ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ហៅ​សមត្ថកិច្ច​ឲ្យ​ទៅ​យក គេ​ទារ​២០០​ដុល្លារ​

ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ហៅ​សមត្ថកិច្ច​ឲ្យ​ទៅ​យក គេ​ទារ​២០០​ដុល្លារ​



​កោះកុង ៖ គ្រាប់​បេ​មិនទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់ ត្រូវ​បាន​កម្មករ​សំណង់​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១​២​ថ្ងៃត្រង់​នា​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ នៅ​ចំណុច​ជិត​រង្វង់​មូល​យាយ​រែក​កញ្ជើ ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ខណៈ​ដែល​ក្រុម​កម្មករ​កំពុង​ជីកដី ​ដើម្បី​បុក​គ្រឹះ​សាងសង់​ផ្ទះ​។​

​លោក ហ៊ី​ន សៀន ដែល​ជា​ម្ចាស់ផ្ទះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោយពី​ប្រទះឃើញ​គ្រាប់​បេ​មិនទាន់​ផ្ទុះ​ខា​ង​លើ និង​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ លោក​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​យក​គ្រាប់​បេ​ទាំងនោះ​ទៅ​រក្សាទុក ​ឬ​កម្ទេច​ចោល។​

​ប៉ុន្តែ​ក្រោយ​ការ​ចុះ​មក​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​រួចហើយ ក៏​មាន​ទាហាន​ម្នាក់ មក​ទារ​លុយ​ពី​គាត់​ចំនួន​២០០​ដុល្លារ ទើប​យក​គ្រាប់​បេ​ទាំងនោះ​ចេញពី​ដី​របស់​គាត់។​

​ជុំវិញ​ករណីនេះ លោក សុខ សុ​វ៉ា​ត់​ទំ មេបញ្ជាការ​សឹក​រង​ខេត្តកោះកុង​បាន​ថ្លែង​ថា រឿង​នេះ​មិន​ពាក់​ព័ន្ធ​នឹង​ខាង​លោក​ទេ ព្រោះ​ក្នុងស្រុក​វា​ជា​រឿង​របស់​សមត្ថកិច្ច​ប៉ូលិស និង​អាវុធហត្ថ ម្យ៉ាង​ពេលនេះ​លោក​មិនបាន​នៅក្នុង​ប្រទេស​នោះ​ទេ ដោយ​លោក​ជាប់រវល់​នៅ​ក្រៅ​ប្រទេស​។​

​ចំណែកឯ​ លោក រៀល ចាន់​តារា អធិការ​ក្រុង​ខេមរភូមិន្ទ បាន​ថ្លែង​កាលពី​ល្ងាច​មិញ​ថា លោក​បាន​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​យក​គ្រាប់​នោះ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ហើយ ហើយ​លោក​ក៏បាន​រាយការណ៍​ទៅ​លោកស្នងការ​ខេត្ត​ដែរ​៕

ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ហៅ​សមត្ថកិច្ច​ឲ្យ​ទៅ​យក គេ​ទារ​២០០​ដុល្លារ​