នគរបាល​ព្រំដែន​​​ខេត្ត​​​ស្វាយ​​​រៀង​​​រារាំង​​​មិន​​​ឲ្យ​​​​មាន​​​ការ​​​ត្រួត​ពិនិត្យ​ឈើ

កាលពីម្សិលមិញ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងបានលើកឡើងថា សន្តិសុខព្រំដែនបានរារាំងពួកគេមិនឲ្យរឹបអូស និងត្រួតពិនិត្យរថយន្ត៣គ្រឿងដែលសង្ស័យថាដឹកឈើប្រណីតចូលប្រទេសវៀតណាមឡើយ ដោយធ្វើសញ្ញាបើកផ្លូវឲ្យក្បួនរថយន្តទាំងនេះបន្តដំណើរ ទោះជាមានការជំទាស់ពីពួកគេក៏ដោយ។ លោក គល់ សុវណ្ណ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងបានមានប្រសាសន៍ថា មន្ត្រីរបស់លោកពីររូបបាន ឃើញរថយន្តទាំងនេះបើកជាជួរនៅច្រកព្រំដែនបុសមនកាលពីថ្ងៃអង្គារ ហើយបានសុំឲ្យអ្នកបើកបរបើកត្រឡប់មកចតនៅការិយាល័យរបស់ពួក គេដោយគិតថា រថយន្តទាំងេនះប្រហែលជាលាក់ឈើប្រណីតនៅពីក្រោមឈើអាកាស្យាដែលរថយន្តទាំងនេះបានដឹកមិនខាន។ លោក គល់ សុវណ្ណ បានមានប្រសាសន៍ថា “អ្នកបើកបរមិនព្រមបើកត្រឡប់ក្រោយទេ ហើយមន្ត្រីនគរបាលព្រំដែនម្នាក់បានបើកច្រកទ្វារឲ្យរថយន្តទាំងនេះបើកចូលប្រទេសវៀតណាម”។ លោកបានបន្ថែមថា អ្នកបើកបររថយន្តទាំងនេះក៏មិនព្រមបង្ហាញអាជ្ញាប័ណ្ណសម្រាប់ទំនិញរបស់ពួកគេផងដែរ។ លោកបានមានប្រសាសន៍ទៀតថា “រថយន្តទាំងនេះដឹកឈើអាកាស្យាដោយខុសច្បាប់ពីព្រោះពួកគេមិនមានអាជ្ញាប័ណ្ណសម្រាប់នាំចេញឡើយ”។ លោក គល់ សុវណ្ណ បានថ្លែងថា ដោយមិនអាចសម្របសម្រួលជាមួួយនគរបាលព្រំដែនបាន រដ្ឋបាលព្រៃឈើបានសុំជំនួយពីលោក ផាន់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ លោក ផាន់ រតនា បានមានប្រសាសន៍ថារថយន្តទាំងនេះបើកបានចម្ងាយប្រហែល៣០០មែ៉ត្រកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅពេលលោកមកដល់ជាមួយមន្ត្រីកងរាជអាវុធហត្ថប្រហែល១០នាក់ ហើយថា លោកត្រូវបាននគរបាលវៀតណាមឲ្យត្រឡប់មកវិញនៅពេលលោកព្យាយាមបើកតាមអ្នកបើកបរទាំងនេះ។ លោកបានថ្លែងថា “ខ្ញុំបានបញ្ជាឲ្យអ្នកបើកបរត្រឡប់ចូលដីខ្មែរវិញដើម្បីធ្វើការត្រួតពិនិត្យទំនិញ ប៉ុន្តែ ភ្លាមៗនោះមន្ត្រីនគរបាលវៀតណាម៤នាក់បានមកដល់ ហើយបានរុញច្រានកម្លាំងរបស់យើងចេញពីប្រទេសវៀតណាម”។ លោកបានបន្ថែមថា “ខ្ញុំបានសុំឲ្យនគរបាលព្រំដែនខ្មែរទាក់ទងនគរបាលវៀតណាមដើម្បីឃាត់រថយន្តទាំងនេះ ពីព្រោះបទល្មើសកើតឡើងក្នុងទឹកដីខ្មែរ ប៉ុន្តែ នគរបាលព្រំដែនមិនបានសហការជាមួយយើងទេ”។ ទោះជាយ៉ាងណា ព្រះរាជអាជ្ញារងរូបនេះបានមានប្រសាសន៍ ថា តុលាការនឹងមិនសើុបអង្កេតអាជ្ញាធរព្រំដែនឡើយ។ លោកបានថ្លែងថា “ឥឡូវនេះយើងកំពុងសើុបអង្កេតដើម្បីស្វែងរករថយន្តទាំងនោះហើយយើងនឹងឃាត់រថយន្តទាំងនេះនៅពេលត្រឡប់មកពីប្រទេសវៀតណាមវិញពីព្រោះយើងស្គាល់ស្លាកលេខរថយន្តទាំងនេះហើយ”។ក្រុមមន្ត្រីព្រំដែនមិនអាចទាក់ទងសុំ អត្ថាធិប្បាយបានទេ។ រដ្ឋាភិបាលបានចេញបម្រាមមិនឲ្យនាំឈើចេញពីបណ្តាខេត្តភាគបូពា៌ប្រទេសកម្ពុជាទៅប្រទេសវៀតណាមដោយមិនកំណត់ពេលកាលពីខែមករា ជាការទទួលស្គាល់ច្បាស់ក្រឡែតថា ចរាចរឈើភាគច្រើន គឺខុសច្បាប់។ ទោះជាយ៉ាងណា បើតាមទិន្នន័យគយវៀតណាមដែលទទួលបានដោយអង្គការ Forest Trends ជាអង្គការបរិស្ថានអាមេរិកបង្ហាញថា ឈើរាប់ពាន់ម៉ែត្រគូបបានបន្តដឹកឆ្លងកាត់ព្រំដែនរៀងរាល់ខែ៕សារុន © 2016, ខេមបូឌា ដេលី. All rights reserved. No […]

The post នគរបាល​ព្រំដែន​​​ខេត្ត​​​ស្វាយ​​​រៀង​​​រារាំង​​​មិន​​​ឲ្យ​​​​មាន​​​ការ​​​ត្រួត​ពិនិត្យ​ឈើ appeared first on The Cambodia Daily.