ក្រមសីលធម៌​ចៅក្រម​ជា​ការ​ធានា​ពី​ប្រសិទ្ធភាព​ការងារ ប្រកបដោយ​សេចក្តី​ថ្លៃថ្នូ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា

ក្រមសីលធម៌​ចៅក្រម​ជា​ការ​ធានា​ពី​ប្រសិទ្ធភាព​ការងារ ប្រកបដោយ​សេចក្តី​ថ្លៃថ្នូ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា



 

សៀមរាប​ ៖ ​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​លោក​អ៊ិត រ៉ា​ឌី​ បាន​លើក​ឡើង​ថា ក្រមសីលធម៌​ចៅក្រម​ បាន​ជួយ​ពង្រឹង​នូវ​សេចក្ដី​ថ្លៃថ្នូរ​របស់​ចៅក្រម ព្រះរាជអាជ្ញា​ក្នុង​ការ​បំពេញ​មុខងារ​វិជ្ជាជីវៈ​របស់​ខ្លួន ក៏ដូចជា​ការ​ផ្តល់​ទំនុក​ចិត្ត​ពី​សាធារណជន​ផង​ដែរ។

លោក​អ៊ិត ​រ៉ា​ឌី ​បាន​លើក​ឡើង​បែបនេះ នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ក្រមសីលធម៌​ចៅក្រម នា​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​មិថុនា នៅ​ក្រុង​សៀមរាប។

លោក​អ៊ិត ​រ៉ា​ឌី ​បាន​មានប្រសាសន៍ថា​ ចៅក្រម ព្រះរាជអាជ្ញា​ជា​មនុស្ស​ ដែល​មាន​ជំនាញ​វិជ្ជាជីវៈ មានចំណេះ​វិជ្ជា​ជ្រៅជ្រះ​ខាង​ច្បាប់​តុលាការ ​ខាង​សង្គមសាស្ត្រ ​មនុស្ស​សាស្ត្រ​ និង​ចិត្តសាស្ត្រ ជាពិសេស​ជា​បុគ្គល​គំរូ​ក្នុង​សង្គម។

លោក​បន្ត​ថា នៅ​ក្នុង​មុខងារ​ចៅក្រម​ត្រូវ​ដំណើរ​ចាត់ការ​រឿង​ក្តី ចេញ​សេចក្តី​សម្រេច ឬ​វិនិច្ឆ័យ​សេចក្តី​ប្រកបដោយ​យុត្តិធម៌​ត្រឹមត្រូវ​តាមច្បាប់ ប្រកាន់​នូវ​ឥរិយាបថ​ម៉ឺងម៉ាត់ ហ្មត់ចត់ សុចរិត ស្មោះត្រង់ តាម​គោល​ការណ៍​សមភាព ​អព្យាក្រឹត្យ និង​មិន​រើសអើង។ ដោយឡែក​នៅ​ក្នុង​ជីវភាព​រស់នៅ​ឯកជន ចៅក្រម​មិន​ត្រូវ​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយ​ណា​ដែល​មិន​គប្បី ពុំ​សមរម្យ​រំលោភច្បាប់​សីលធម៌​សង្គម ជាហេតុ​នាំ​ឲ្យ​អាប់ឱន​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ ​របស់​ខ្លួន​ផ្ទាល់​ក៏ដូចជា​អង្គចៅក្រម​ទាំងមូល​ដែរ។

សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​រូប​នេះ​ លើកឡើង​បន្ត​ថា បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ក៏​គេ​សង្កេត​ឃើញ​ថា ក្នុង​ការ​អនុវត្ត​កន្លងមក​មាន​ចៅក្រម ព្រះរាជអាជ្ញា​មួយ​ចំនួន​មានការ​ធ្វេសប្រហែស​ក្នុង​វិជ្ជាជីវៈ បំភ្លេច​ចោល​នូវ​ក្រមសីលធម៌​ ដែល​ជា​ជំនួយ​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ក្រម​ខណ្ឌ​វិជ្ជាជីវៈ។

លោក​បន្ត​ថា ករណី​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេវា​យុត្តិធម៌ បង្កើត​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​ដល់​ដំណើរការ​នីតិវិធី​រឿងក្តី ប៉ះពាល់​ដល់​សិទ្ធិ​ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។

ជា​មួយ​គ្នានេះ​ចៅក្រម ព្រះរាជអាជ្ញា​មួយ​ចំនួន​មិនបាន​គោរព​ពេលវេលា​នៃ​ការ​បំពេញ​ការងារ​អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត មក​បំពេញការងារ​មិន​ទៀងទាត់ មិន​គោរព​វេន​ប្រចាំការ​ជាដើម។ល។

ដោយសារតែ​បញ្ហា​បែបនេះ ទើប​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បង្កើត​ឲ្យ​មាន​សិក្ខាសាលា​នេះ​ឡើង​ដើម្បី​ជា​ការ​ដាស់តឿន ក្រើនរំលឹក​ដល់​ចៅក្រម​ព្រះរាជអាជ្ញា​ទាំងអស់ ដែល​កំពុង​បំពេញការងារ​ឲ្យ​ខិតខំ​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​សាធារណជន ក៏ដូចជា​បង្កើន​នូវ​ភាព​ជឿ​ជាក់​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ និង​ការទទួលខុសត្រូវ​ខ្ពស់៕

ក្រមសីលធម៌​ចៅក្រម​ជា​ការ​ធានា​ពី​ប្រសិទ្ធភាព​ការងារ ប្រកបដោយ​សេចក្តី​ថ្លៃថ្នូ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ក្រមសីលធម៌​ចៅក្រម​ជា​ការ​ធានា​ពី​ប្រសិទ្ធភាព​ការងារ ប្រកបដោយ​សេចក្តី​ថ្លៃថ្នូ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា