អាជ្ញាធរ​បញ្ជាក់​ច្បាស់​លាស់​ពី​​មជ្ឈមណ្ឌល​​​ព្រៃស្ពឺ​​​ បន្ទាប់ពី​ការ​ព្រមាន​របស់នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អាជ្ញាធររាជធានីភ្នំពេញឲ្យកែលម្អមជ្ឈមណ្ឌលឃុំឃាំងព្រៃស្ពឺ ដែលមានកេរ្តិ៍ឈ្មោះអសោចក្នុងរាជធានី បើមិនដូច្នោះទេបិទចោលតែម្ដងទៅ អ្នកនាំពាក្យម្នាក់បាននិយាយថា ក្រុមមន្ត្រីបានសន្និដ្ឋានថា ទីកន្លែង ”ដ៏ចាំបាច់នេះ” នឹងនៅតែបើកដដែល។ អំឡុងពិធីអបអរដល់ទិវាកុមារអន្តរជាតិកាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានមានប្រសាសន៍ថា អាជ្ញាធរគួរអនុវត្តតាមការលើកឡើងរបស់អ្នករិះគន់ ហើយបិទមជ្ឈ មណ្ឌលព្រៃស្ពឺទៅ ប្រសិនបើពួកគេមិនប៉ះប៉ូវបញ្ហានៅមជ្ឈមណ្ឌលនេះ ដែលត្រូវបានញាំញីដោយការចោទប្រកាន់ថាមាន ការឃុំឃាំងតាមតែអំពើចិត្ត និងការរំលោភបំពានជនអនាថា អ្នកញៀនថ្នាំ និងស្ត្រីពេស្យាចារជាដើមនោះ។ លោក ជិន ប៊ុនធឿន អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ក្រុមមន្ត្រី រួមទាំងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានចុះទៅមជ្ឈមណ្ឌលនេះកាលពីម្សិលមិញ ហើយបានប្ដេជ្ញាបើកដំណើរការមជ្ឈមណ្ឌលនេះដដែល បន្ទាប់ពីត្រូវបានជំរុញទឹកចិត្តតាមអ្វីដែលពួកគាត់បានឃើញនេះ។ លោកបានថ្លែងថា “តួនាទីរបស់ឯកឧត្ដម បា៉ សុជាតិវង្ស និងឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា គឺត្រូវបើកដំណើរការមជ្ឈមណ្ឌលនេះដដែល មិនបិទចោលទេ ពីព្រោះមជ្ឈ មណ្ឌលនេះចាំបាច់ណាស់”។ បើទោះជាមានការរិះគន់ពីអង្គការសិទ្ធិមនុស្សក៏ដោយ ក៏អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា មជ្ឈមណ្ឌលនេះដើរតួសំខាន់ណាស់ក្នុងការជួយដល់មនុស្សមួយចំនួនក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុតក្នុងរាជធានី។ លោកបានមានប្រសាសន៍ថា ”មជ្ឈដ្ឋាន មួយចំនួនបានចោទមជ្ឈមណ្ឌលនេះថា ជាកន្លែងធ្វើទារុណកម្ម ប៉ុន្តែការពិតគឺថា មជ្ឈ មណ្ឌលនេះគឺជាកន្លែងធ្វើការងារសង្គមសម្រាប់គោលបំណងមនុស្សធម៌ ហើយយើងមិនបានបញ្ជូនមនុស្សទៅទីនោះដើម្បីធ្វើទារុណកម្មលើពួកគេទេ ពីព្រោះយើងមិនទទួលបានអ្វីឡើយក្នុងការធ្វើបាបមនុស្សទាំងនោះ”។ ទោះជាយ៉ាងណា លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា លោកនៅតែព្រួយបារម្ភអំពីមជ្ឈមណ្ឌលនេះ។ លោកបានថ្លែងថា ”យើងនៅតែបារម្ភអំពីបញ្ហាមជ្ឈមណ្ឌលព្រៃស្ពឺដដែល ពីព្រោះបញ្ហាដែលបុគ្គលិកសិទ្ធិមនុស្សបានរកឃើញនៅមជ្ឈមណ្ឌលនេះគឺកម្រមានការកែលម្អ ឬជួសជុលណាស់”។ លោកបានបន្ថែមថា “ប្រសិនបើមិនមានការកែលម្អទេ នឹងមានការរិះគន់ចំពោះរដ្ឋាភិបាលថា មិនអាចកែលម្អអ្វីឡើយ”៕ សារុន […]

The post អាជ្ញាធរ​បញ្ជាក់​ច្បាស់​លាស់​ពី​​មជ្ឈមណ្ឌល​​​ព្រៃស្ពឺ​​​ បន្ទាប់ពី​ការ​ព្រមាន​របស់នាយក​រដ្ឋមន្ត្រី ហ៊ុន សែន appeared first on The Cambodia Daily.