ចាប់ខ្លួន​ឪពុកចុង​ចិត្ត​តិរច្ឆាន​បញ្ជូន​ទៅ​តុលាការ

ខេត្តកំពង់ចាម ៖ បុរស​ជា​ឪ​ពុង​ចុង​ចិត្ត​តិរច្ឆាន​ម្នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​ការ​វិនិច្ឆ័យ​បន្ត​ទៀត​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​យក​ម្រាមដៃ​លូក​ចូល​ក្នុង​ប្រដាប់​ភេទ​កូនស្រី​ចុង​អាយុ​៩​ឆ្នាំ​កាលពី​ល្ងាច​ថ្ងៃ​២៧ ខែឧសភា ឆ្នាំ​២០១៦ ។

យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ទោ អ៊ិ​ត ដា​រ៉ា អធិការ​នគរបាល​ស្រុក​ចំការលើ​ឲ្យ​ដឹង​ថា ឈ្មោះ ហួត រឹម ហៅ មាន រឹម អាយុ​៥៤​ឆ្នាំ រស់​ភូមិ​ទួល​ក្រ​វណ្ណ ឃុំ​ចំការអណ្តូង​ស្រុក​ចំការលើ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១២​​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ចុង​អាយុ​៩​ឆ្នាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា វេលា​ម៉ោង​ប្រហែល​៤​រសៀល ខ្លួន​បាន​ទៅ​អូសសម្រាស់​នៅ​ខាងក្រោយ​ផ្ទះ ដើម្បី​យក​មក​ធ្វើ​ទ្រើង​ននោង រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច បាន​ដើរទៅ​ធ្វើ​ទ្រើង​ននោង តែ​ក្នុង​ពេល​នោះ​មិន​បានឃើញ​ប្រពន្ធ​ទេ ឃើញ​តែ​កូនចុង​កំពុង​តែ​ស្រាតខោ​ងូតទឹក​នៅ​ខាង​ក្រោម​ផ្ទះ ហើយ​បាន​ស្រែកហៅ​កូន​ឲ្យ​យក​ទូរស័ព្ទ​ទៅ​ប​ញ្ជូ​ល​ភ្លើង​លើ​ផ្ទះ រួច​មានឱកាស​ក៏​បាន​ចាប់​កូន​ផ្តួល​ហើយ​បាន​យក​ម្រាមដៃ​លូក​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ ជា​ហេតុ​ធ្វើ​ឲ្យ​កូនស្រី​ចុង​ឈឺ​ពេក​ក៏​ស្រែកយំ ធ្វើ​ឲ្យ​ម្តាយ​នៅ​ខាងក្រោម​ផ្ទះ​ឮ​ដឹង​ពី​រឿងហេតុ​នេះ ហើយ​បាន​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ។

ដោយ​មានការ​ឯកភាព​ពី​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត បុរស​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត លុះ​មក​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៦ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ខាងលើ​ចេញ​ដីកាឃុំខ្លួន និង​បាន​យក​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះអាសន្ន ៕