សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោកលើក​ទី​25

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន ក្រោម​ប្រធានបទ​«​ការ​រៀបចំ​របៀបវារៈ​អាស៊ាន សម្រាប់​ប្រជាជន​ទាំងអស់ និង​ការ​រីក​ចម្រើន​» បាន​ប្រារ​ព្វ​ពិធី​បើក​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ទី​១​មិថុនា ដោយ​បានការ​អញ្ជើញ​ចូលរួម​ពី​លោក ណា​ជីប រ៉ា​ហ្សា​ក់ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​Rui Maria de Araujo នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ លោក​Jusuf Kalla អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី លោក​Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក​Phillipp Rosler សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ។

ពិធី​ដ៏​មាន​អត្ថន័យ​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​លោក លោក​ជំទាវ លោកស្រី ឥស្សរជន​នយោបាយ វាគ្មិន​សេដ្ឋកិច្ច ពី​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ជា​ច្រើន​រូប ។

នៅ​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន​បាន​បង្ហាញ​នូវ​រូបភាព​វី​ដេ​អូ ដែល​ជា​សារ​ពិសេស​របស់​លោក​សាស្ត្រាចារ្យ Kluas Schwab ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ី ។

ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន ក្រោម​ប្រធានបទ​«​ការ​រៀបចំ​របៀបវារៈ​អាស៊ាន សម្រាប់​ប្រជាជន​ទាំងអស់ និង​ការ​រីក​ចម្រើន​» លោក​ណា​ជីប រ៉ា​ហ្សា​ក់ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី មាន​ប្រសាសន៍​ថា លើ​បញ្ហា​ប្រឈម​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក អាស៊ាន​ត្រូវ​តែ​ពង្រឹង​នូវ​ភាព​ជា​ដៃគូ​ផ្ទៃក្នុង​ដ៏​រឹង​មាំ ដើម្បី​ឈាន​ទៅ​កាន់ការ​ប្រឈម​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ក្នុង​នោះ​ត្រូវ​រួម​គ្នា​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​ការ​ពង្រឹង​ស្ថាប័ន​របស់​ខ្លួន ពិសេស​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ដល់​ធុរជន ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កំណើន​ចីរភាព​សេដ្ឋកិច្ច ។ នៅ​ក្នុង​កិច្ច​ពិភាក្សា​របស់​យើង​នៅ​ក្នុង​រយៈពេល​២​ថ្ងៃ​ទៅ​មុខ យើង​នឹង​រក​ឃើញ​នូវ​ចំណុច ល្អ​ៗ ក្នុង​ការ​លើកកម្ពស់​កំណើន និង​ការ​ធ្វើ​ឲ្យ​មានគុណ​ភាព​នៃ​អនុ​ផល​។ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​បរិបទ​មួយ​ដែល​អាស៊ាន​បាន​ប្រែក្លាយ​ខ្លួន​ទៅ​ជា​សហគមន៍​អាស៊ាន ជា​ផ្លូវការ​កាលពី​ចុងឆ្នាំ​២០១៥ ។ សហគមន៍​ដែល​មាន​ប្រជាជន​រួម​គ្នា​ប្រមាណ​៦៣០​លាន​នាក់ និង​ជាទី​ផ្សារ​ដ៏​សំខាន់​បំផុត​មួយ​របស់​ពិភពលោក តំបន់​អាស៊ាន​បាន និង​កំពុង​រីក​លូតលាស់ ធ្វើ​នគរូបនីយកម្ម និង​ឱបក្រសោប​យក​បច្ចេកវិទ្យា​ថ្មី​ៗ ។

លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា តំបន់​អាស៊ាន​កំពុង​តែ​ផ្តោត​ទៅ​លើ​និម្មាបនកម្ម​សេដ្ឋកិច្ច​តំបន់​ថ្មី​មួយ ខណៈ​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេង​ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ បាន​លេច​ជា​រូបរាង​ឡើង ។ ទន្ទឹម​នេះ​លោក​បាន​សម្តែង​ការ​ព្រួយបារម្ភ​របស់​អាស៊ាន ដែល​នឹង​ត្រូវ ប្រឈម​បញ្ហា​សំខាន់​ៗ ដូច​ជា ការ​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច​ពិភពលោក និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​សមាហរណកម្ម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាដើម ។

លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី បាន​ផ្តល់​នូវ​ចំណុច​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​រួម​គ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​របស់​តំបន់ និង​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​មួយ​ចំនួន​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​សម្រេច​បាន​ក្នុង​រយៈពេល​កន្លង​មក ។ នៅ​ក្នុង​សុន្ទរកថា​គន្លឹះ​នោះ លោកនាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​វ័យក្មេង ដើម្បី​ឲ្យ​អាស៊ាន​មានការ​រីក​ចម្រើន​ឲ្យ​បាន​៥% សម្រាប់​បណ្តា​ឆ្នាំ​ខាង​មុខ ។

លោក​Phillipp Rosler សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​ធ្វើ​បទ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន ក្នុង​ការ​គោរព​អញ្ជើញសម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ថ្លែង​ពី​បទ​ពិសោធន៍​នៃ​កំណើន​របស់​កម្ពុជា ដែល​រូប​លោក​បាន​កាត់​សំគាល់​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ ដែល​មាន​អា​ត្រា​កំណើន​៧% ។ សំណូម​របស់​លោក​ថា តើ​អនាគត​ដ៏​ខ្លី​ខាង​មុខ​ក្នុង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​នៅ​កម្ពុជា សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ចក្ខុវិស័យ​យ៉ាងណា ។

បន្ទាប់​មក​លោក​Rui Maria de Arjo នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ លោក Jusuf Kalla អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី លោក​Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រី​វៀតណាម បាន​ធ្វើ​បទ​អន្តរាគមន៍​ស្តី​ពី​ការ​ចូលរួម​ចំណែក​របស់​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ប្រទេស​វៀតណាម ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណើនសេដ្ឋកិច្ច ការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ដែល​ទាក់ទិន​ទៅ​នឹង​ប្រធានបទ ការ​រៀបចំ​របៀបវារៈ​អាស៊ាន សម្រាប់​ប្រជាជន​ទាំងអស់ និង​ការ​រីក​ចម្រើន ដែល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន​បាន​លើក​ឡើង ។

បន្ទាប់​ពី​បាន​បញ្ចប់​នូវ​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន ក្រោម​ប្រធានបទ ការ​រៀបចំ​របៀបវារៈ​អាស៊ាន សម្រាប់​ប្រជាជន​ទាំងអស់ និង​ការ​រីក​ចម្រើន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ លោក Phillipp Rosler សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​។

លោក Phillipp Rosler មាន​ប្រសាសន៍​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ។ លោក​ប្រធាន​មាន​ប្រសាសន៍​ថា វត្តមាន​របស់​សម្តេច​នឹង​ធ្វើ​ឲ្យ​វេទ​កា​ដ៏​មាន​សារសំខាន់​បំផុត​នោះ​កាន់តែ​ទទួល​បាន​ជោគជ័យ​ខ្ពស់​ថែម​ទៀត ។

ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ចាត់​ទុក​ថា​វេទិកា​នេះ​គឺ​ពិតជា​មាន​សារសំខាន់​ខ្លាំង ក្នុង​ការ​ចូលរួម​ផ្តល់​នូវ​មតិ​មួយ​ចំនួន​របស់​បណ្តា​មេដឹកនាំ​ពិភពលោក រួម​គ្នា​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ជា​សាកល​ដែល​យើង​កំពុង​មានការ​យកចិត្តទុកដាក់​ដូច​គ្នា ។ កម្ពុជា​សូម​ស្វាគមន៍​ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៦ នៅ​ឆ្នាំ​២០១៧​ខាង​មុខ ៕     

ដកស្រង់​អត្ថបទ ទ​ទក