ក្រុមអត្តពលកម្មកម្ពុជា នឹងត្រូវប្រកួតជើងឯកអាស៊ី នៅវៀតណាម ថ្ងៃនេះ

កីឡាករ កីឡាការិនីអត្តពលកម្មរបស់កម្ពុជា៥នាក់ ដែលបានធ្វើដំណើរដោយឡានក្រុង ទៅកាន់ទឹកដីប្រទេសវៀតណាម កាលពីព្រឹកថ្ងៃពុធនោះ គឺពួកគេនឹងត្រូវចាប់ផ្តើមប្រកួតប្រជែងក្នុងការប្រកួតកីឡាអត្តពលកម្មជើងឯកយុវជនអាស៊ី លើកទី១៧ ឆ្នាំ២០១៦(17th Asian Junior Athletics Championships) ពីថ្ងៃសុក្រនេះទៅ រហូតដល់ថ្ងៃអាទិត្យ។
mm2

អត្តពលិកវ័យក្មេងទាំង៥នាក់ ដែលបានធ្វើដំណើរទៅចូលរួមការប្រកួតជើងឯកអាស៊ី លើកទី១៧នេះ រួមមានកីឡាករ ទត ម៉ាលីន, សាត ឧត្តម, វង សុភារុណ, ថន សូនន់ និងកីឡាការិនី ឌួង ស្រីភាព ហើយពួកគេត្រូវចូលរួមប្រកួតជាមួយអត្តពលិកមកពីជាង៤០ប្រទេស ទៅតាមប្រភេទវិញ្ញាសារៀងៗខ្លួន។

mm1

នៅក្នុងការប្រកួតនេះ កីឡាករ ទត ម៉ាលីន នឹងប្រកួតរត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រ និង២០០ម៉ែត្រ ឯ សាត ឧត្តម លេងវិញ្ញាសារត់៤០០០ម៉ែត្រ និង៨០០ម៉ែត្រ ហើយ វង សុភារុណ នឹងប្រកួតរត់៨០០ម៉ែត្រ និង១,៥០០ម៉ែត្រ ចំណែក ថន សូនន់ លេងវិញ្ញាសា ៤០០ម៉ែត្រ ខណៈកីឡាការិនី ឌួង ស្រីភាព នឹងប្រកួតរត់លើផ្ទៃរាបចម្ងាយ១០០ម៉ែត្រ និង២០០ម៉ែត្រ។

លោក ផៃ សុខ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយមុនពេលឡើងឡានក្រុង កាលពីព្រឹកថ្ងៃពុធ ថា៖«អ្នកទាំង៥នាក់នេះ បានធ្វើការហ្វឹកហាត់ត្រៀមបាន៨០ភាគរយហើយ គឺចាប់តាំងពីចុងខែមីនា រហូតមកដល់ពេលនេះ ប៉ុន្តែពួកគេសុទ្ធតែជាអ្នកថ្មី ហេតុនេះការទទួលបានលទ្ធផលបែបណានោះ យើងមិនទាន់ហ៊ានកំណត់ទុកមុននោះទេ ព្រោះការប្រកួតនេះជាកម្រិតអាស៊ី ដែលមានប្រទេសជាងច្រើនបានចូលរូម»។

គួរបញ្ជាក់ថា សហព័ន្ធខ្មែរអត្តពកម្មស្ម័គ្រចិត្ត ធ្លាប់បានបញ្ចូនអត្តពលិករបស់ខ្លួនទៅចូលរួមការប្រកួតកីឡាអត្តពលម្មជើងឯកអាស៊ី ដែលធ្វើឡើង២ឆ្នាំម្តងនេះ បាន២ដងហើយ គឺនៅសាធារណៈរដ្ឋកូរ៉េ បញ្ចូនកីឡាករទៅម្នាក់ និងនៅប្រទេសចិន កាលពីឆ្នាំ២០១៤ បានបញ្ជូនកីឡាការិនីទៅម្នាក់ ប៉ុន្តែមិនទទួលបានលទ្ធផលល្អនោះទេ។

យ៉ាងណាក៏ដោយ លោក ហ៊ុន បូរី ប្រតិភូដឹកនាំការប្រកួត និងជាមន្រ្តីការិយាល័យរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បាននិយាយថា៖«លើកនេះសហព័ន្ធ បានបញ្ជូនទៅប្រកួតរហូតដល់៥នាក់ ព្រោះនេះផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ ក្នុងការបណ្តុះធនធាន ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ ហេតុនេះបើទោះបីជា អត្តពលិកវ័យក្មេងរបស់យើងមិនអាចដណ្តើមបានមេដាយ ក៏យើង បានផ្តល់ឱកាសឲ្យពួកគេបានដកស្រងបទពិសោធល្អៗពីការប្រកួតនេះ ដើម្បីជាទុនសម្រាប់ពួកគេពង្រឹងសមត្ថភាពបានខ្លាំងពូកែ នៅថ្ងៃអនាគត ដែរ»៕