក​គេ​ទៅ​រៀន ហើយ​មិនឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ។ ស្ត្រី​ខាងលើ​បន្ត​ថា ការ​បាត់​កូន​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នេះ គាត់​ដឹង​តាម​រយៈ​អ្នកយាម​កង់​-​ម៉ូតូ​ក្នុង​សាលា​រាយការណ៍​មក​ដោយ​ប្រាប់​ ថា កូនស្រី​គាត់​មិនដឹង​ទៅ​ណា មិនឃើញ​មក​យក​ម៉ូតូ​ជិះ​ទៅ​ផ្ទះ​ទេ ។ ពេល​នោះ​គាត់​ជា​ម្តាយ​បាន​ស្រឡាំងកាំង​ប្រញាប់​ប្រ​ញល់​ចេញរ​កកូន ស្រាប់តែ​គ្រួសារ​ស្ត្រី​ឈ្មោះ ហែ​ន សា​វឿ​ន ប្រាប់​ថា គាត់​ក៏​បាត់​កូនស្រី​ដែរ ពួក​យើង​ក៏​នាំ​គ្នា​ស្រូតរូត​ចេញដំណើរ​មក​តាម​ស្កាត់រក​កូន​រហូត​ដល់​ក្រុង ​ប៉ោយ​ប៉ែ​ត ។

ស្ត្រី​រូប​នេះ​បាន​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ខណៈ​ពួក​គាត់​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បង្ហាញ​រូបថត​សាកសួរ​ គេឯង​នៅ​តំបន់​នោះ ក៏​មាន​អ្នក​រត់​ម៉ូតូឌុប​ខ្លះ​ប្រាប់​ថា ឃើញ​ក្មេង​ស្រី​ទាំង​២​នាក់​ឈរ​រេរា​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​មិនដឹង ​ថា​ពួក​គេ​មាន​បំណង​ទៅ​ណា​ទេ ។

ដោយឡែក​ស្ត្រី​ជា​ម្តាយ​ក្មេង​ ស្រី​ឈ្មោះ រ៉ឹង គឹ​ម​ឡា​ង បាន​ប្រាប់​ថា តាម​ការ​សួរនាំ​បងប្អូន​នៅ​ឯ​ស្រុក​កំណើត​គេ​បាន​ប្រាប់​ថា ឃើញ​ក្មេង​ស្រី​ទាំង​២​នាក់​នោះ​ត្រូវ​យុវជន​ម្នាក់​នាំ​ឡើង​រថយន្ដ​ចេញ​មក​ ទិស​ខា​លិច​ធ្វើ​ឱ្យ​គ្រួសារ​ទាំង​២​កាន់តែ​មាន​ក្តី​បារម្ភ​ខ្លាច​កូនស្រី​ ចាញ់បោក​គេ​មេខ្យល់​នាំ​ទៅ​ស្រុក​គេ ។

ពួក​គាត់​ជា​ឪពុក​ម្តាយ​ បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ប្រសិនបើ​បានឃើញ​ក្មេង​ស្រី​ដែល​មាន​ភិនភាគ​ ដូច​ក្នុង​រូបថត​នេះ​សុំ​ឃាត់​ទុក​ឲ្យ​ពួក​គាត់​ផង ឬ​ផ្តល់​ព័ត៌មាន​ទៅ​ពួក​គាត់​តាម​រយៈ​លេខ​ទូរស័ព្ទ​០៩៥ ៦៦៨៨៣០ ឬ​០៨៨ ២៥៩២៩៣៥ ៕